Monthly Archives: ខែមិថុនា 2011

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ១២)

នៅកណ្ដាលកំពែងព្រះរាជវំាង មានប្រាសាទមួយដែលមាន
កំពូលមាស មានឈ្មោះថាប្រាសាទភិមានអាកាស
រាជទូតចិនគឺលោកជីវ តាក្វាន់ បានហៅប្រាសាទនេះថា
ប្រាសាទកំពូលមាស។នៅជុំវិញប្រាសាទភិមានអាកាស
មានអាងទឹកធំពីរឬបីដែលស្ដេចខ្មែរអង្គរផ្ទុកទឹកសំរាប់ប្រើប្រាស់
ក្នុងព្រះរាជវំាង។អាងទឹកមួយដែលធំជាងគេមានបណ្ដោយ
ប្រវែងដល់ទៅ១២៥ម៉ែត្រនិងជំរៅ៨ម៉ែត្រ។ប្រាសាទភិមានអាកាសជា
ប្រាសាទដែលមានកំពូលតែមួយគឺកំពូលមាស ហើយមានជណ្ដើរ
ឡើងពីគ្រប់ទិសទំាងបួន។ប្រាសាទនេះ សាងឡើងមិនមែន
ឧទ្ទិសដល់ព្រះអាទិទេពអង្គណាមួយឡើយ តែសំរាប់ជាសំណាក់
របស់ព្រះរាជា។បើតាមលោកជីវ តាក្វាន់ មាននិទានមួយដំណាល
ដូច្នេះថា”ក្នុងប្រាសាទកំពូលមាស(ភិមានអាកាស)
មានព្រលឹងសត្វនាគមួយគង់នៅ ហើយតែងប្រែរូបជាទេពធីតា
ស្អាតមួយរូប ដើម្បីមកជួបរួមមេត្រីជាមួយព្រះរាជា មុនពេលដែលព្រះអង្គ
អាចទៅផ្ទុំនិទ្រាជាមួយនឹងព្រះមហេសី និងស្រីស្នំនៅឯព្រះរាជវំាង។
ប្រសិនមានរាត្រីណាមួយ នាងទេពធីតាមិនបានមកជួបរួមមេត្រី
ជាមួយព្រះរាជាទេ នោះនឹងមានកើតហេតុភេទអាក្រក់មួយឡើង
ដល់ព្រះរាជា គឺថាព្រះអង្គនឹងត្រូវមានគ្រោះថ្នាក់ដល់ជីវិត។ម្យ៉ាងវិញទៀត
បើព្រះរាជាមិនបានយាងមកជួបនាងទេពធីតាទេ នោះនឹងមាន
កើតសេចក្ដីលំបាកវេទនាដល់ប្រជារាស្រ្តទូទំាងនគរ។ប៉ុន្តែ ព្រះរាជា
ស្រលាញ់ប្រជារាស្រ្តរបស់ព្រះអង្គហើយប្រាថ្នាអោយប្រជារាស្រ្ត
រស់បានសេចក្ដីសុខសប្បាយ ។ដូច្នេះ ព្រះរាជាមានព្រះរាជកិច្ច
នេះត្រូវបំពេញ ទោះជាក្នុងកាលៈទេសៈល្អក្ដី អាក្រក់ក្ដី”។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ១១)

