Monthly Archives: ខែមករា 2024

ជីវប្រវតិ្តសង្ខេបរបស់លោកប៉ាខ្ញុំ(ថេន ប៉េង)

លោកប៉ាកើតនៅក្នុងឆ្នាំ១៩៣៥នៅភូមិត្នោត ស្រុកកញ្ជៀច ខេត្តព្រៃវែង។លោកប៉ាមានឳពុកឈ្មោះកែវ ថេន និងម្ដាយឈ្មោះហ៊ាន មុជ។លោកប៉ាជាកូនទីពីរក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួនប្រាំបីនាក់។លោកប៉ាជាកូនកសិករសុទ្ធសាធ។កាលនៅពីកុមារ លោកប៉ាបានទៅនៅវត្តត្នោតដើម្បីសិក្សារៀនសូត្រនិងបំរើព្រសង្ឃផង។លុះបានអាយុជាង១០ឆ្នាំ លោកប៉ាក៏បានទៅរៀននៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៤៨។នៅឆ្នាំ១៩៤៩ លោកប៉ាបានមករៀននៅថ្នាក់កុមារដ្ឋាននៃសាលាបឋមសិក្សាចាក់អង្រែ នៅទីក្រុងភ្នំពេញ។លុះដល់ឆ្នាំ១៩៥៤ លោកប៉ាក៏បានប្រឡងជាប់វិញ្ញាបនប័ត្របឋមសិក្សា(Certificat d’étude primaire complémentaire)ហើយបន្ទាប់មកលោកប៉ាបានប្រឡងចូលនៅថ្នាក់ទី៦នៃសាលាគរុវិជ្ជា ក្រុងភ្នំពេញ។នៅឆ្នាំ១៩៥៩ លោកប៉ាបានប្រឡងយកសញ្ញាប័ត្របញ្ចប់ការសិក្សា(diplôme de fin d’étude de formation des instituteurs)។រួចហើយ លោកប៉ាក៏បានធ្វើជាគ្រូបង្រៀននៅតាមបណ្ដាខេត្តមួយចំនួនរហូតមកគិតពីឆ្នាំ១៩៥៩ដល់ឆ្នាំ១៩៧៥ អស់រយៈពេល១៥ឆ្នាំ។នៅថ្ងៃទី៧ឧសភា១៩៦០ លោកប៉ាក៏បានរៀបអាពាហ៌ពិពាហ៌ ហើយមានកូន៦នាក់គឺកូនស្រី៤នាក់និងកូនប្រុស២នាក់(កូនប្រុសពៅ ស្លាប់នៅជំរំខៅអីដាងនៅថ្ងៃទី៣១ធ្នូ១៩៨៥)។ក្នុងចន្លោះឆ្នាំ១៩៧០-១៩៧៥ លោកប៉ាក៏បាននំាគ្រួសារមករស់នៅក្នុងទីក្រុងភ្នំពេញ ព្រោះតែប្រទេសខ្មែរយើងមានសង្រ្គាមជាមួយខ្មែរក្រហម។ប៉ុន្តែសូមជំរាបថានឹងមករស់នៅទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧០នោះ លោកប៉ាបានចូលបំរើការជាប៉ូលីស ហើយជាទាហានទៀតផងដែរព្រោះប្រទេសជាតិត្រូវការក្នុងកា់លៈទេសៈនោះ។លោកបានចូលច្បាំងនឹងយួនវៀតកុងក្នុងសមរភូមិមុខទៀតផងដោយគេអោយលោកប៉ាធ្វើជានាយទាហានត្រួតលើក្រុមទាហានចំនួនជាង១០នាក់។ក្នុងថ្ងៃមួយដែលលោកប៉ាចូលទៅច្បាំងនៅសមរភូមិមុខ លោកប៉ាបាននាំគ្នាចូលរណ្ដៅត្រងសេ ហើយបាញ់តំរង់ឆ្ពោះទៅសត្រូវ គឺបាញ់រហូតទាល់តែអស់គ្រាប់ លោកក៏លូនចេញទៅយកកគ្រាប់ដែលនៅបន្ទាយ ។ពេលយកគ្រាប់បានហើយក៏ស្រាប់តែ ពួកវៀតកុងបាញ់តបតមកវិញដោយគ្រាប់ធ្លាក់មកប្រសាចដូចទឹកភ្លៀងធ្លាក់ លោកប៉ាក៏មិនអាចវិលរណ្ដៅត្រង់សេវិញបាន ហើយលោកត្រូវសំងំពួនរហូតទាល់តែឈប់ឮសូរគ្រាប់កាំភ្លើងបាញ់ ហើយក៏វិលត្រលប់មករណ្ដៅត្រង់សេរបស់ខ្លួនវិញ ក៏បានកូនទាហានម្នាក់ដែលជ្រកក្នុងរណ្ដោះត្រង់សេជាមួយលោកប៉ា ត្រូវរបួសធ្ងន់គឺដាច់ភ្លៅម្ខាងហើយក៏ចាត់ការអោយនំាអ្នករបួសដែលមានទាំងប៉ុន្មានទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងសម័យប៉ុល ពត(សម័យខ្មែរក្រហម) លោកប៉ាក៏បាននាំគ្រួសារមករស់នៅឯស្រុកកំណើតរបស់លោកប៉ាក្នុងខេត្តព្រៃវែង។បន្ទាប់ពីសម័យប៉ុល ពតវិនាស់ទៅ លោកប៉ាក៏បាននាំគ្រួសារត្រឡប់ទៅរស់នៅឯទីក្រុងភ្នំពេញវិញដោយប្រកបរបរលក់ដូរនៅផ្សារទួល ទំពូង រហូតដល់ឆ្នាំ១៩៨៥ទើបនាំគ្នារត់ភៀសខ្លួនទៅប្រទេសថៃដោយស្នាក់នៅក្នុងជំរំខៅអីដាងអស់រយៈពេលជិត៤ឆ្នាំហើយក៏បានមកដល់ជំរំឈុនប៊ូរីហើយស្នាក់នៅទីនោះអស់រយៈពេលជាងកន្លះឆ្នាំ ទើបបានចាកចេញមកដល់ប្រទេសកាណាដានៅថ្ងៃទី១៩ឧសភា១៩៨៩។

