Monthly Archives: ខែធ្នូ 2010

ជាតិនិយមជាអ្វី?

ខ្ញុំមិនដឹងថាជាតិនិយមជាអ្វីអោយច្បាស់ទេ ពីព្រោះខ្ញុំមិនដែលសិក្សាពាក្យ
ជាតិនិយមនេះហើយមិនដែលចូលបំរើការអោយគណៈបក្សនយោបាយ ខ្មែរ
ណាមួយឡើយ។មិនតែប៉ុណ្ណោះ ខ្ញុំថែមទំាងបានរត់ចោលស្រុកកំណើត ជាតិខ្មែរ
ជាទីស្រលាញ់ពេញបេះដូងរបស់ខ្លួនឯង មករស់នៅស្រុកគេកំសត់ ក្នុងចិត្ត
ជាទីបំផុត ។ពេលណានឹកមកស្រុកខ្មែរយើងម្ដងៗ ដូចជាស្រងេះស្រងោច
ចិត្តណាស់ ហើយនឹកថាមិនគួរចាកចេញពីមាតុភូមិជាទីស្រលាញ់មករស់នៅ
ស្រុក គេកណ្ដោចកណ្ដែងយ៉ាងនេះសោះ។ម្យ៉ាងទៀត ខ្ញុំក៏មិនដែលមានគុណ
បំណាច់អ្វីបន្តិចចំពោះជាតិខ្មែរយើងដែរ ពីព្រោះខ្ញុំមិនដែលបានធ្វើការបំរើជាតិ
ម្ដងណាទេ។ដូច្នេះ តើខ្ញុំ ដែលជាខ្មែរដែរនេះ មានជាតិនិយមក្នុងខ្លួនដែរឬទេ?
តើអ្វីទៅជាជាតិនិយម? ខាងក្រោមនេះជាគំនិតខ្លះៗរបស់ខ្ញុំអំពីជាតិនិយម៖
-ខ្ញុំកើតជាខ្មែរ ខ្ញុំត្រូវតែស្រលាញ់់ខ្មែរ។អ្វីៗជាខ្មែរគឺជនជាតិខ្មែរ ប្រទេសខ្មែរ
ប្រពៃណីទំនៀមទំលាប់ខ្មែរ វប្បធម៌ខ្មែរ អក្សរសាស្រ្តខ្មែរ ភាសាខ្មែរ អរីយធម៌ខ្មែរ។ល។
-ខ្ញុំកើតជាខ្មែរ ខ្ញុំត្រូវតែមានមោទនភាពជាខ្មែរ ។មោទនភាពជាខ្មែរមិនមែន
មាន ន័យថាខ្ញុំមានអំណួតជាជាតិខ្មែរទេ មិនមែនមានន័យថាខ្ញុំចេះតែ ឬ ត្រូវតែ
សរសើរពីវប្បធម៌ អរីយធម៌ប្រពៃណី ទំនៀមទំលាប់ខ្ញុំខ្មែរទេ ប៉ុន្តែខ្ញុំត្រូវតែ
ស្រលាញ់វប្បធម៌ អរីយធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរ។ការស្រលាញ់នេះ
ហើយដែលនំាអោយខ្ញុំមានមោទនភាពជាខ្មែរ។

-មានតែខ្មែរទេទើបអាចជួយខ្មែរបាន នេះបានន័យថា ខ្មែរត្រូវតែស្រលាញ់និងជួយគ្នា។
-ខ្ញុំកើតជាខ្មែរគួររស់នៅស្រុកខ្មែរ បំរើជាតិខ្មែរ ។
-ទោះជារស់នៅស្រុកគេ ក៏ខ្ញុំដែលជាខ្មែរ ត្រូវតែមិនបំភ្លេចជាតិកំណើត ខ្មែរ
របស់ខ្លួន ដូចជានៅតែចេះនិយាយនិងសរសេរភាសាខ្មែរ កាន់ទំនៀមទំលាប់
ប្រពៃណីខ្មែរ ។កូនរបស់ខ្ញុំ ខ្ញុំត្រូវអោយកូនខ្ញុំរៀនចេះនិយាយ ឬអាន និងសរសេរ
ភាសាខ្មែរយើង ហើយកាលណាចេះនិយាយ, អានឬសរសេរភាសាខ្លួនឯង
ទើបអាច ចេះស្រលាញ់ជាតិខ្មែរខ្លួនឯងបានប្រសើរ។
-ជាតិនិយម គឺស្រលាញ់ជាតិសាសន៏ខ្លួនឯង ដោយមិនត្រូវតែស្អប់ជាតិ
សាសន៏ដទៃ ឬមើលងាយជាតិដទៃឡើយ ប៉ុន្តែជនជាតិដទៃក៏មិនត្រូវស្អប់,
មើលងាយ ធ្វើបាប លួចទ្រព្យសម្បត្តិ លួចទឹកដីខ្មែរឡើយ ។
-ជនជាតិជិតខាង មិនអាចទទួលការស្រលាញ់ពីខ្មែរបានឡើយ ប្រសិនជាធ្វើ
បាបខ្មែរ លួចទ្រព្យសម្បត្តិខ្មែរ និងទឹកដីខ្មែរ។
-ជាតិនិយមមិនមែន ជាការឈ្លានពានទឹកដីរបស់ប្រទេសឆ្ងាយជិត។
ជាតិនិយមដែលមានន័យថាស្រលាញ់ជាតិរបស់ខ្លួន គឺមិនមែនត្រឹមតែ
ស្រលាញ់ ទេ គឺមានគំនិតចេះថែរក្សាទឹកដី វប្បធម៌ អរីយធម៌ ប្រពៃណីជាតិ
ពីព្រោះជាតិនិយម គឺជាគុណសម្បត្តិពីធម្មជាតិមួយដែលមនុស្សជាតិសាសន៏
នីមួយៗមានចំពោះ ជាតិរបស់ខ្លួន។
-ជាតិនិយមមិនមែនកើតមានឡើងក្នុងសណ្ដានចិត្តនៃជនជាតិណាមួយ
តែក្នុងពេលមានការឈ្លានពានពីប្រទេសក្រៅនោះទេ ។
ជាតិនិយមកើតមានឡើងឯងៗ ចំពោះជនជាតិណាមួយពីកំណើត
ក្នុងគ្រប់កាលៈទេសៈ។
-ស្រលាញ់ជាតិខ្មែរ គឺប្រាថ្នាសេចក្ដីសុខសប្បាយ
និងសេចក្ដីរីកចំរើនគ្រប់វិស័យ ដល់ជាតិខ្មែរ។

_ប្រទេសជាតិខ្មែរជាប្រទេសរបស់ប្រជាជនខ្មែរទាំងអស់គ្នា គឺមិនមែនជាកម្មសិទ្ធរបស់ស្ដេចឬរបស់គណបក្សកាន់អំណាចណាមួយឡើយ