នៅសម័យមហានគរ រៀងរាល់ឆ្នំា ខ្មែរយើងតែងនំាគ្នាមកប្រារព្ធ
ពិធីបុណ្យប្រពៃណីជាតិនៅលើព្រលានរាជវំាង។មុនពេលចប់ពិធីបុណ្យ
មានពិធីសំដែងសិល្បៈផ្សេងៗ ដែលក្នុងនោះមានពិធីសំដែងសិល្បៈ
ពិសេសមួយគឺការសួព្រ័ត្រ នៅចន្លោះប្រាសាទនីមួយៗនៃប្រាសាទ
ទំាងដប់ពីរដែលក្រោយមកគេអោយឈ្មោះថាប្រាសាទសួព្រ័ត្រ ហើយ
សព្វថ្ងៃនេះមានអ្នកខ្លះហៅថាប្រាសាទនាងដប់ពីរ(ក្នុងរឿងនាងកង្រី)។
ព្រះមហាក្សត្រខ្មែរ ព្រមទំាងក្រុមព្រះរាជវង្សនិងនាម៉ឺនមន្រ្តី ចូលចិត្ត
គន់់មើលទស្សនីយភាពនេះពីលើទួលព្រលានដំរី។
លោកជីវ តាក្វាន់ ដែលធ្លាប់បានទស្សនាពិធីបុណ្យផ្សេងៗនៅទីនេះ
បានសរសេរដូច្នេះថា៖“ពេលព្រះមហាក្សត្រយាងចេញ
មកខាងមុខក្បួនដង្ហែ មានរាហ៍ពលអមមកជាមួយផង ហើយបន្ទាប់មក
មានក្រុមអ្នកលេងភ្លេង អ្នកកាន់់ទងទ័ព និងទង់ជ័យ ព្រមទំាងស្រីស្នំ
ជាច្រើនរយនាក់ដែលមានផ្កាក្រអូបលំអនៅលើសក់។ស្រីស្នំខ្លះ
កាន់់ចង្កៀងឬទៀនអុជភ្លើងទំាងកណ្ដាលថ្ងៃភ្លឺ ហើយខ្លះទៀតកាន់គ្រឿង
ចានឆ្នំាងនិងគ្រឿងតុបតែងផ្សេងៗ ដែលសុទ្ធតែធ្វើពីមាសនិងប្រាក់។
គ្រឿងប្រើប្រាស់ទំាងនេះគឺជាទ្រព្យសម្បត្តិរបស់ព្រះរាជវំាង។
បន្ទាប់មកទៀត មានក្រុមយុវនារីដែលប្រដាប់អាវុធដោយ
លំពែង និងខែល;គឺជាក្រុមសេនាមាត្យពិសេសរបស់ព្រះរាជា។
ចំណែកនៅខាងមុខក្បួនដង្ហែវិញ គេឃើញមាននាម៉ឺននិងក្រុមព្រះរាជវង្ស
ជិះលើខ្នងដំរី។នៅជុំវិញពួកគេ មានក្លស់(ឆ័ត្រ)បញ្ឈរខ្ពស់ឡើង
លើយ៉ាងច្រើនរាប់មិនអស់។មហេសីនិងស្រីស្នំរបស់ស្ដេចគង់នៅលើ
គ្រែស្នែងឬនៅក្នុងរាជរថឬក៏លើខ្នងដំរី ហើយអមទៅដោយក្លស់ដែល
មានរំភាយទឹកមាស។ព្រះមហាក្សត្រទ្រង់កាន់ព្រះខ័នមាស
ឈរលើខ្នងដំរីដែលប្រដាប់ដោយគ្រឿងបំពាក់មាស។“

ដូចដែលលោកជីវ តាក្វាន់់បានបញ្ជាក់ប្រាប់ហើយត្រូវគ្នានឹងរូបចម្លាក់លិប
នានាតាមជញ្ជំាងប្រាសាទដែលបង្ហាញក្បួនដង្ហែផ្សេងៗ, បុរសនិងស្រ្តីខ្មែរ
(នាសម័យនោះ)ពុំមានពាក់អាវទេ ។ឯចំណែកមហេសីស្ដេចនិង
ក្សត្រីរាជវង្សវិញ ក៏លែងដើមទ្រូងទទេដែរ។មានតែគ្រឿងអលង្ការប៉ុណ្ណោះ
ដែលគ្របលើដើមទ្រូងរបស់ពួកគេ។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ១០)

ពេលយើងបានឡើងទៅដល់ជាន់ទី៣ ហើយទស្សនាកំពូលប្រាសាទបាយ័ន
និងរូបចំលាក់តាមជញ្ជំាងផ្ទំាងថ្មអស់មួយសន្ទុះធំ ទាល់់តែល្មមអស់ចិត្ត
(តែខ្ញុំនៅមិនទាន់អស់ចិត្តទេ 😀 ) ទើបយើងចុះកំាជណ្ដើរដើម្បីចាកចេញ
ពីប្រាសាទតាមច្រកមួយនៅទិសខាងជើង។យើងដើរត្រង់់តាមផ្លូវថ្នល់ រួចបត់
ឆ្វេងតាមផ្លូវមួយដែលនំាចូលទៅកាន់ប្រាសាទបាពួន។បំណងរបស់យើងគឺ
ចង់់ចូលទស្សនាប្រាសាទនេះ ប៉ុន្តែពេលមកដល់ជិតច្រកចូល យើងពុំឃើញ
មានទេសចរណាម្នាក់សោះនៅក្នុងប្រាសាទ។នៅជិតមាត់ច្រកចូល មាន
ផ្លាកសញ្ញាមួយសរសេរប្រាប់ថា <កំពុងជួសជុល>។ហេតុនេះ យើងពុំអាច
ចូលទស្សនាប្រាសាទបាពួនបានទេ។តំាងពីមុនឆ្នំា១៩៧២ម្ល៉េះ បារំាងបានរៀបចំ
ជួសជុលប្រាសាឬបាពួនឡើងវិញ ប៉ុន្តែដោយស្ថានភាពស្រុកខ្មែរយើងមានសង្រ្គាម
បារំាងក៏ចាកចេញទៅ ទុកអោយប្រាសាទបាពួននៅតែបែកបាក់់ ហើយទ្រុឌទ្រោម
រហូតទាល់់សព្វថ្ងៃនេះ។
ប្រាសាទបាពួនត្រូវបានសាងឡើងដោយព្រះបាទឧទយាទិត្យាវរ្ម័នទី២
នៅពាក់កណ្ដាលសតវត្សទី១១។លោក ជីវ តាក្វាន់ដែលបានមកស្នាក់នