Tag Archives: ស្រុកខ្មែរ

ការចងចាំរបស់ខ្ញុំ(អាយុ៦ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (19)

ឈីជួយសង្រ្គោះជីវិតខ្ញុំ

ខ្ញុំឧស្សាហ៌ដើរលេងជាមួយឈី(អ្នកជិតខាងនិងពួកម៉ាក)ពេលណាទំនេរ។ជួនកាលយើងចេញទៅលេងជាមួយក្មេងៗឯទៀត។ប៉ុន្តែជាញឹមញាប់ យើងនំាគ្នាដឹកក្របីទៅវាលស្រែហើយប្រសិនជាចំពេលថ្ងៃរសៀល យើងក៏នាំក្របីទៅងូតទឹក។នោះហើយជាឱកាសដែលយើងអាចដើររកចាប់កង្កែបអាចម៍គោ ខ្យង ឬកណ្ដូបយកមកដុតហូបនៅវាលស្រែ ហើយក៏ជាឱកាសដែលឈីបានជក់បារីស្លឹកសង្កែ។គាត់ឧស្សាហ៍ជក់បារី ព្រោះតែញៀនប៉ុន្តែមិនមានទេថ្នាំជក់ ដូច្នេះឈីដើរសុំតែគេឯងហើយជួនកាលក៏សុំខ្ញុំទៀត ព្រោះផ្ទះខ្ញុំមានដាំដើមថ្នាំជក់គឺប៉ាជាអ្នកដាំសម្រាប់ជក់ខ្លួនឯង។ប៉ុន្តែនោះជាថ្នាំជក់ខ្លាំង(ថ្នាំជក់ខ្មែរ)ដែលឈីមិនចូលចិត្តទេ គឺគាត់ចូលចិត្តជក់ថ្នាំកាតាប។ផ្ទះខ្ញុំក៏មានថ្នាំជក់កាតាបខ្លះដែរ ប៉ុន្តែប៉ាមិនបានដាំថ្នាំជក់កាតាបទេ ។ថ្នាំជក់កាតាបដែលផ្ទះយើងមានខ្លះនោះជាថ្នាំជក់របស់និងដែលគាត់យកមកទុកជក់ខ្លួនឯង។ថ្ងៃមួយ ក្នុងរដូវវស្សាឆ្នាំ១៩៧៨ យើងនាំគ្នាចេញទៅលេងកូនគោលជាមួយក្មេងៗដទៃទៀតនៅទីធ្លាខាងក្រោយសាលារៀន ខ្ញុំបានយកថ្នាំកាតាបមួយក្ដាប់មកអោយឈីទុកជក់។ភ្លៀងទើបតែបានធ្លាក់មកពី-បីថ្ងៃមុន ទើបបានជាថ្ងៃនោះ អូរមានទឹកហូរពេញ ។យើងដើរកាត់វាលស្រែផុតរួចហើយក៏មកដល់អូរមួយមានទឹកហូរពេញ ពួកយើងត្រូវតែឆ្លងកាត់អូរ។ឈីនិងក្មេងៗឯនាំគ្នាដើរឆ្លងកាត់អូរខាងមុខខ្ញុំ ៗនៅខាងក្រោយ មើលពួកគេទៅមុខលឿន ហើយទឹកកាន់តែជ្រៅទៅៗ ។ប៉ុន្តែខ្ញុំនៅតែស្មានថាពុំលិចក្បាលទេ ដោយគិតតែក្នុងចិត្តថាពួកគេដើរក្នុងទឹក ។មិនអញ្ចឹងឯណា តាមពិតពួកគេកំពុងហែលទេ ។ចំណេកខ្ញុំចេះតែដើរទៅមុខតាមពួកគេរហូតទាល់តែដល់ទឹកជ្រៅលិចក្បាល ក៏លង់ទឹក គឺលិចងើបផឹកទឹកលិចងើបផឹកទឹក ចង់ឆ្អែត ហើយស្រែកដង្ហើយហៅឈីអោយជួយ។ឈីឮខ្ញុំល្វើយៗក៏ងាកក្រោយឃើញខ្ញុំកំពង់លង់ទឹក ឈឺក៏ហែលតំរង់ឆ្ពោះមកខ្ញុំយ៉ាងលឿន ហើយពេលជិតមកដល់ខ្ញុំក៏អោនក្បាលចូលប្រឡោះភ្លៅខ្ញុំទាំងពីរងើបឡើងដើរមកច្រាំងវិញ។ខ្ញុំពេលនោះស្រែកយំ ហើយប្រាប់ទៅឈីថាទៅត្រើយខាងមុខនោះ ដោយលើកដៃចង្អុល។ ក្នុងគ្រានោះគម្រោងការរបស់យើងក៏ខូចអស់ ហើយយើងក៏ត្រឡប់ទៅផ្ទះវិញ។កុំតែបានឈីជួយសង្រ្គោះទាន់ពេលវេលា កុំអីខ្ញុំត្រូវផុតជីវិតក្នុងថ្ងៃនោះហើយ។ល្ងាចថ្ងៃនោះក្រោយពីបានហូបបាយរួចហើយ ខ្ញុំដូចជាបានដឹងថាម៉ាក់មានគេប្រាប់ថាអាឌីលង់ទឹកប៊ីសស្លាប់។ខ្ញុំក៏ត្រូវបានម៉ាក់ស្ដីបន្ទោសហើយប្រាប់អោយប្រយ័ត្នថ្ងៃក្រោយ។ពីរ-បីថ្ងៃក្រោយមក ខ្ញុំនឹកចង់ចេះហែលទឹកដូចក្មេងដទៃទៀតដែរក៏ទៅមើលគេរៀនហែលទឹករាក់ៗ ដោយយកដៃច្រត់ដីក្នុងទឹកហើយយកជើងវាយទឹកចុះឡើង។ខ្ញុំទំនងជាបានសាកធ្វើដូចគេយ៉ាងនេះម្ដងឬពីរដងដែរប៉ុន្តែដូចជាគ្មានហុចផលសោះ ក៏លែងចង់ ហើយដោយម្យ៉ាងទៀតខ្ញុំមិនសូវមានឱកាសច្រើនទេដើម្បីព្យាយាមរៀនហែលទឹកព្រោះការរៀនហែលទឹកត្រូវចំណាយពេលច្រើន។

ការចងចាំរបស់ខ្ញុំ(អាយុ៦ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (18)