ក្នុងចន្លោះឆ្នាំ១៩៩០-២០០០ លោកប៉ាបានធ្វើការនៅរោងចក្រក្រដាស់មួយអស់រយៈពេលត្រឹម២ឬ៣ឆ្នាំប៉ុណ្ណោះហើយក៏បានចូលនិវត្តន៌ក្នុងឆ្នាំ២០០៣។

លុះដល់ឆ្នាំ២០០៧ លោកប៉ាក៏មានជម្ងឺដុះសាច់ក្នុងខួរក្បាលហើយទទួលការវះកាត់យកសាច់ដុះចេញក្នុងឆ្នាំ២០០៨។បន្ទាប់មកទៀត លោកប៉ាបានទទួលការព្យាបាលជាបន្តបន្ទាប់ចំនួន៣ដងដោយកាំរស្មីLaser។មិនយូរប៉ុន្មាន ជម្ងឺផ្សេងៗទៀតក៏បានមកបៀតបៀនដែរដូចជាជម្ងឺលើសឈាមជាដើមរហូតធ្វើអោយលោកប៉ាថមថយកម្លាំងបន្តិចម្ដងៗ។លុះដល់ពាក់កណ្ដាលឆ្នាំ២០២៣នេះ លោកប៉ាក៏ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរហើយក៏ចេញចូលមន្ទីរទៅព្យាបាលនៅមន្ទីរពេទ្យSanta Cabriniរហូតដល់យប់ថ្ងៃអង្គារទី១៩ធ្នូរ២០២៣ លោកប៉ាក៏ទទួលមរណភាពទៅ។

លោក ប៉ា កូនចៅទាំងអស់សូមអរគុណលោកប៉ានិងអ្នកម៉ាក់ដែលបានបង្កើតនិងចិញ្ចឹមថែរក្សាកូនចៅតាំងពីដើមរហូតមក។កូនចៅទាំងអស់សូមជូនកុសលពរដល់វិញ្ញាណក្ខន្ធរបស់លោកប៉ាបានដល់សុគតិភពកុំឃ្លៀងឃ្លាតឡើយ