_ប្រទេសខ្មែរត្រូវតែខ្មែរជាអ្នកគ្រប់គ្រង មិនមែនខ្មែរគ្រប់គ្រងតែបរទេសចាំបញ្ជាលួចលាក់ពីក្រោយឡើយ
-ជាតិនិយមផ្ដើមមានឡើងមកពីព្រោះវាជាសិទ្ធិរបស់ជាតិសាសន៏នីមួយៗ
ក្នុងការការពារទឹកដី ភាសា អក្សសាស្រ្ត ទំនៀមទំលាប់ វប្បធម៌ អរីយធម៌។
-ជាតិនិយមខ្មែរ មិនបានមានន័យថា និយមតែអ្វីជាខ្មែរ ដូចជាស្រលាញ់
តែជនជាតិខ្មែរ, ប្រទេសខ្មែរ,ម្ហូបអាហារខ្មែរ ,របស់របរប្រើប្រាស់ខ្មែរ…
នោះទេ ស្រលាញ់ជាតិខ្មែរ មិនបានន័យថាមិនស្រលាញ់ជាតិសាសន៏ដទៃ
នោះទេ។ ជាតិនិយម ពិតជាត្រូវការសន្តិភាពជាមួយប្រទេសជិតឆ្ងាយពីយើង
ដែលត្រូវការសន្តិភាពជាមួយយើងដែរ។ប៉ុន្តែជាតិនិយមប្រាប់ ថា ត្រូវការ
ទឹកដីដើម្បី ប្រជាជនរស់មានសេរីភាពនិងច្បាប់ទំលាប់ដោយមិនមានសត្រូវ
មកឈ្លានពាន ហើយមានសិទ្ធិការពារទឹកដី និង ភាសា វប្បធម៌ទំនៀមទំលាប់
របស់ខ្ឡួន។
——————————————————-
ផុសខាងលើនេះកើតចេញ មកពី គំនិតជាតិនិយមរវើរវាយរបស់ឧត្តម
ម្ចាស់តៀមកាហ្វេភូមិយើង។

កើតជាខ្មែរ ត្រូវតែស្រលាញ់់ខ្មែរ

ពណ៌ខៀវ និង ពណ៌បៃតង

ុងខ្ញុំទើបតែដឹងថាមានខ្មែរយើងមួយចំនួនប្រើពាក្យ ខៀវ ច្រលំជាមួយពាក្យ
បៃតង ជាពិសេស គឺភ្លើងចរាចរដែលមានបីពណ៌គឺ ក្រហម លឿង និងបៃតង។ប្រហែលគេមិនមែនច្រលំទេ មើលទៅ ពីព្រោះពណ៌ទំាងពីរ
នេះខុសគ្នាស្រឡះ ប៉ុន្តែ ផ្ទុយទៅវិញបែរជាថាភ្លើងស្តុបបៃតង ពណ៌ខៀវទៅវិញ។ពណ៌ខៀវ ដៅយកពណ៌ផ្ទៃមេឃប្រក្រតី គឺពណ៌ផ្ទៃមេឃធម្មតា ក្នុងពេលថ្ងៃគ្មានពពកបំាង។រីឯបៃតង
ដែលជាពាក្យកម្ចីមកពីភាសាថៃ មានន័យថាស្លឹកចេកគឺជាពណ៌ស្លឹកចេកស្រស់់តែម្ដង។ខ្ញុំមិនដឹងថាហេតុម្ដេចបានជាមានការ
ច្រលំពណ៌ទំាងពីរនេះ ។ក្នុងភាសាថៃថាสีน้ำเงิน(អានថាស៊ីណាមងឹន)ប្រែថាពណ៌ខៀវ ចំណែកពណ៌បៃតងវិញថាสีเขียว(អានថាស៊ីខៀវ)។ដូច្នេះទំនងជាខ្មែរយើងយកពណ៌ខៀវនិងបៃតងក្នុងភាសាថៃមកច្រឡំបល់ក្នុងភាសាខ្មែរក៏មិនដឹង។ជនជាតិ់់បារំាងនៅប្រទេសកាណាដាក៏មាន
ការប្រើពណ៌ទំាងពីរនេះច្រលំគ្នាដែរ ដូចជាគេនិយាយថាAlgues bleues(=ស្លែឬសារាយពណ៌ខៀវ,ឬស្លែឫសារាយខៀវ)ប៉ុន្តែដល់់ទៅ
ឃើញវាមានពណ៌បៃតងទៅវិញ។ស្លែពណ៌ខៀវនេះជាប្រភេទស្លែមានជាតិពុល
ហើយកាលណាមានស្លែបៃតងនេះក្នុងបឹងឬទន្លេណាមួយ គេមិនត្រូវយកទឹកបឹងឬទន្លេនោះមកប្រើឬ ទៅងូតទឹកនៅទីនោះទេ ។
តើមានអ្វីមួយដែលនំាអោយគេច្រលំពណ៌ទំាងពិរនេះជាមួយគ្នាបាន?
ជាចៃដន្យមួយឫដែលភាសាខ្មែរ និងភាសាបារំាងនេះប្រើពណ៌ខៀវនិង
ពណ៌បៃតងច្រឡំគ្នា។

ក្នុងករណីព័ណ៍ទាំងពីរខាងលើក៏មិនខុសពីព័ណ៌ទឹកក្រូចនិងក្រហមដែរ។ដូចគេគេថាពោតក្រហម តែតាមពិតពោតព័ណ៍ទឹក្រូចសោះ។

Boxing Day ថ្ងៃវ៉ៃបុកគ្នា

Boxing Day ជាថ្ងៃទី២៦មួយថ្ងៃក្រោយថ្ងៃបុណ្យណូអែលដែលជាថ្ងៃទី២៥ធ្នូ។
បានជាថាថ្ងៃនេះទី២៦ធ្នូជាBoxing Dayពីព្រោះថ្ងៃទី២៥មនុស្សម្នា
គេជាប់រវល់បុណ្យណូអែលគឺជួបជុំគ្នាជប់លៀង ហើយក៏ជាថ្ងៃក្មេងៗកំពុងសប្បាយចិត្តបានទទួលអំណោយពីលោកប៉ា
ណូអែល(តាមពិត ក្មេងមិនដឹង ថាប៉ាណូអែលលួច
ចូលផ្ទះតាមបំពង់់ផ្សែងឡដុតកំដៅផ្ទះទេតើ:D )។ប៉ុន្តែ ថ្ងៃទី២៥ក៏ជាថ្ងៃ ហាងលក់ទំនិញទំាងអស់បិទទ្វារដែរ ទោះជាមានអ្នកធ្វើការខ្លះៗ ក៏ដើម្បីរៀបចំអីវ៉ែអីវ៉ាន់លក់ដាក់បញ្ចុះតំលៃ ឬ តំឡើងតំលៃដើម្បីត្រៀម
លក់ដូរថ្ងៃទី២៦ធ្នូ ដែលគេនំាគ្នាថាជាថ្ងៃវ៉ៃគ្នា ឫ ជាថ្ងៃវ៉ៃបុកគ្នា ដើម្បីសំរុកចូលហាងទំនិញធំៗ ជាពិសេសគឺហាងទំនិញ Walmart
ដែលជាហាងទំនិញអាមេរិកំាង មានចំនួនប្រហែលជា២៥០ហាងនៅក្នុង
ប្រទេសកាណាដា និងក្នុងប្រទេសអាមេរិកចំនួនប្រមាណ១៨០០ហាង។
មនុស្សម្នាក្នុងថ្ងៃបុកស៊ីងដេនំាគ្នាចូលទិញអីវ៉ាន់់គ្រប់់ហាងទំនិញធំៗ មិនមែនតែក្នុងហាងទំនិញWalmartប៉ុណ្ណោះទេ ។ប៉ុន្តែ តាមការសង្កេតមើល មានតែហាងទំនិញWalmartទេដែលមានមនុស្សប្រជ្រៀតគ្នា
ចូលទិញច្រើនជាងគេ ចាប់តំាងពីម៉ោងមួយរសៀលទៅ
ដល់ល្ងាចថ្ងៃលិច។ខ្ញុំលែងទៅប្រជ្រៀតទិញអីវ៉ាន់ទៀត
ហើយ ពីព្រោះឆ្នំាមុនៗ ទិញបានគ្រប់់គ្រាន់់ហើយ ម្យ៉ាងទៀត មិនចូលចិត្តប្រជ្រៀតជាមួយមនុស្សច្រើនពេក ហើយទីធ្លាចតឡានក៏
ក៏ពេញព្រៀប មិនអាចរកកន្លែងចតឡានបានស្រួលៗនោះទេ។
ថ្ងៃនេះ ហាងទំនិញទូទៅបើកនៅម៉ោងមួយ ប៉ុន្តែមនុស្សនំាគ្នាទៅបន្ត
កន្ទុយគ្នាតំាងតែពីម៉ោង១១ឫ១២ថ្ងៃត្រង់់ខាងក្រៅហាង ក្នុងអាកាសធាតុ
ថ្ងៃនេះត្រជាក់ប្រហែល-១០ដឺក្រេសេ។ខ្ញុំដឹងថាហាងបើកបានប្រហែល
ជាមួយម៉ោងឫពីរ ទើបអាចទៅរកកន្លែងចតបានស្រួលបន្តិច។ដូច្នេះក៏
នំាកូនទៅជាមួយ ទិញរឿងបានជិតដប់់រឿង តែប៉ុណ្ណឹងឯង និងឈីប
(Chip)ហើយនិងPopcornពីរប្រអប់ទុកយកមកញុំាពេលមើលរឿង។
ថ្ងៃបុណ្យជាថ្ងៃសប្បាយ ៗ សំរាប់មនុស្សទូទៅ។ប៉ុន្តែខ្ញុំដូចជាមិន
ដឹងសប្បាយនឹងអី? ក្រៅពីជួបជុំគ្នា សួរសុខ និងទុក្ខគ្នាទៅវិញទៅមក ,
ខ្ញុំមានអារម្មណ៏ថាជីវិត មិនអាចមានសេចក្ដីសប្បាយតែម្យ៉ាង វាតែងតែមានលាយនឹងទុក្ខ សើចតែងមានលាយនឹងយំ ។ថ្ងៃបុណ្យក៏មិនមែនមានន័យថាជាថ្ងៃសប្បាយសំរាប់មនុស្សទំាងអស់ដែរ។
វាជាថ្ងៃដែលសំដែងអោយឃើញថាមនុស្សជួបសេចក្ដីសប្បាយប៉ុណ្ណា ឫ
ទុក្ខប៉ុណ្ណា?ថ្ងៃឈប់សំរាកបុណ្យ ជាថ្ងៃលេចអោយឃើញថាអ្នកណា
មានសេចក្ដីសប្បាយ អ្នកណាមានទុក្ខ អ្នកណាមានបញ្ហា អ្នកណាមានទំនាក់ទំនងល្អក្នុងគ្រួសារ ក្នុងមិត្តភាព ពីព្រោះអ្វីមួយ
មិនអាចជាដាច់ខាតមានតែផលវិជ្ជមាន គឺត្រូវតែមានផលវិជ្ជមាន។
សព្វថ្ងៃទូរទស្សន៏ ទូរស័ព្ទ អិនធើនែត …បានសាងទំនាក់ទំនងរវាង
មនុស្សនិងមនុស្សយ៉ាងច្រើននិងយ៉ាងរហ័សឬយ៉ាងមានប្រសិទ្ធិភាព
ទោះជានៅឆ្ងាយពីគ្នាយ៉ាងណានៅលើផែនដីនេះ ។ប៉ុន្តែវាបានបង្ក
អោយមានផលអវិជ្ជមានដែលមិនចាញ់លផលវិជ្ជមានរបស់នោះដែរ។ភាព
ខុសគ្នារវាងផលទំាងពីរនេះ គឺថាផលវិជ្ជមានគេមើលឃើញជាង
ផលអវិជ្ជមាន។Matière(Matière positive)វត្ថុធាតុវិជ្ជមានមើលឃើញ,ឯវត្ថុធាតុអវិជ្ជមាន(Matière négative)មើលអត់ឃើញទេ។
ថ្ងៃ Boxing Day ជាថ្ងៃដែលហាងទំនិញធំៗរកប្រាក់ចំណេញយ៉ាង
សន្ធឹកសន្ធាប់។នេះហើយជាថ្ងៃសប្បាយ ពីព្រោះមិនអាចមានការសប្បាយដោយគ្មានការចំណាយប្រាក់់នោះទេ។
ប៉ុន្តែ សេចក្ដីសប្បាយនេះ វាកើតមានបានដោយមកពីមានប្រាក់
ចំណូល គឺពីការងារ ។គ្មានការងារអោយប្រជាពលរដ្ឋធ្វើ ហាងទំនិញក៏
មិនអាចរកប្រាក់បានដែរ។ថ្ងៃបុណ្យទំាងប៉ុន្មានក្នុងមួយឆ្នំាៗ ជាថ្ងៃដែលហាងទំនិញ ពិតជាសប្បាយនឹងរកប្រាក់ចំណេញបានច្រើន
សន្ធឹកសន្ធាប់។ថ្ងៃBoxing Dayជាថ្ងៃដែលយើងសប្បាយនឹងទិញ តែហាងទំនិញសប្បាយនឹងលក់។

ហេតុអី គេចូលចិត្តគន់មើលព្រះសូរិយាអស្ដង្គត?

ល្ងាចមិញនេះ ខ្ញុំបានឆ្លៀតឱកាសពេលមេឃទើបនឹងរាំងព្រិលដែល
មានធាតុអាកាសមិនសូវត្រជាក់ ទៅលេងវាលរត់់រំអិលលើទឹកកក
ហើយឃើញព្រះសូរិយារៀបអស្ដង្គត មានពណ៌ក្រហមទុំល្អណាស់
ក៏ថតរូបយកទុកមើល។ព្រះសូរិយាក្រហមទុំហើយមូលស្អាត ប៉ុន្តែពេល
ថតរូបទៅ បែរជាឃើញពន្លឺរាងប្រតាក(បែកផ្សែង) មិនថ្លាច្បាស់ទៅវិញ។
នេះ ប្រហែល ដៃខ្ញុំកាន់ម៉ាស៊ីនថតមិននឹងទេដឹងទើបទៅជាអញ្ចឹង?។

និយាយពីទិដ្ឋភាពថ្ងៃលិច មិនដឹងជាយ៉ាងម៉េចទេ មនុស្សជាច្រើន
ចូលចិត្តគន់មើលព្រះអាទិត្យរៀបលិច ជាងព្រះអាទិត្យរៀបរះណាស់។តាមពិត
ដូចតែគ្នាហ្នឹង គ្មានអីខុសប្លែកពីគ្នាណ៎? 😀 ប្រហែលជាពេលព្រឹក មនុស្សម្នា
ទំាងឡាយមិនទាន់មានឱកាសចេញទៅគន់មើលព្រះអាទិត្យហើយ ពីព្រោះ
គេកំពុងតែនិទ្រាលង់លក់ស្រួល មិនអាចមានពេលចេញទៅ
គន់់មើលសំរស់ព្រះអាទិត្យកំពុងរៀបរះបាននាពេលព្រឹក។ជាពិសេស ពួកទេសចរ
ដែលដើរលេងកំសាន្តទីណាមួយ បានត្រឹមតែអាចមើលឃើញព្រះអាទិត្យលិច
ដូចជានៅឯឆ្នេរសមុទ្រ ឬ លើកំពូលភ្នំជាដើម ប៉ុន្តែកំរអាចឆ្លៀតឱកាសងើបទំាងព្រលឹមចេញទៅគន់មើលព្រះអាទិត្យរៀបរះ។
នៅអង្គរ ក្នុងខេត្តសៀមរាប ទេសចរទំាងឡាយចូលចិត្តឡើងទៅលើកំពូល
ភ្នំបាខែង ពេលល្ងាច ដើម្បីរង់់ចំាមើល ព្រះសូរិយាអស្ដង្គតនៅឯទិស
ខាងលិច ដោយមានអារម្មណ៏ដូចជាសប្បាយរីករាយចិត្តគ្រប់ៗគ្នា។
តើមានអ្វីល្អពិសេស ដែលនំាអោយគេមានអារម្មណ៏ដូចជារំភើប
រីករាយ ពេលបានគន់មើលព្រះសូរិយារៀបអស្ដង្គតនោះ?
ប្រហែលមានអីគួរអោយសប្បាយមែនហើយ បានជាមនុស្សផង
ទំាងឡាយចូលចិត្តគន់មើលព្រះអាទិត្យលិច នៅជើងមេឃដូច្នេះ។តាម
ការសង្កេតរបស់អ្នកនិពន្ធខ្ខ្មែរដ៏ល្បីល្បាញម្នាក់់គឺលោក នូ ហាចបាន
លើកឡើង ដូចជានៅក្នុងរឿងផ្កាស្រពោន ថា ទិសខាងលិចមានសេចក្ដី ចំរុងចំរើនជាងទិសខាងកើត ផ្ទុយពីជំនឿរបស់ខ្មែរយើងដែលថាទិសខាង
កើតផ្ដល់សេចក្ដីរីកចំរើន ឯទិសខាងលិចផ្ដល់សេចក្ដីវិនាស។នៅទិស
ខាងលិច លោកសង្កេតឃើញថាគេតែងសាងសង់សំណង់ផ្ទះល្អៗស្អាតៗ ហើយ
មានមនុស្សរស់នៅកុះករ មានការលក់ដូរទំាងថ្ងៃយប់  ក្នុងពន្លឺអគ្គសនី
ភ្លឺចិញ្ចាំងចិញ្ចាចល្អប្រណិត ។ មើលតែភ្នំពេញយើងទៅដឹងហើយ គឺស្ថិតនៅត្រើយខាងលិចនៃទន្លេចតុមុខ ។ចំណែកលើលោកនេះ ទីក្រុងនានាក្នុងលោកក៏ភាគច្រើន
រីកដុះដាលជាងទិសខាងកើតដែរ។សូម្បីលើពិភពលោកយើងនេះ ក៏ទិសខាងលិច រីកចំរើនជាងទិសខាងកើតដែរ ។អញ្ចឹងហើយបានជា
បស្ចឹមប្រទេស គឺប្រទេសប៉ែកខាងលិច មានការរីកចំរើននិងខ្លំាងជាង
បូព៌ាប្រទេសប្រទេស(ទិសខាងកើត)។តើមានអ្វីអោយខុសប្លែកទិសខាងលិចពីទិសខាងកើត?
ឯណាទិសខាងកើត ?ឯណាទិសខាងលិច?ហើយឯណាទិសខាងជើង?
ឯណាទិសខាងត្បូង?តាមពិតទៅ ខាងកើតប្រទេសខ្មែរយើងមានប្រទេសយួន
មានសមុទ្រចិនភាគខាងត្បូង មានប្រទេសហ្វីលីពីន មានមហាសមុទ្រ
ប៉ាស៊ីហ្វិក មានប្រទេសកាណាដា មានប្រទេសអាមេរិក…. ៖
ប្រទេសទំាងនេះនៅទិសខាងកើតនៃប្រទេសយើង,មិនមែនស្ថិតនៅ
ទិសខាងលិចទេ 😀 ។

នេះដោយហេតុថាផែនដីយើងមានរាងមូលដូចបាល់ ទើបបានជាការកំណត់
ទិសខាងណាលិច ខាងណាកើត មិនអាចដូចជាលើផ្ទៃរាបស្មើ
គ្មានព្រំដែនឡើយ។នោះក៏ដូចជាគ្នាដែរនឹងទិសខាងជើងនិងទិសខាងត្បូង
ដែលគេសំគាល់បានម្យ៉ាងទៀតថាទិសខាងជើងគឺខាងលើឯទិសខាងត្បូងគឺ
ទិសខាងក្រោម។
ប៉ុន្តែ ក្នុងលំហអាកាស មិនមានខាងណាលើខាងណាក្រោមទេ។ដូច្នេះ
ឃើញថា ទិសទំាងបួន ឬខាងលើខាងក្រោមជាការសន្មត់តែប៉ុណ្ណោះ
បីដូចជាពេលវេលាមានឡើងដោយការសន្មត់មកពីការធ្វើចលនារបស់
ភពទំាងឡាយក្នុងលំហសាកលលោកនោះដែរ។បើមិនគួរអោយជឿទេថា
គ្មានខាងណាខាងលើ ខាងណាខាងក្រោមនោះ យើងគ្រាន់តែសួរ
អ្នកអវកាសដែលបានហោះចាកចេញពីផែនដីទៅក្នុងលំហអាកាស ឬ
ទៅដល់់ស្ថានីយ៏អវកាសអន្តរជាតិ(ISS=Internatinal Space Station) គេនឹងឆ្លើយថាគេមិនដឹងខាងណាលើខាងក្រោមទេ ។ដូច្នេះ នៅលើផែនដី
មាន ទិសឆ្វេងស្ដាំ(ខាងលិចកើត)ឬក្រោមលើ ប៉ុន្តែពេលយើងចាកចេញ
ឆ្ងាយពីផែនដីទៅក្នុងលំហអាកាសនោះ ពាក្យឆ្វេងស្ដំា និងលើក្រោម ឈប់
មានន័យអ្វីទៀតហើយ បីដូចជាច្បាប់រូបវិទ្យារបស់Newtonឈប់មាន
ន័យសំរាប់វត្ថុធាតុដែលមានល្បឿនស្មើឬសឹងស្មើនឹងពន្លឺ។
ការសន្មត់ឬច្បាប់ផ្សេងៗរបស់់មនុស្សលោក តាក់តែងឡើងដោយ
ការចំាបាច់ តែមិនស្ថិតស្ថេរដូចច្បាប់ធម្មជាតិទេ។ឧទាហរណ៏ថា
បើមនុស្សលោកស្លាប់សឹងអស់រលីងទៅដោយសារសង្រ្គាមលោកលើក
ទីបីឬគ្រោះមហន្តរាយធម្មជាតិប្រល័យលោក ហើយពេលក្រោយមកមាន
ការកកើតមានមនុស្សច្រើនឡើងវិញ រួចប្រសិនជាគេនំាគ្នាសន្មត់ថា
បស្ចឹមប្រទេសជាបូព៌ាប្រទេសវិញហើយទិសខាងត្បូងជាទិសខាងជើងវិញ
ដូចជាថាប្រទេសជប៉ុន ចិន កូរ៉េ…ជាបស្ចឹមប្រទេស ឯប្រទេសអាមេរិក
បារាំង អង់គ្លេស …ជាបូព៌ាប្រទេសវិញ នោះវាអាចទៅជាចឹងបានអត់?
ព្រោះគេអាចថាប្រទេសអាមេរិក បារាំង អង់គ្លេស…នៅខាងកើតប្រទេសជប៉ុន
ចិន កូរ៉េ ក៏បាន(នៅចុងសតវត្សទី១៨ ប្រទេសជប៉ុន បានគូសផែនទីពិភពលោក ដោយដាក់ប្រទេសរបស់ខ្លួននៅចំកណ្ដាល ដូច្នេះទ្វីបអាមេរិកត្រូវស្ថិតនៅខាងកើតប្រទេសជប៉ុនទៅវិញ)។

ប្រពៃណីខ្មែរយើងមានជំនឿថាទិសខាងកើតជាទិសផ្ដល់សេចក្ដី
ចំរុងចំរើន ឯទិសខាងលិចផ្ដល់សេចក្ដីវិនាស។អញ្ចឹងហើយបានជា
ខ្មែរយើងតែងសាងសង់សំណង់ទំាងឡាយ ជាពិសេសបុរាណប្រាសាទ
សីលាខ្មែរត្រូវបានសង់ឡើងបែរទៅទិសខាងកើតទំាងអស់ លើកលែង
តែប្រាសាទអង្គរវត្តមួយចេញដែលត្រូវបានសង់់ឡើង បែរទៅទិស
ខាងលិច ដែលជាដើមហេតុអោយយើងសង្ស័យថាប្រទេសខ្មែរយើង
អាប់អោនរស្មីតំាងពីពេលនោះមក ។ជំនឿអាចមានឥទ្ធិពល ពិតប្រាកដ
មែន។ខ្មែរយើងមិនគួរប្រថុយប្រថាននឹងការធ្វើខុសពីជំនឿឡើយ ដូចជា
ជំនឿបុណ្យបាបជាដើម ដែលបានទទួលមកពីសាសនាព្រះពុទ្ធតំាងពិសតវត្ស
ទីពីរមកនោះ។ចំណែកទិសខាងជើងវិញ គេមានជំនឿថាតំណាងអោយ
ភាពខ្លាំងឯទិសខាងត្បូង អត់មានតំណាងអោយអីទេ មានន័យថា បើ
យើងសង់ផ្ទះឬប្រាសាទណាមួយបែរទៅទិសខាងត្បូង មិនមានទទួលផល
វិជ្ជមានឫអវិជ្ជាមានអ្វីទេ។សព្វថ្ងៃ មានទេសចរជាច្រើនបានងើបពីដំណេកទំាងព្រលឹម ដើម្បីទៅចាំគន់មើលព្រះអាទិត្យរៀបរះផុតកំពូលប្រាសាទអង្គរវត្តខាងមុខផ្លូវចូល។

សំរស់ព្រះអាទិត្យនាពេលព្រឹកឬពេលល្ងាច មានការទាក់ទាញចិត្តពួកគេអោយចង់គន់មើលមិនចេះជិនណាយ។ពេលថ្ងៃរះខ្ពស់ យើងមិនអាចគន់មើលព្រះអាទិត្យបានទេ ពីព្រោះពន្លឺចាំងខ្លាំងពេក មិនអាចអោយយើងសំលឹងមើលព្រះអាទិត្យបានឡើយ។ដូច្នេះ មានតែពេលព្រឹក និងពេលល្ងាចប៉ុណ្ណោះដែល អាចអោយយើងគន់មើលព្រះអាទិត្យបាន មិនដាក់ភ្នែក។

រដូវទឹកកកធ្លាក់់គួរអោយសប្បាយ

រដូវទឹកកកធ្លាក់់ត្រូវចាប់់ផ្ដើមនៅថ្ងៃទី២១ធ្នូ ប៉ុន្តែទឹកកកចាប់់ធ្លាក់់តំាង
ពីដើមខែវិចិ្ឆកាមកម្ល៉េះ។ ជារៀងរាល់់ឆ្នាំនៅប្រទេសកាណាដា រដូវ
ទឹកកកធ្វើអោយមនុស្សទំាងឡាយមានអារម្មណ៏សប្បាយខ្លំាង
នេះក៏ព្រោះជាឱកាសបុណ្យណូអែលនិងបុណ្យចូលឆ្នាំថ្មីនោះឯង។
ប៉ុន្តែរដូវនេះ ផ្ដល់់ផលអវិជ្ជមានច្រើនជាងផលវិជ្ជមានព្រោះវាធ្វើ
អោយមានផលពិបាកច្រើនក្នុងការធ្វើដំណើរ ជាពិសេសគឺពេលមាន
ព្យុះទឹកកក និងធាតុអាកាសត្រជាក់់ខ្លំាង ដែលធ្វើអោយមនុស្សភាគ
ច្រើនមិនចូលចិត្តធ្វើដំណើរទៅទីណាមកណា។ក្រៅពីនេះ វាធ្វើអោយចរាចរណ៍ចកកស្ទះជាញឹកញាប់់និងធ្វើមានគ្រោះថ្នាក់់រថយន្តកើន
ឡើងដ៏គួរអោយខ្លាច។ ទោះបីយ៉ាងណាក្ដី ពេលណាអាកាសធាតុមិនត្រជាក់់
ខ្លាំងប៉ុន្មាននោះទេ ក្រោយពីទឹកកកព្រិលធ្លាក់់រួច ទេសភាពជុំវិញមានសភាព
គួរជាទីគយគន់់ ៖ផ្លូវថ្នល់់ និងបរិវេណមានសភាពដូចជាក្រាលព្រំ
សំឡីសក្បុសនំាចិត្តអោយចង់់ដើរទស្សនាកំសាន្តធម្មជាតិដ៏ល្អប្រណីត។
ទិដ្ឋភាពស្រស់់ស្អាតដូចនេះនំាអោយនឹកថានោះជាទីមានសេចក្ដី
សុខសាន្ត ពិតៗ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ការពិតជាអ្វី?The truth?what is the truth?(Pilate Pontius)

ថ្ងៃ២៥ធ្នូជិតមកដល់់ហើយ បងប្អូនគ្រប់់គ្នានឹងមានឱកាសឈប់់សំរាក
កាយពីការងារដើម្បីបុណ្យណូអែលនិងបុណ្យចូលឆ្នាំថ្មី។ក្មេងៗនឹងបាន
សប្បាយចិត្ត ពេលបានទទួលអំណោយក្នុងឱកាសបុណ្យណូអែល ដោយមានជំនឿថាអំណោយនោះគឺជាអំណោយមកពីប៉ាណូអែលដែលពេល
យប់់ថ្ងៃទី២៥ធ្នូបានដើរចែកចាយកាដូ(អំណោយ)ដល់់ក្មេងៗដោយដាក់់កាដូ
របស់់គេនៅក្រោមដើមសាប៉ាំងដែលមានពន្លឺនិងគ្រឿងតែងលំអចំរុះពណ៌
ភ្លឹផ្លេក។ប៉ាណូអែលមិនមែនជាមនុស្សធម្មតាទេ តែជាមនុស្សមកពីឋានលើ ជិះរទេះរអិលលើទឹកកកហោះដែលទាញដោយសត្វក្ដាន់់ចំនួនប្រាំពីរ ។
ដូច្នេះបុណ្យនេះដូចជាបុណ្យចូលឆ្នាំសាកកលដែរគឺមិនបាននំាអោយក្មេងៗ
គិតពិដើមហេតុមួយទៀតនៃបុណ្យនេះគឺការរំលឹកថ្ងៃខួបកំណើតរបស់់
ព្រះយេស៊ូនៅទីក្រុងBethléemប្រទេស Palestine។បើបុណ្យណូអែល
ជាបុណ្យរំលឹកខួបកំណើតរបស់់ព្រះយេស៊ូមែននោះ ហេតុអីក៏ហៅ
បុណ្យនេះថាបុណ្យណូអែល ដែលលោកប៉ាណូអែលធ្វើដំណើរចែក
អំណោយអោយក្មេងៗទៅវិញ? អញ្ចឹង នឹងនំាអោយមនុស្សផងភ្លេច
ឈឹងពីការរំលឹកបុណ្យខួបកំណើតរបស់់ព្រះទៅហើយ? ក្នុងពិភពលោក
មនុស្សប្រមាណពីរពាន់់លាននាក់់ប្រារព្ធបុណ្យណូអែលជារៀងរាល់់ឆ្នាំ។
នេះបង្ហាញថាបុណ្យណូអែលក៏ដូចជាបុណ្យចូលឆ្នាំសាកលដែរគឺទទួលការ
អបអរប្រារព្ធជាអន្តរជាតិ។ប៉ុន្តែមិនមែនគ្រប់់គ្នាទេដែលស្គាល់់ពីអត្ថន័យ
របស់់បុណ្យនេះ ជាពិសេសជនជាតិចិនតែម្ដងដែលនំាគ្នាធ្វើបុណ្យណូអែល
តែមិនដឹងថាណូអែលជាបុណ្យអ្វីទេ។ខ្ញុំក៏អត់់ដឹងដែរ :D។
ឆ្លៀតឱកាសនេះខ្ញុំសូមដកស្រង់ការសន្ទនាមួយកន្លែងក្នុងរឿង
ប្រវត្តិព្រះយេស៊ូ ពេលដែលអភិបាលក្រុងរ៉ូមគឺលោក Pilate
បានសួរចំលើយកាត់់ទោសព្រះយេស៊ូ ដូចតទៅ៖

Jesus : I came into this world so that I could witness
to the truth,and those who love the truth will come and listen to me.

Pilate : The truth? what is the truth?

ព្រះយេស៊ូ ៖ខ្ញុំកើតមកក្នុងលោកនេះដើម្បីធ្វើជាសាក្សីនៃការពិត,
ហើយអ្នកណាដែលស្រលាញ់់ការពិត នោះនឹងមកស្ដាប់់ខ្ញុំ។

ពីឡាត៖ការពិត?ការពិតជាអ្វី?
……………………………………………

ការពិតមិនមែនជារឿងសាមញ្ញ។
ការពិតមិនមែនជារឿងជនជាប់់ចោទសារភាពអំពីឱក្រិដ្ឋកម្មរបស់់ខ្លួន។
ការពិតមិនមែនជារឿងនរយោបាយនៃប្រទេសជាតិ។
ការពិតមិនមែនជារឿងដែលគេតាមដានដឹងពីប្រវត្តិរបស់់ឧក្រិដ្ឋជន
ឬវីរជនណាម្នាក់់។
ការពិតមិនមែនជារឿងទាក់់ទិននឹងរបកគំហើញណាមួយរបស់់
វិទ្យាសាស្រ្តដែលគេមិនទាន់់ដឹងឮ ឬដឹងមិនទាន់់ច្បាស់់។
ការពិតមិនមែនជារឿងនៃដើមហេតុជំលោះរបស់់អ្នកណាឬក្រុមណាឡើយ
ការពិតមិនមែនជារឿងនៃដើមហេតុនៃសោកនាដកម្មណាមួយ។
ការពិតមិនមែនពិភពលោកនេះ។

ការពិតគឺជាដំណឹងល្អស្ដីពីរាជាណាចក្ររបស់់ព្រះ។
ការពិតជាអ្វីដែលមានពិត មិនចេះប្រែប្រួល ហើយ មិនចេះរលាយបាត់់។
ការពិតគឺជាអ្វីដែលស្ថិតនៅជាអចិន្រ្តៃ។
ការពិតគឺជាអ្វីដែលមិនមែនស្ថិតនៅក្រោមច្បាប់់ធម្មជាតិ។
ការពិតគឺជាអ្វីដែលមិនមែនលោកធាតុក្នុងសាកលលោកនេះ។
ការពិតជាអ្វីដែលស្ថិតស្ថេរជាអមតៈ។
ការពិតជាអ្វីដែលនឹងនំាអោយអ្នកសប្បាយរីករាយ។
ការពិតជាអ្វីដែលនឹងនំាអោយអ្នកមានសេចក្ដីសុខក្សេមក្សាន្តរៀងរហូត។
ការពិតជាអ្វីដែលអ្នកត្រូវការគ្រប់់គ្នាដើម្បីជីវិតរបស់់អ្នក។
ការពិតជាឋានសុខសំរាប់់អ្នករាល់់គ្នាដែលពិតជាប្រាថ្នា។
ការពិតគឺឋានសួគ៌របស់់ព្រះយេស៊ូ។
ការពិតគឺជាឋាននិព្វានរបស់់ព្រះពុទ្ធ។
ឋាននោះមិនមានពេលវេលា និងលំហ
មិនមានការកើតនិងការស្លាប់់
មិនមានទុក្ខ មិនមានជំងឺ
មិនមានដុកទ័រ មិនមានមន្ទីរពេទ្យ
មិនមានចោរ មិនមានប៉ូលីស
មិនមានតុលាការ មិនមានចៅក្រម
មិនមានជនជាប់់ចោទ មិនមានមេវិធាវី
មិនមានរដ្ឋាភិបាល មិនមាននាយករដ្ឋមន្រ្តី
មិនមានផែនដី មិនមានប្រទេស
មិនមានផ្ទះ មិនមានសំបែង
………………………………..
………………………………..
ខាងក្រោមនេះជាប្រវត្តិសង្ខេបរបស់់ព្រះយេស៊ូ៖
ព្រះយេស៊ូប្រសូតនៅទីក្រុងBethlehemក្បែរទីក្រុងJerusalemហើយ
បានចំរើនវ័យឡើងនៅក្នុងភូមិមួយឈ្មោះNazarethដែលនៅទីនោះ
ព្រះអង្គបានរៀនមុខរបរជាជាងឈើ។នៅជន្មាយុសាមសិបព្រះវស្សា ព្រះអង្គក៏បានបោះបង់់ចោលមុខរបរនេះ រួចហើយក៏បានចាប់់ផ្ដើម
ធ្វើដំណើរពេញផ្ទៃប្រទេសប៉ាលីស្ទីនដើម្បីផ្សព្វផ្សាយដំណឹងល្អ
អំពីសេចក្ដីស្រលាញ់់ចំពោះមនុស្សផងដូចគ្នា ហើយផ្កោលទោសអំពើ
ហឹង្សា និងសេចក្ដីចិត្តអាក្រក់់។ការធ្វើដំណើររបស់់ព្រះអង្គដែលមាន
សាវ័កដប់់ពីរនាក់់រួមដំណើរជាមួយបានទាក់់ទាញមនុស្សជាច្រើនអោយ
មកដល់់ទីកន្លែងណាក៏ដោយដែលព្រះអង្គចេញបង្ហាញព្រះអង្គ។
ជាច្រើនសតវត្សមកហើយ ព្យាករណ៏ជនជាតិហ្វ្សីសបានបង្រៀនថា
ព្រះនឹងបង្កើតប្រទេសអ៊ីស្រាអែលនៅថ្ងៃណាមួយក្រោមការគ្រប់់គ្រង
របស់់វីរជនណាម្នាក់់មានអំណាចដូចជាព្រះ។ជនជាតិហ្វ្សីសមានជំនឿ
ដូចព្រះយេស៊ូដែលថាព្រះអង្គគឺជាព្រះគ្រិស្ទដែលគេរង់់ចំាជាយូរមកហើយ
ដើម្បីបង្កើតប្រទេសអ៊ីស្រាអែល។ដូច្នេះពួកគេក៏បង្ខំព្រះអង្គអោយរដោះពួក
គេចេញពីអំណាចរបស់់ក្រុងរ៉ូមដោយប្រើកំលំាង។ក៏ប៉ុន្តែព្រះអង្គមិនព្រមដឹកនំា
ការបះបោររបស់់ពួកគេ។ព្រះអង្គគ្រាន់់តែស្វះស្វែងរំដោះមនុស្សលោកដោយ
បង្រៀនអោយប្រព្រឹត្តតែអំពើល្អទំាងខាងផ្លូវកាយនិងចិត្តតែប៉ុណ្ណោះ។ហេតុដូច្នេះ
ក្នុងកំហឹងពុះពោរ,ជនជាតិហ្វ្សីសជាច្រើនបានងាកមកប្រឆាំងនឹងព្រះអង្គ ហើយថ្កោលទោសព្រះអង្គដោយប្រគល់់ព្រះអង្គអោយពួកមន្រ្តីទីក្រុងរ៉ូម
និងអភិបាលក្រុងរ៉ូមPilate Pontius ដែលកាត់់ទោសដោយសំរេចធ្វើគត់់
ព្រះអង្គលើឈើឆ្កាង។
គម្ពីថ្មីបានរៀបរាប់់ថាព្រះអង្គបានសំដែងព្រះកាយចេញមកក្រោយការ
ធ្វើគត់់លើឈើឆ្កាង ដល់់សាវ័កទំាងដប់់ពីររបស់់ព្រះអង្គហើយបង្រៀនពួក
គេអំពីជីវិតអមតៈ។ពួកសាវ័កខ្លះក៍៏បានធ្វើដំណើរផ្សព្វផ្សាយដំណឹងអំពី
ការរស់់រានមានជីវិតឡើងវិញរបស់់ព្រះអង្គ ហើយក្លាយជាបេសកជនដែល
ផ្សាយដំណឹងល្អ។

ប៉ាណូអែល

ព្រះយេស៊ូ

ស្លាប់់់=កើត

_Death is a life elsewhere (Gérard Charouqui)
(La mort,c’est une vie ailleurs)

_Who knows if to live is to die or to die is to live? (Socrates)
(Qui sait si vivre,c’est mourir et mourir,c’est vivre?)

ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានដាក់ប្រកាសមួយឆ្ងល់ពីពាក្យផ្ទុយនឹងពាក្យ
“ស្លាប់់”គឺអ្វី?(https://sambatt.wordpress.com/2010/11/27/)
ចំលើយដែលខ្ញុំមិនចង់ថាពាក្យ
” រស់”នោះ គឺ ពាក្យ” កើត “។ ពេលនេះ ខ្ញុំពិចារណាតទៅទៀត
ថាវាពិតជាចឹងមែនឬ? ដូចជាពាក្យ”ចាប់ផ្ដើម”ផ្ទុយយនឹងពាក្យ”បញ្ចប់”។
តំាងពីឮដំណឹងនៃមហាសោកនាដកម្មនៅស្ពានកោះពេជ្រក្នុងឱកាស
បុណ្យអុំទូកប្រណំាងរបស់ជាតិយើងមក នំាអោយខ្ញុំមានចិត្តសង្វេគនិង
រន្ធត់សោកស្ដាយចំពោះជីវិតរបស់់បងប្អូនខ្មែរយើងដែលបានបង់ជីវិត