គ្មានអ្វីត្រូវទន្ទឹងរង់ចាំទៀតទេនៅខាងមុខ មួយៗថ្ងៃថ្ងៃត្រូវតែធ្វើការ ធ្វើការហាលថ្ងៃ គឺការងារស្រែចំការ ជីកព្រែក ប្រឡាយ…។ត្រូវឈឺក៏ឈឺ គ្មានថ្នាំសង្កូវអ្វីព្យាបាលឡើយ ហើយត្រូវស្លាប់ក៏លឿនដែរព្រោះតែការងារធ្ងន់ក្រោមកំដៅថ្ងៃ ធ្វើអោយបាក់កំលំាង ហើយបរិភោគអាហារមិនគ្រប់គ្រាន់។ខ្មែរក្រហមបង្ខំប្រជាជនខ្មែរអោយធ្វើការងារស្រែចម្ការ ជីកព្រែក ប្រឡាយ…រាល់ថ្ងៃសឹងតែគ្មានថ្ងៃណាបានឈប់សម្រាកឡើយ ហើយចំពោះអ្នកចេះដឹង ដូចជាគ្រូ និស្សិត បវញ្ញវន្ត …វាមិនអោយរស់នៅជុំគ្នាទេ គឺវាត្រូវតែបំបែកអោយនៅឆ្ងាយពីគ្នា ឬក៏វាយកទៅសម្លាប់ចោលម្ដងមួយៗក៏មាន។ជួនកាល វាដើរចាប់មនុស្សដែលវាមិនទុកចិត្តឬវាចាត់ទុកថាជាខ្មាំង យកមកផ្ដុំគ្នាបានច្រើនហើយ វាក៏នាំចេញទៅបាត់ ដូចដែលខ្ញុំបានឃើញជាចុងឆ្នាំ១៩៧៦ឬដើមឆ្នាំ១៩៧៧ គឺមនុស្សប្រុសចំនួនប្រហែល២០ឬ៣០នាក់ត្រូវវាចងបណ្ដើរជាខ្សែ ដូចជាបណ្ដើរសត្វគោ ដោយកុមារអាវខ្មៅដែលដៃមានកាន់រំពាត់ទុកវាយមនុស្សដែលវាចងហើយបណ្ដើរជាខ្សែនោះ។ខ្ញុំអត់ដឹងរឿងនោះជាអ្វីទេ ហើយក៏មិនហ៊ានទៅឈរក្បែរផ្លូវថ្នល់មើលពួកគេដែរ គឺបានត្រឹមតែលួចមើលពីបរិវេណផ្ទះតែប៉ុណ្ណោះ។ទោះជាខ្ញុំមិនដឹងនោះជារឿងអ្វីមែន ប៉ុន្តែគ្រាន់តែឃើញព្រឹត្តិការណ៏នោះ ខ្ញុំក៏តក់ស្លុតរួចទៅហើយ ហើយក៏ចេះនឹកគិតថាពួកលោកពូៗដែលក្មេងអាវខ្មៅចងវាយបណ្ដើរទៅតាមផ្លូវទាំងនោះ ទំនងណាស់ នឹងទៅកាន់វាលមរណៈ។

បងមុំរៀបការ

ប្រហែលក្នុងរដូវក្ដៅ១្នាំ១៩៧៧ តាមខ្ញុំចាំ មានចាស់ទុំចេញចូលមកផ្ទះខ្ញុំម្ដងឬពីរដើម្បីមកដណ្ដឹងបងមុំ។ប៉ុន្តែខ្ញុំមិនដឹងអ្វីទេ គ្រាន់តែឆ្ងល់ហើយមិនបានសួរម៉ាក់ឡើយ។មិនយូរប៉ុន្មានក្រោយមក ទំនងជាក្រោយរដូវច្រូតកាត់ហើយ ក៏ឮថាបងមុំនឹងរៀបការនៅឯសាលារៀនមួយជាប់នឹងថ្នល់នៅចំងាយប្រហែលជា១គ.មខាងជើងពីផ្ទះយើង។កូនក្រមុំអាយុ១៧ឆ្នាំនឹងរៀបការជាមួយកូនកំឡោះអាយុ១៩ឆ្នាំមានឈ្មោះថា លឹម សេន។ពួកគេរៀបការព្រមគ្នាជាមួយកូនក្រមុំកូនកំឡោះជាដទៃទៀតមានចំនួនប្រហែលជា៥០ឬ៦០នាក់។។គឺអង្គការខ្មែរក្រហមជាអ្នកចាត់ចែងពិធីអាពាហ៌ពិពាហ៌។កូនក្រមុំកូនកំឡោះពាក់អាវខ្មៅទាំងអស់គ្នាហើយអង្គុយជាគូៗត្រងស្ដាប់ឱវាទរបស់គេ។តាមពិតនោះមិនមែនជាពិធីរៀបអាពាហ៌ពិពាហ៌ទេ គឺជាការចាប់គូរៀបការដូចជាក្រោមការបង្ខិតបង្ខំពីអង្គការខ្មែរក្រហមដូច្នោះដែរ។យើងបានត្រឹមឈរមើលពួកគេរៀបការក្នុងថ្នាក់រៀនសិស្សតាមបង្អួចចំហរពីក្រៅរបងតែប៉ុណ្ណោះ។ប៉ុន្តែខ្ញុំខំសម្លឹងរកមើលបងមុំជាមួយកូនកម្លោះដែលនឹងត្រូវជាបងថ្លៃ ហើយខ្ញុំត្រូវហៅថា”និង ”។ខ្ញុំមិនចាំបានថាយើងនៅឈរមើលពួកគេរៀបការរហូតដល់ចប់ឬទេ ។ប៉ុន្តែប្រហែលជាក្រោយពិធីរៀបការតាមបែបរបបមហាលោតផ្លោះមហាអស្ចារ្យនេះរួចទៅ បងមុំប្រហែលជាទៅលេងផ្ទះខាងកូនកំឡោះដែលនៅភូមិក្រឡាមៀកជាប់នឹងភូមិតារាជនេះដែរ រួចហើយទើបនាំគ្នាមករស់នៅក្នុងផ្ទះជង្រុកស្រូវរបស់យើង។ប៉ុន្មានថ្ងៃក្រោយមក និងក៏យកកូនឆ្កែខ្មៅមួយ(ឈ្មោល)មកចិញ្ចឹមនៅផ្ទះយើង ៗដាក់ឈ្មោះវាថាលុច។លុចមានមេរបស់វាសបុរពណ៍ខ្មៅដែរដែលជាឆ្កែចិញ្ចឹមនៅផ្ទះរបស់និងនៅក្រឡាមៀក ។ថ្ងៃមួយ ពេលលុចធំឡើងខ្ញុំទៅលេងផ្ទះនិង ហើយទៅអង្គុយកន្លែងមួយក្បែរគ្រែក្រោមម្លប់ដើមឈើមួយដើម ក៏បានឃើញឆ្កែខ្មៅមួយ មិនបានមើលមុខក៏ស្មានថាជាលុចក៏ទៅចាប់ប្រឡែងលេង ស្រាប់តែឆ្កែនោះគ្រហឹមដាក់រកខាំខ្ញុំៗគេចទាន់ រួចហើយក៏ដឹងភ្លាមថាមិនមែនជាលុចទេ គឺជាមេរបស់លុច ដែលមើលមួយភ្លែតក៏ច្រឡំតែម្ដង។ថ្ងៃមួយក្នុងរដូវក្ដៅឆ្នាំ១៩៧៧ និងនាំខ្ញុំនិងលុចទៅវាលស្រែខាងកើតក្រោយផ្ទះ ដើម្បីទៅរកចាប់កណ្ដុរមកធ្វើជាអាហារ។យើងរកមើលរូងកណ្ដុរ កាលរកឃើញហើយយើងគ្រាន់តែចាក់ទឹកចូលទៅ រួចចាំមើលកណ្ដុរវារត់ចេញមកនឹងអាល់អោយលុចដេញចាប់ជាការស្រេច។លុចជាឆ្កែមួយគួរអោយស្រឡាញ់ណាស់ វាចេះស្ដាប់ម្ចាស់ហៅវា។រាល់ពេលយើងញាំទៅញាំបាយហើយត្រឡប់មកពីរោងបាយវិញ វារង់ចាំយើងជាស្រេចព្រោះយើងតែប្រមូលបាយសល់ខ្លះៗពីរោងបាយយកមកអោយវាស៊ីនៅឯផ្ទះ។

ការចងចាំរបស់ខ្ញុំ(អាយុ៦ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (17)

យូរៗទៅ សាលារៀនក្លាយទៅជាកន្លែងក្មេងៗមកជួបជុំគ្នាដើម្បីអោយគ្រូៗចាត់ចែងនិងដឹកនាំទៅធ្វើកិច្ចការសង្គម ដូចជាជញ្ជូនជីអាចម៍គោឬស្លឹកទន្រ្ទានខេត្តមកធ្វើជីសម្រាប់ដាំបន្លែបង្កាក្នុងភូមិ។ខ្ញុំមិនដឹងថាមានវិស្សមកាលឬគ្មានទេ ប៉ុន្តែគេមិនអោយយើងនៅទំនេរទេ គឺត្រូវតែជួយកិច្ចការសង្គម។មនុស្សពេញវ័យពេញកម្លាំងទៅនៅឯកងចល័ត ធ្វើការមានតែពេលសម្រាប់ញាំនិងដេកតែប៉ុណ្ណោះ ដោយគ្រាន់តែយូរៗគេព្រលែងអោយបានមកលេងស្រុកភូមិម្ដង។ចំណែកចាស់ៗវ័យចំណាស់ ស្រ្តីកូនខ្ចី និងកូនក្មេងអាចនៅភូមិបាន។

ថ្ងៃរសៀលមួយប្រហែលជាក្នុងរដូវក្ដៅឆ្នាំ១៩៧៧ ពេលដែលក្មេងៗកំពុងជញ្ជូនជីដើរតាមផ្វូវថ្នល់ដីក្រហម ស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅក្បែរខាងមុខច្រកចូលរោងសហករណ៍ ជាហេតុធ្វើអោយជាច្រើនភ្ញាក់ផ្អើល ហើយមកជុំជិតកន្លែងកើតហេតុ ព្រោះតែឮសូរអ្វីមួយផ្ទុះផូងដូចផ្លែដូងបែក។យើងមានការតក់ស្លុត ដោយឮថាឡានកាំមីញុងបើកបុកក្មេងស្រីម្នាក់ហើយកិនបែកក្បាលខ្ទេច គឺខ្ទាតលលាដ៍ក្បាលទីណាត់ទីណែង មានឈាមនិងខួរក្បាលនៅលើថ្នល់ត្រង់កន្លែងកិនក្មេងស្រី។ខ្ញុំមកដល់កន្លែងកើតហេតុនោះ មិនបានឃើញក្មេងគ្រោះថ្នាក់នោះទេ ព្រោះគេយកចេញទៅបាត់ហើយ គឺឃើញតែលលាដ៏ក្បាល ខួរក្បាលហើយនិងឈាមរហាចលើផ្លូវថ្នល់។ខ្ញុំឆ្ងល់ថានរណាគេ?លុះបានយូរបន្តិច ក្រោយពីបានឮថាក្មេងស្រីនោះឈ្មោះធឿន ទើបភ្ញាក់រន្ធត់ក្នុងចិត្ត ព្រោះនាងជាអ្នកជិតខាងរបស់ខ្ញុំដែលធ្លាប់ស្គាល់និងលេងជាមួយគ្នា។បងប្អូននិងឪពុកម្ដាយរបស់នាងយំសោកអាណិតនាងធឿនហើយក្នុងទឹកមុខក្រៀមក្រំទាំងអស់គ្នាក៏រៀបចំបូជាសពនាងពេលជិតយប់មកដល់ថ្ងៃនោះនៅវាលស្រែខាងក្រោយផ្ទះចំងាយប្រហែលជា៥០ម៉ែត្រប៉ុណ្ណោះ។ពេលដែលព្រះអាទិត្យលិចទៅហើយ ខ្ញុំមើលទៅក្រោយផ្ទះឃើញភ្លើងឆេះដូចភ្នក់ភ្លើងក៏ដឹងភ្លាមថាភ្លើងកំពុងរំលាយសពរបស់នាងធឿនហើយ។ទោះបីធឿនមិនជាអ្នកជិតខាងចិត្តល្អនឹងយើងក្ដី តែយើងក៏មានចិត្តរន្ធត់អាណិតនាងពេលដែលនាងមានអាយុខ្លីយ៉ាងនេះ។

បងប្រុសរបស់នាងម្នាក់ឈ្មោះនិលក៏មិនជាអ្នកជិតខាងល្អនឹងយើងដែរ។គេប្រហែលជាស្អប់យើងជាអ្នកភ្នំពេញ។រសៀលថ្ងៃមួយ ពេលដែលខ្ញុំកំពុងលេងជាមួយក្មេងៗដទៃទៀតនៅក្រោមដើមឈើមួយ ក៏ស្រាប់តែឃើញនិលដើរមកដល់ចំពោះមុខខ្ញុំហើយបោះក្បាលឆ្មាមួយរមៀលមកខ្ញុំ ខ្ញុំដឹងភ្លាមថាជាឆ្មារបស់ខ្ញុំធ្វើអោយខ្ញុំតក់ស្លុតណាស់ រកអ្វីថ្លែងមិនបាន។រួចហើយ វាក៏មកចាប់យកក្បាលឆ្មារបស់ខ្ញុំនេះទៅចងព្យួរនឹងមែកឈើដោយទឹកមុខខឹងនឹងខ្ញុំ ប៉ុន្តែខ្ញុំមិនដឹងមូលហេតុអ្វីទេបានជាវាហ៊ានសម្លាប់ឆ្មារបស់ខ្ញុំដូច្នេះ?បន្តិចក្រោយមកទើបខ្ញុំបានដឹងថាព្រោះតែឆ្មារបស់ខ្ញុំបានទៅផ្ទះរបស់វា ទំនងជាបានទៅជុះអាចម៍ក្នុងផេះចង្រ្កានផ្ទះវា ទើបបានជាវាខឹងហើយសម្លាប់ឆ្មារបស់ខ្ញុំទៅ។

លុះយូរខែឆ្នាំក្រោយមក ក្រោយដែលជិតបែកអាពត ក៏បានឮថានិលបានចងកសម្លាប់ខ្លួនពីលើកំាជណ្ដើរផ្ទះរបស់ខ្លួនឯង។

ការចងចាំរបស់ខ្ញុំ(អាយុ៦ ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (15)

ក្នុងរដូវប្រាំង ដោយដឹងថាគេធ្វើស្ករត្នោតនៅមិនឆ្ងាយពីភូមិ ទើបបានឱកាសដ៏កំរមួយសំរាប់យើងទាំងបីនាក់ដើរទៅមើលគេធ្វើស្ករ នឹងអាល់សុំគេកោសស្ករត្នោតនៅបាតខ្ទះត្នោតជាមួយនឹងសំបកគ្រុំ។អ្នកធ្វើស្ករត្នោតចិត្តល្អ អោយក្មេងៗកោសយកស្ករជាប់នឹងបាតខ្ទះដែលហាក់ដូចជាជួយសំអាតខ្ទះត្នោតអោយគាត់ផងដែរ។យើងកោសស្ករត្នោតដាក់ក្នុងត្រឡោកដូងរួចហើយហូបខ្លះផងទើបត្រលប់មកផ្ទះអោយម៉ាក់លាក់ទុកក្នុងហិបខោអាវ។ពេលណាយើងដុតដំឡូងម៉ីពេលព្រឹកក្ដី ថ្ងៃរសៀលក្ដី យើងអាចយកស្ករត្នោតមកហូបជាមួយ។ជារៀងរាល់ថ្ងៃ យើងគ្មានអាហារពេលព្រឹកទេ។ដូច្នេះទំរាំដល់ពេលបាយថ្ងៃត្រង់ យើងកូរក្រពះខ្លះជាមិនខាន។មានថ្ងៃខ្លះហូបបាយរួមថ្ងៃត្រង់ហើយ ចុងភៅបានសុំអោយបងថាល់ទៅជួយលាងអង្ករសំរាប់ដាំបាយពេលល្ងាច។នេះជាឱកាសដែលបងថាល់អាចលួចអង្ករដែលកំពុងលាងដាក់ចូលក្នុងហោប៉ៅបានពីរបីក្ដាប់ យកមកផ្ទះទុកដាំបបរក្នុងកំសៀវទឹកដើម្បីហូបពេលព្រឹកជាមួយអំបិលឬត្រីប្រឡាក់ដែលប៉ាយូរៗម្ដងបានមកពីកន្លែងនេសាទត្រី។ពួកចុងភៅរោងបាយសប្បាយចិត្តណាស់ពេលណាប៉ាបានមកលេងផ្ទះម្ដងៗ ព្រោះពួកគេនិងប៉ាក៏នឹងបានហូបបាយរួមគ្នាជាមួយត្រីប្រឡាក់អាំងឬត្រីខប៉ាឧស្សាហ៌បានមកលេងផ្ទះ ខុសពីបងម៉ុំនិងបងធួកដែលកំរបានមកលេងផ្ទះណាស់ ព្រោះពួកគាត់ធ្វើការក្នុងកងចល័ត ជីកព្រែកក្រោមកំដៅព្រះអាទិត្យឡើងខ្មៅស្បែកអស់ហើយ។យើងអត់ដឹងហេតុអ្វីដែលខ្មែរក្រហមប្រែសង្គមខ្មែរអោយទៅជាដូច្នេះ ហើយដើម្បីអ្វី?តើលើលោកនេះ មានប្រទេសណាប្ដូររបបគ្រប់គ្រងប្រទេសហើយ មិនអោយមានប្រជាពលរដ្ធរស់នៅក្នុងទីក្រុងអញ្ចឹង?

ការចងចាំរបស់ខ្ញុំ(អាយុ៦ ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (14)

ថ្ងៃមួយ ខ្ញុំមិនដឹងជាយ៉ាងម៉េចក៏រកខោមកស្លៀកអត់មាន ហើយដល់ឮជួងម៉ោងបាយថ្ងៃត្រង់ ខ្ញុំក៏ពាក់តែអាវអត់ខោស្លៀកទៅហូបបាយមិនចេះខ្មាស់គេទេ។ប្រហែលជាខ្ញុំមានខោតែមួយប៉ុណ្ណោះក៏មិនដឹងហើយវាដល់ពេលម៉ាក់យកទៅត្រាំឬគក់។ក្នុងរដូវប្រាំងឆ្នាំ១៩៧៦ ខ្ញុំបានស្គាល់ក្មេងអ្នកជិតខាងបីនាក់ជាបងប្អូននឹងគ្នាដែលរស់នៅឆ្លងថ្នល់ពីផ្ទះខ្ញុំ។ក្មេងប្រុសបងទីមួយអាយុបងខ្ញុំប្រហែលមួយឆ្នាំ ក្មេងប្រុសកណ្ដាលអាយុស្មើនឹងខ្ញុំ ហើយក្មេងប្រុសពៅគេហៅវាអាក្អូនអាយុប្រហែលជាប្អូនខ្ញុំពីរឆ្នាំ។ខ្ញុំភ្លេចឈ្មោះបងប្រុសទាំងពីររបស់គេហើយ។ក្មេងប្រុសទីពីរនេះចូលចិត្តស្ទូចកង្កែបក្នុងប្រឡាយទាំងសងខាងដងផ្លូវ។ខ្ញុំឃើញក្មេងនេះឧស្សាហ៌ស្ទូចបានកង្កែបធំៗច្រើនដងហើយខ្ញុំជួនកាលក៏ទៅស្ទូចជាមួយគេដែរ។យើងមិនចាំបាច់ប្រើផ្លែសន្ទូចទេព្រោះអត់មាន ដូច្នេះក៏រកចាប់តែកង្កែបក្អាត់ឬកង្កែបអាចម៌គោមកចងខ្សែសន្ទូចហើយយកទៅស្ទូចកង្កែបធំៗទៅពេលវានុយហើយក៏គ្រវាត់សន្ទូចមកដោយកង្កែបដល់លើផ្លូវថ្នល់ហើយចាប់វាទៅ។ជួនកាលពេលកង្កែបវាស៊ីនុយស៊ុបហើយក៏គ្រវាត់សន្ទូចមកបោកនឹងថ្នល់ កង្កែបក៏ងាប់ហើយ។ថ្ងៃខ្លះ យើងក៏អាចទៅវាលស្រែរកខ្វារកង្កែប លូករូងដីស្រែរកក្ដាមឬជីកដីរកខ្យង។បើពុំដូច្នោះទេ យើងក៏បបួលគ្នារកចាប់ចង្រិតដែកចង្រិតមកជល់គ្នាក្នុងធុងប៉ោត។ប្រសិនជាចង្រិតគូណាមិនព្រមខាំគ្នាទេ យើងក៏ចងចង្រិតនោះនឹងសរសៃសក់ហើយគ្រវីវាអោយវិលមុខ នោះវានឹងខាំគ្នាហើយ។ជួនកាលបន្ទាប់ពីលេងនេះហើយ ឃ្លានក៏ទៅវាយកណ្ដូបនៅវាលស្រែយកមកដុតហូប។រសៀលថ្ងៃមួយ ខ្ញុំមិនទៅណា ក៏មកលេងក្រោមដើមឈើតូចមួយដើមខាងមុខផ្ទះឆ្លងពីថ្នល់ ហើយខ្ញុំឃើញថាប្រឡាយរីងទឹកសឹងអស់ហើយ ខ្ញុំក៏ទៅខ្វេះដីឥដ្ធមកសូនជារូបសត្វស្លាបហើយយកវាមកដាក់អោយទំលើមែកឈើ ទើបតែបានពីរបីក្បាល ស្រាប់តែអាក្អូនមកមើលខ្ញុំលេងដូច្នេះម្នាក់ឯង ក៏មិនដឹងជាយ៉ាងម៉េច ស្រាប់តែវាយកដៃទៅអង្រួនដើមឈើអោយសត្វស្លាបដីឥដ្ធដែលខ្ញុំសូនទាំងប៉ុន្មានធ្លាក់មកដីទាំងអស់។ខ្ញុំក៏ខឹងវាភ្លាម តែខ្ញុំមិនទាន់ធ្វើអីវាភ្លាមទេ ខ្ញុំក៏រើសត្វស្លាបដីឥដ្ធទាំងនេះមកបិទភ្ជាប់នឹងមែកឈើឡើងវិញហើយខ្ញុំព្រមានវាថាប្រសិនជាហ៊ានអង្រួនដើមឈើទៀត អញនឹងវាយក្បាលឯងមួយដុំថ្ម។ប៉ុន្តែវាមិនខ្លាចការព្រមានរបស់ខ្ញុំឡើយ ហើយវាក៏អង្រួនដើមឈើទៀត ទើបក្បាលវាត្រូវមួយដុំថ្មរបស់ខ្ញុំឡើងចេញឈាមហើយស្រែកយំរត់ទៅផ្ទះប្រាប់ឳវាៗខ្ញាល់ខឹងភ្លាមហើយដើរចេញមករកខ្ញុំៗរត់ទៅពួននៅគុម្ពដើមអំពៅខាងមុខផ្ទះខ្ញុំដែលក្នុងពេលនោះ បងថាល់និងអាលីនមិននៅផ្ទះទេ។ឳវាមកដល់មុខផ្ទះខ្ញុំ រកខ្ញុំមិនឃើញ ខ្ញុំអរព្រោះខ្ញុំភ័យខ្លាចគាត់វាយខ្ញុំសងសឹកអោយកូនគាត់។ដោយរកមិនឃើញគាត់ក៏វិលត្រលប់ទៅផ្ទះវិញ។ទោះជាយ៉ាងណាខ្ញុំក៏នៅតែបារម្ភពីការសងសឹក ព្រោះគិតថាបើឳវាមិនសងសឹកអោយក៏បងៗរបស់វានឹងសងសឹកអោយវាមិនខាន។ដល់ម៉ោងបាយល្ងាច ខ្ញុំចាប់ផ្ដើមភ័យបុកពោះ ព្រោះមិនដឹងជាខ្ញុំត្រូវទទួលរងការសងសឹកពីបងៗរបស់វាយ៉ាងណាទេ។ប៉ុន្តែខ្ញុំត្រូវតែទៅហូបបាយ ដោយមិនអាចគេចមុខពីវាបានឡើយ។លុះពេលខ្ញុំដើរទៅរោងបាយបានពាក់កណ្ដាលផ្លូវ ស្រាប់តែឃើញបងប្អូនប្រុសទាំងបីនាក់នោះគេកំពុងរង់ចាំខ្ញុំពីកាលណាជាមួយដុំថ្មក្នុងដៃគ្រប់គ្នាហើយវាក៏គប់តំរង់មកខ្ញុំទាល់តែត្រូវក្បាលបែកចេញឈាមទើបវាឈប់ហើយគេចមុខទៅ។សងសឹករួចហើយ លុះយូរថ្ងៃក្រោយមកក៏យើងនៅតែលេងជាមួយគ្នាទៀតដែរ។

Sad

Then Mardy/Facebook

ការចងចាំរបស់ខ្ញុំ(អាយុ៦ ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (13)

ទោះបីជានៅរោងបាយ គេមិនអោយបាយមានម្ហូបឆ្ងាញ់ឬគ្រប់គ្រាន់ក្ដី ក្រោយពីចេញពីសាលារៀនខ្ញុំអាចដើរហើរទៅនេះទៅនោះជាមួយអ្នកជិតខាងដូចជាទៅវាលស្រែ រកចាប់ក្ដាម ខ្យង ឬជួនកាលទៅឃ្វាលក្របីជាមួយឈី(កូនខ្មែរសុទ្ធ)និងជា(កូនកាត់ចិន)ដែលមិនមែនជាអ្នកជិតខាងទេតែឈីស្គាល់។ជាប្រឡែងលេងជាមួយខ្ញុំជួនកាលចង់ជ្រុលព្រោះថ្ងៃមួយបោកខ្ញុំផ្ដួលហើយបំរុងនោមដាក់ខ្ញុំទៀត តែដោយខ្លាចឈី ក៏នោមបង្ហួសក្បាលខ្ញុំទៅ។ពេលរដូវវស្សារកន្លងផុតទៅ ប៉ាគេអោយវិលមកផ្ទះមួយរយៈដើម្បីធ្វើចំការដំណាំបន្លែក្នុងចំការមួយមិនឆ្ងាយពីផ្ទះប៉ុន្មានទេ។ប៉ាបាននាំយកមកត្រីនិងកង្កែបប្រឡាក់អំបិលបន្តិចបន្តួចមកទុកលួចហូបនៅរោងបាយ។ប៉ុន្តែការធ្វើចំការនិងការនេសាទក៏យ៉ាប់ដូចតែគ្នាហ្នឹង។ក្រោមកំដៅថ្ងៃ ប៉ាត្រូវរែកទឹកទៅស្រោចដំណាំបន្លែរាលថ្ងៃរសៀល។មានពូម្នាក់គាត់ធ្វើការប្រមូលលាមកពីបង្គន់នៅតាមរោងបាយហើយយកមកអោយគេលាយធ្វើជីស្រោចដំណាំបន្លែសហករណ៌ ជាពិសេសសំរាប់ស្រោចដំណាំស្ពៃក្ដោបបតែម្ដងឆាប់លូតលាស់លឿន។ទោះបីយ៉ាងណា មិនយូរប៉ុន្មាន គេក៏អោយប៉ាទៅធ្វើការនៅចំការធំឆ្ងាយពីភូមិដោយយូរៗទើបអាចមកផ្ទះម្ដង។ពេលរសៀលខ្ញុំនៅផ្ទះ ហើយមុនដល់ម៉ោងបាយល្ងាច បងថាល់និងខ្ញុំទៅរែកទឹកមួយប៉ោតជាមួយគ្នានៅអណ្ដូងទឹកឆ្លងថ្នល់ខាងមុខផ្ទះ មកស្រោចដំណាំបន្លែរបស់យើងជាពិសេស។រដូវច្រូតកាត់ជិតមកដល់ មិនសូវមានភ្លៀងធ្លាក់ ធ្វើអោយបរិវេណដីរឹងស្ងួត ហើយដំណាំបន្លែត្រូវការស្រោចទឹករាល់ថ្ងៃ។ចំណែកប្រជាជនខ្មែរទូទាំងប្រទេសដែលជាចំណាប់ខ្មាំងរបស់ខ្មែរក្រហមត្រូវបង្ខំធ្វើការកសិកម្ម ជីកទំនប់ប្រឡាយគ្មានស្រាកស្រាន្តក្រោមកំដៅថ្ងៃ ខ្យល ភ្លៀង ក្នុងសម្លៀកបំពាក់អាវខ្មៅដែលរឹតតែស្រូបកំដៅថ្ងៃធ្វើអោយក្ដៅស្អុះជាទីបំផុត។សម្លៀកបំពាក់ណាដែលមិនមែនពណ៍ខ្មៅ ខ្មែរក្រហមអោយយកទៅជ្រលក់ជ័រម៉ាក់ក្លឿពណ៍ខ្មៅ។ប្រជាជនខ្មែររងទុក្ខទារុណធ្ងន់ធ្ងរឬស្រាលទៅតាមតំបន់នីមួយៗព្រោះនៅតំបន់ខ្លះ ប្រជាជនធ្វើការបាក់កម្លាំងហើយ ទទួលទានបាយមិនគ្រប់គ្រាន់ ហើយត្រូវខ្មែរក្រហមវាយធ្វើបាបឬយកទៅសម្លាប់ចោល។ប៉ុន្តែប្រសិនជាធ្លាក់ខ្លួនឈឺ ក៏ទៅដេកមន្ទីរពេទ្យដែលគ្មានវេជ្ជបណ្ឌិតគ្មានថ្នាំព្យាបាលត្រឹមត្រូវឡឿយ។ជួនកាលខ្មែរក្រហមវាថាអ្នកធ្លាក់ខ្លួនឈឺថាធ្វើពុតជាឈឺដោយនិយាយដៀមដាមដាក់ដូច្នេះថា៖គ្រុនញាក់គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន ខ្យល់ឌិល។

ការចងចាំរបស់ខ្ញុំ(អាយុ៦ ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (12)

មួយថ្ងៃៗ រោងបាយហាក់ដូចជាគ្មានអ្វីធ្វើម្ហូបសំរាប់អោយយើងហូបជាមួយបាយទេ។ឯណាទៅមាន់ទានិងបន្លែបង្កាដែលប្រមូលពីកសិដ្ឋានពីឬពីផ្ទះអ្នកភូមិ?ឬនេះសំរាប់តែមេខ្មែរក្រហមទេ?ខ្ញុំចាំបានថាមានថ្ងៃមួយ ចុងភៅបបួលក្មេងៗដោយទាំងខ្ញុំផងដែលមកចាំកោសបាយក្ដាំងទៅរកក្ដាមខ្យងនៅឯវាលស្រែ ដើម្បីយកមកធ្វើម្ហូបសំរាប់ពេលល្ងាច។ប៉ុន្តែខ្ញុំចាំបានថាមិនដែលបានហូបបាយជាមួយម្ហូបឆ្ងាញ់ៗម្ដងណាទេ គឺមិនដែលស្គាល់ទេឆាក្ដាម ខត្រី សម្លការីសាច់មាន់ឬត្រីរស់ សម្លម្ជូរគ្រឿង…ហើយសូម្បីផ្លែឈើនិងបង្អែមសំរាប់ហូបបាយហើយក៏គ្មានដែរ។ផ្ទះយើងដាំបន្លែជាច្រើន ហើយថែមទាំងចិញ្ចឹមមាន់ទៀត ក៏យើងមិនដែលបានហូបបន្លែនិងមាន់របស់យើងម្ដងណាទេ។យើងមានតែលួចបេះហូបខ្លួនឯងជាឯកជនដូចជាត្រកួនជ្រក់ ម៉ាក់ធ្វើដាក់ក្រឡហើយលាក់ទុក។ពេលខ្ញុំហេវ ក្រៅម៉ោងបាយ ខ្ញុំក៏ទៅលូកដៃយកត្រកួនជ្រក់មកហូបលេងហើយចូលចិត្តហូបព្រោះឆ្ងាញ់។ជួនកាលប្រសិនជាមានមាន់ណាឈឺងាប់ យើងអាចយកវាទៅប្រឡាក់អំបិលទុកអាំងហូបលួចលាក់ក៏បានព្រោះយើងពុំបានសម្លាប់វាទេ។រោងបាយក៏មិនដែលធ្វើជ្រក់ត្រកួនឬស្ពៃអោយអ្នកភូមិហូបឡើយ។តាមគិតមើលទៅ សំរាប់រោងបាយនីមួយៗ ដូចជាមិនខ្វះទេម្ហូបអាហារសំរាប់ធ្វើអោយអ្នកភូមិហូប ព្រោះផ្ទះអ្នកភូមិនីមួយៗសឹងមានដាំបន្លែបង្កានិងចិញ្ចឹមមាន់ ទា ជ្រូក គោ ក្របី គ្រប់គ្នា។នៅផ្ទះខ្ញុំមានចិញ្ចឹមមាន់មួយទ្រុងដែរ។មានមេមាន់ខ្មៅមួយក្បាលទើបនឹងបានកូនមួយហ្វូងបណ្ដើរ។ព្រឹកថ្ងៃមួយ ខ្ញុំឮកូនវាយំចែបៗជុំវិញមេវាដែលហៅកូនឮស្រែកក្រុកៗ ប៉ុន្តែមិនឃើញវាបណ្ដើរកូនចេញពីក្រោមផ្ទះសោះចឹង?ខ្ញុំក៏ចុះទៅមើល ឃើញមេមាន់នៅតែក្រាបនឹងដីនៅឡើយ។ចុះហេតុអីបានជាមិនក្រោកបណ្ដើរកូនទៅរកចំណីទៅ?ខ្ញុំទៅចាប់វាលើកឡើង តែលើកមិនរួចព្រោះគូថរបស់វាត្រូវកណ្ដៀរពូនសំបុកជាប់នឹងដីជិតដល់ទ្រូង។ដូច្នេះខ្ញុំក៏កាយដីកណ្ដៀរចេញហើយក៏វាអាចងើបបណ្ដើរកូនចេញទៅ។ខុសពីខ្ញុំៗជាច្រើនខែថ្ងៃហើយ រាល់ពេលព្រឹក ភ្ញាក់ពីដំណេក ខ្ញុំបើកភ្នែកទាំងសងខាងមិនបានទេ ព្រោះអាចម៍ភ្នែកខ្ញុំចេញមកច្រើនហើយស្អិតជាហេតុនាំអោយត្របកភ្នែកស្អិតជាប់គ្នា ។លុះទាល់តែខ្ញុំលុបមុខជំរះអាចម៌ភ្នែកចេញ ទើបអាចបើកភ្នែកបាន។ព្រឹកមួយប៉ាឃើញដូច្នោះ ក៏ប្រាប់ខ្ញុំអោយទៅនោមហើយក្បង់ទឹកនោមមកលុបមុខសំអាតភ្នែកហើយធ្វើដូច្នេះរាល់ថ្ងៃលុះទាល់តែវាបាត់។នេះជាអាការៈរោគមួយដែរដែលមានទឹកនោមជាថ្នាំព្យាបាល។

ការចងចាំរបស់ខ្ញុំ(អាយុ៦ ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (10)

ផ្លាស់មកនៅផ្ទះថ្មីក្នុងភូមិតារាជនេះមិនបានប៉ុន្មានថ្ងៃផង ខ្ញុំត្រូវទៅរៀនរាល់ថ្ងៃតែមួយព្រឹកប៉ុណ្ណោះ ឯបងថាល់នៅផ្ទះមើលប្អូនស្រីលីន។ប៉ាគេអោយទៅធ្វើការនៅចំការ យូរៗមកលេងផ្ទះម្ដងបានពូជអំពៅមកដាំនៅផ្ទះ។ចំណែកបងមុំ បងធួក គេអោយទៅធ្វើការកងចល័ត(កំសត់ណាស់ ក្មេងជំទង់ទាំងអស់ត្រូវខ្មែរក្រហមបង្ខំអោយទៅធ្វើការកងចល័ត យូរៗមកផ្ទះម្ដងដូចប៉ាដែរ)។ចំណែកម៉ាក់ គេអោយធ្វើការកសិកម្ម ឬក្នុងសហករណ៏ ដល់ល្ងាចវិលផ្ទះវិញបានដើម្បីមើលកូនតូចៗផង។ប៉ុន្តែរាល់ថ្ងៃ ក៏ដូចយើងគ្មានជួបប៉ាម៉ាក់និងបងទាំងពីរឡើយ។យើងទាំងបីនៅឯផ្ទះមានអារម្មណ៍ដូចក្មេងកំព្រាទាំងឪពុកម្ដាយ ព្រោះម៉ាក់ជារៀងរាល់ថ្ងៃ ត្រូវក្រោកទៅធ្វើការដកស្ទូងនៅម៉ោងបីមុនម៉ោងមាន់រងាវ ជាម៉ោងដែលកូនៗកំពុងដេកលង់លក់ មិនទាន់ភ្ញាក់នៅឡើយ។លុះដល់ពេលល្ងាចទើបបានឃើញមុខម៉ាក់មួយម៉ោងពីរម៉ោងមុននឹងចូលដំណេក។ម៉ាក់ងើបចេញទៅធ្វើការតាំងពីម៉ោងបីមុនថ្ងៃរះរហូតដល់ល្ងាចទើបត្រលប់មកផ្ទះវិញងូតទឹកហើយនឹងទៅហូបបាយនៅរោងបាយ រួចត្រលប់មកផ្ទះវិញត្រូវឆាប់ចូលគេងទៀតព្រោះខ្លាចគេវាយជួងនៅម៉ោងបីហើយមិនអាចភ្ញាក់ក្រោកឡើងបាន។ដោយសារការធ្វើការក្រោមពន្លឺថ្ងៃក្ដៅហែងជារៀងរាល់ថ្ងៃ ដៃ ជើង និងមុខមាត់របស់ម៉ាក់ឡើងសំបុរខ្មៅហើយម៉ាក់ស្រកទំងន់ព្រោះការហូបអាហារមិនសូវគ្រប់គ្រាន់។នៅសាលារៀន ពេលព្រឹកមុនចូលថ្នាក់រៀន គ្រូបង្រៀននាំសិស្សឈរតំរង់ជួរគោរពទង់ជាតិ។គេអោយសិស្សប្រុសម្នាក់ ស្រីម្នាក់ទៅបង្ហូតទង់ជាតិនៅចំពោះមុខសិស្សសាលាក្នុងជួរទាំងអស់ច្រៀងចំរៀងភ្លេងជាតិ។រួចហើយ សិស្សនាំគ្នាដើរចូលក្នុងថ្នាក់រៀនដែលនៅជាប់គ្នាពីមួយទៅមួយ។ក្នុងថ្នាក់ គ្រូបង្រៀនតែនឹងក្ដារខៀនទេ ។ចំណែកសិស្ស មានតែក្ដារឆ្នួនដើម្បីសរសេរតាមគ្រូបង្ហាត់បង្រៀន។សិស្សសាលាគ្មានបានរៀនចេះចាំអ្វីទេ។ខ្ញុំមិនទាំងបានចាំថារៀនចេះចាំអ្វីខ្លះបន្តិចទេសូម្បីអោយចាំថាបានចេះអានឬចេះសរសេរពាក្យណាមួយ។សាលារៀនស្ថិតនៅឆ្ងាយពីផ្ទះប្រហែល៥០០ម៉ប៉ុណ្ណោះ។ខ្ញុំត្រូវដើរទៅរៀនម្នាក់ឯង ហើយក្នុងរដូវភ្លៀងធ្លាក់អញ្ចឹង វាពិតជាមិនស្រួលសំរាប់ក្មេងតូចដូចជាជាខ្ញុំឡើយ ជាពិសេសក្នុងពេលដើរលើឈើមូលមួយដើមដែលគេដាក់អោយឆ្លងកាត់អូរទឹកហូរមួយដែលមានបង្កាន់ដៃដែរ ប៉ុន្តែដូចជាគួរអោយខ្លាចរអិលធ្លាក់ទឹកណាស់។សិស្សសាលាខ្លះបានដឹងថាខ្ញុំជាអ្នកភ្នំពេញហើយក៏មានសិស្សម្នាក់ឬពីរនាក់ហាក់ដូចជាស្អប់ខ្ញុំព្រោះតែខ្ញុំជាអ្នកមកពីភ្នំពេញ។ដូច្នេះហើយពេលគេជួបខ្ញុំគេចូលចិត្តនិយាយដដែលៗថាត្រលប់ទៅភ្នំពេញវិញទៅ!ថ្ងៃមួយពេលដល់ម៉ោងថ្ងៃត្រង់ត្រូវចេញពីសាលារៀនមកផ្ទុះវិញ មានក្មេងម្នាក់ដែលស្អប់ខ្ញុំបានបបួលខ្ញុំរត់ប្រណាំងជាមួយវា ខ្ញុំក៏យល់ព្រម រួចហើយពេលចាប់ផ្ដើមរត់ចេញដំណើរ វាអោយខ្ញុំរត់ចេញមុនវាបន្តិចហើយវាយកជើងវាទាក់ជើងខ្ញុំអោយដួលហើយឈឺចុកចាប់រួចវានិងគ្នាវានាំគ្នាសើចលេងយ៉ាងសប្បាយ!ដោយឃើញថាមានសិស្សខិលខូចតាមធ្វើបាបខ្ញុំពេលដល់ម៉ោងទៅផ្ទះវិញ អ្នកគ្រូខ្ញុំតែងតែអោយខ្ញុំចាំសិស្សសាលាចេញទៅមុនអស់សិនទើបអោយខ្ញុំចេញតាមក្រោយ។លុះដល់ពេលមិនយូរប៉ុន្មានក្រោយមក ខ្ញុំក៏បានស្គាល់អ្នកជិតខាងខ្ញុំម្នាក់ឈ្មោះឈីប្រុសអាយុបងខ្ញុំពីរឬបីឆ្នាំ(ផ្ទះគាត់នៅបន្ទាប់ពីផ្ទះខ្ញុំខាងឆ្វេងដៃ)។គាត់ចិត្តល្អនឹងខ្ញុំ ដូច្នេះហើយខ្ញុំក៏ឈប់ខ្លាចនរណាធ្វើបាបខ្ញុំនៅសាលារៀនទៀតហើយព្រោះគាត់ជាមិត្តរួមថ្នាក់ហើយគាត់តែងជួយការពារខ្ញុំ។

ការចងចាំរបស់ខ្ញុំ(អាយុ៦ ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (9)