ទៅយ៉ាងអាណោចអាធ័មជាទីបំផុត។ដូច្នេះខ្ញុំក៏ចេះតែសញ្ជឹងគិត
ពិចារណាអំពីជីវិតនិងសេចក្ដីស្លាប់ កាន់់តែទ្វេឡើងទៀត ជាពិសេសគឺ
ឆ្ងល់់នឹងការស្លាប់? បើខ្ញុំឆ្ងល់ថាហេតុអីស្លាប់ ?ខ្ញុំគួរតែសួរផងដែរថា
ហេតុអីកើត?ហេតុអីក្នុងលោកយើងនេះតែងមានភាពផ្ទុយគ្នាជាគូៗ ?
មានកើតមានស្លាប់,មានភ្លឺមានងងឹត?មានក្ដៅមានត្រជាក់
មានសប្បាយមានទុក្ខ?មានល្អមានអាក្រក់?មានក្រមានមាន?
មានតូចមានធំ?មានសំណាងមានអភ័ព្វ?មានចេះមានល្ងង់?
……………………………………………….
ខ្ញុំគិតថាពិភពលោកមានយ៉ាងនេះដើម្បីថ្លឹងសមីកា ដើម្បីថ្លឹងថ្លែង
តុល្យភាព ដែលធម្មជាតិត្រូវការ។មិនមានអ្វីមួយគេចចេញផុតពី
ច្បាប់់នេះទេ។ សូម្បីសាកលលោកយើងនេះក៏អ្នកវិទ្យាសាស្រ្តគិតថា
មានគូផ្ទុយនឹងខ្លួនដែរ …គឺថាជាសាកលលោកអវិជ្ជមានដែលនំាអោយ
គេគិតថាបើសាកកលលោកទំាងពីរនេះប៉ះទង្គិចគ្នា នឹងត្រូវរលាយទំាងពីរ
បាត់តែម្ដង…នេះក៏មកពីគេរកឃើញថាវា

មានពិតមែនÉlectronដែលមានគូផ្ទុយរបស់វាគឺPositron ហើយProton
មានគូAnti-proton,NeutronមានគូAnti-neutronជាដើមដែលជាលោក
ធាតុមានពិត ហើយដែលអាចផ្សំផ្គុំជីវិតខុសប្លែកពីសាកលលោកយើងនេះបាន។
និយាយពីការស្លាប់វិញ,តើវាជាអ្វី?
ស្លាប់នឹងកើត វាគ្រាន់់តែជាការឆ្ពិនភ្នែកតែប៉ុណ្ណោះ។សត្វលោក
វិលកើតវិលស្លាប់ តែព្រលឹងមាននៅជាអមតៈ បីដូចជា ព្រះអាទិត្យ
រះហើយលិច រះហើយលិច ប៉ុន្តែព្រះអាទិត្យ មិនដែលរះមិនដែលលិចទេ
ព្រោះ”រះ “និង”លិច”គ្រាន់តែជាការឆ្ពិនភ្នែកតែប៉ុណ្ណោះ។រះ =លិច ,
មើលនៅជ្រុងម្ខាងផែនដី ឃើញថារះ,ហើយមើលនៅជ្រុងម្ខាងទៀត
ឃើញថាលិច ,ប៉ុន្តែព្រះអាទិត្យមិនបានរះមិនបានលិចទេ។ចលនាវិលជុំវិញ
ខ្លួនឯងរបស់ផែនដី ជាអ្នកសំដែងការឆ្ពិននេះ។ពិភពលោកយើងនេះ,
បើតាមទ្រឹស្ដីរបស់សាសនាហិណ្ឌូ ថាមិនពិតទេ គឺដូចជាស្រមោល
នៃការពិតដូច្នោះ ។នេះត្រូវគ្នានឹងទ្រឹស្ដីរបស់មហាទស្សនវិទូក្រិកឈ្មោះប្ល៉ាតុង
ដែលបានប្រៀបធៀបពិភពលោកយើងនេះទៅនឹងរូងភ្នំមួយដែលមនុស្សយើង
គ្រប់គ្នារស់នៅកជាប់នឹងច្រវាក់ ដោយងាករកមើលការពិតមិនរួច ឃើញតែ
ស្រមោលចំាងមកពីខាងក្រៅដែលជាពិភពលោកពិត,ហើយពួកគេឈ្លោះគ្នា
ថាស្រមោលនេះពិតស្រមោលនោះពិត ដោយចិត្តប៉ងប្រាថ្នាមិនចេះអស់មិន
ចេះហើយ។ក្នុងរូងនោះ លោកប្ល៉ាតុងបាន យល់ថាមានមនុស្សម្នាក់គឺលោកគ្រូ
សូក្រាតបានរួចខ្លួនពីការជាបច្រវាក់ ហើយបានចាកចេញទៅឃើញការពិត
នៅខាងក្រៅ ដោយត្រឡប់ចូលមកវិញ ត្រូវគេចំអកអោយលោកហើយថា
លោកបង្ខូចយុវជនក្រិក ..ហើយត្រូវនំាទៅតុលាការកាត់ទោសប្រហារជីវិត។

លោកប៉្លាតុងក៏មានជំនឿផងដែរថាខ្លួនប្រាណយើង គឺជាផ្នូររបស់ព្រលឹង។
ដូច្នេះ ការកើតមកលើលោកនេះ គឺជាការស្លាប់់របស់ព្រលឹង ចូលទៅក្នុងផ្នូរ
ដែលជាខ្លួនប្រាណនេះឯង

ខាងក្រោមនេះខ្ញុំសូមដកស្រង់ទ្រឹស្ដីខ្លះក្នុងBhagavad Gîta ដូចតទៅ៖

-Celui qui le tient pour capable de tuer,celui qui le
croit frappé à mort ,aucun ne possède la vraie connaissance:
il ne tue pas;  il n’est pas tué.៖អ្នកដែលថាគាត់អាចសំលាប់បាន,
អ្នកដែលជឿថាគាត់ត្រូវគេវាយស្លាប់,ពុំមានអ្នកណាម្នាក់់មានចំណេះដឹងពិតទេ៖
គាត់់មិនសំលាប់ទេ,គាត់់មិនបានត្រូវគេសំលាប់ទេ

-Jamais il ne naît ;il ne meurt ;il n’a pas été, il ne sera
à nouveau. Lui qui est inné nécessaire , éternel, primordial,
on ne le tue pas quand on tue le corps.ដែលប្រែថា៖

គាត់មិនដែលបានកើតមកទេ,គាត់មិនដែលស្លាប់,គាត់មិនបានមានជីវិត,
គាត់មិនបានកើតមកទៀត។គាត់ដែលជាវត្ថុធាតុចំបាច់ខាងក្នុង,អមតៈ,
សំខាន់ជាងគេមិនត្រូវបានគេសំលាប់ទេ ពេលដែលគេសំលាប់ខ្លួនប្រាណ
គាត់នោះ។
អត្ថបទអំពី ៖what is the death?:

When the death hurts : tears and sadness


អត្ថបទដែលមានចំណងជើងថា៖អ្វីមួយអាចរលាយជាសូន្យបាន:
https://sambatt.wordpress.com/2012/10/06/