ផ្ទះរបស់យើងគឺជាជង្រុកស្រូវដែលគេកែច្នៃអោយចេញជាផ្ទះខ្ទមមួយមានជណ្ដើរឡើងត្រឹមតែបួនប្រាំកាំប៉ុណ្ណោះប៉ុន្តែមានបរិវេណជុំវិញទូលំទូលាយដែលអាចអោយយើងដាំដំណាំផ្សេងៗបានដូចជាបន្លែ ដំឡូង ពោត និងអំពៅដែលយើងដាំជុំវិញផ្ទះបានច្រើនជាងគេ។អំពៅយើងដាំមានសឹងគ្រប់ប្រភេទដែលប៉ាបានមកពីចំការសហករណ៍មានដូចជាអំពៅខ្មៅ អំពៅកៅឆ្នូត អំពៅត្រែង អំពៅឫស្សី អំពៅថ្លាន់ អំពៅពងមាន់…។ផ្ទះយើងអត់បង្គន់ទេ ហើយអណ្ដូងទឹកក៏អត់មានដែរ។ដូច្នេះមានតែទៅដងទឹកអណ្ដូងពីផ្ទះគេមកស្រោចដំណាំយើង។ចំពោះ ភោគផលដែលយើងខំដាំដុះព្រមទាំងមាន់បួនដប់ក្បាលដែលយើងចិញ្ចឹមដែរនោះនឹងបានទៅសហករណ៌សឹងទាំងអស់។មិនចាំយូរ ប៉ាក៏សង់បង្គន់តូចមួយនៅខាងក្រោយផ្ទះ។ប៉ុន្តែខ្ញុំអត់ចាំបានថារាល់ថ្ងៃទៅងូតទឹកឯណា?តាមមើលក្នុងរដូវភ្លៀងធ្លាក់ ខ្ញុំងូតតែទឹកភ្លៀងក៏បានហើយ។តាមខ្ញុំគិតថាប្រហែលជាយើងមានពាងទឹកសម្រាប់ត្រងទឹកភ្លៀងទុកប្រើដូចជាសម្រាប់ងូតនិងបោកខោអាវជាដើម។ចំពោះបង្គន់ដែលប៉ាបានសង់ឡើងនោះ ខ្ញុំប្រហែលបានប្រើតែមួយដងពីរដងទេ ព្រោះធំក្លិន ហើយក្នុងរដូវភ្លៀងធ្លាក់អញ្ចឹង ទឹកហូរចូលពេញបង្គន់ រឹតតែលែងចង់ចូល។ដូចនៅផ្ទះតាយាយដែរ បង្គន់នៅឆ្ងាយពីផ្ទះបន្តិច ហើយគ្មាននរណាចូលចិត្តប្រើ ដូច្នេះ សឹងគ្រប់គ្នា ពេលត្រូវទៅបត់ជើងធំ ក៏យកចបជីកទៅជាមួយផង។នៅផ្ទះខ្ទមយើងនេះ ខ្ញុំជួនកាលអត់ទាំងបានប្រើចបជីកផង ដោយគ្រាន់តែកាយដីនឹងមែកឈើ ក៏បានដែរ។ហើយដោយអត់មានទឹកឬក្រដាសប្រើ ខ្ញុំក៏យកមែកឈើតូចមកប្រើថ្មមៗ។មានថ្ងៃមួយក្មេងប្រុសធំម្នាក់ជាអ្នកជិតខាងខ្ញុំឈ្មោះនីលបានឃើញខ្ញុំធ្វើដូច្នេះក៏សើចចំអក។ផ្ទះអ្នកជិតខាងនេះនៅបន្ទាប់ពីផ្ទះខ្ញុំខាងឆ្វេងដៃ។គឺជាផ្ទះធំដូចផ្ទះរបស់តាយាយរបស់យើងដែរ។តាំងពីមកនៅផ្ទះថ្មីនេះខ្ញុំមិនដែលទៅលេងជាមួយគាត់និងប្អូនៗរបស់គាត់ទេ។តែប្អូនស្រីប្រុសរបស់គាត់មកលេងនឹងយើងច្រើនដងពេលដែលបងថាល់ អាលីន និងខ្ញុំនៅផ្ទះតែបីនាក់។ភាគច្រើនពួកគេនោះមិនមែនចង់មកលេងជាមួយនឹងយើងទេ តែមកស្អប់និងនិយាយស្ដីជេរយើង បីដូចយងជាសត្រូវនឹងពួកគេពីកាលណាអញ្ចឹង។ជួនកាលនាងធឿនជាប្អូនស្រីបន្ទាប់របស់នីលគប់ដុំដីឬអាចម៍គោចូលមកក្នុងផ្ទះយើងឬក៏បេះបោចដំណាំយើងចោល។ថេតជាប្អូនស្រីបន្ទាប់នាងធឿនជាក្មេងស្រីគគ្រាន់តែធ្វើតាមតែបងស្រីជាមួយប្អូនប្រុសប៉ុណ្ណោះ។

ការចងចាំរបស់ខ្ញុំ(អាយុ៦ ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (8 )

យើងអាចមានអំបិលឬស្ករត្នោតលាក់ទុកក្នុងហិបខោអាវយើង។តាំងពីបែកពីភ្នំពេញមក ខ្ញុំមិនដែលហូបបាយជាមួយទឹកប្រហុកនិងត្រកួនស្ងោរអញ្ចឹងទេ។ហេតុអីបានជាអោយហូបបាយជាមួយទឹកប្រហុកនិងត្រកួនស្ងោរហើយអួតថាបដិវត្តន៌មហាលោតផ្លោះមហាអស្ចារ្យ?នៅក្មេងតូចទើបតែអាយុប្រាំមួយ ប្រាំពីរឆ្នាំ ខ្ញុំហាក់ដូចជាមិនឆ្ងល់អ្វីបន្តិចសោះអំពីស្ថានភាពនៃប្រទេសជាតិ ។ដូច្នោះហើយ ខ្ញុំក៏មិនដែលសួរប៉ាម៉ាក់អំពីហេតុអ្វីបានជាយើងត្រូវគេជម្លៀសអោយមករស់នៅជនបទ ហើយត្រូវបង្ខំធ្វើពលកម្មកងចល័ត ការងារស្រែចំការគ្មានស្រាកស្រាន្តហើយហូបបាយរួមទាំងមិនគ្រប់គ្រាន់អញ្ចឹង?ខ្ញុំមិនដែលសួរថានរណាជាពួកទាហានអាវខ្មៅដែលគេហៅថាទាហានខ្មែរក្រហមនោះ?ហើយខ្ញុំក៏មិនដែលសួរថាហេតុអ្វីបានជាគេមិនអោយយើងវិលត្រលប់ទៅរស់នៅទីក្រុងភ្នំពេញវិញ?ចំរៀងខ្មែរក្រហមបទពពកពណ៍ខ្មៅរលាយហើយណា៎ រស្មីភ្លឺថ្លា កិត្តិយសចាំងចែង….។តាមពិតពួកគេទេជាពពកពណ៍ខ្មៅនោះដែលធ្វើអោយអាប់រស្មី អាប់កិត្តិយសដល់ពលរដ្ធខ្មែរទាំងអស់ដែលត្រូវពួកវាធ្វើបាប កាប់សម្លាប់យ៉ាងរង្គាលគ្មានប្រណីសូម្បីស្រ្តីមានផ្ទៃពោះ និងទារកក៏ត្រូវវាវាយធ្វើបាបនិងសម្លាប់ចោលដែរ។ខ្មេរយើងអ្នកក្រុងភ្នំពេញជាច្រើនត្រេកអរជាមួយពួកវាចំពោះជ័យជំនះ១៧មេសា១៩៧៥ដោយគិតថាថ្ងៃនោះចប់សង្រ្គាមហើយមានសន្តិភាពដោយមិនដឹងខ្លួនថាប្រទេសជាតិទាំងមូលកំពុងធ្លាក់ចូលក្នុងរណ្ដៅមរណៈឡើយ។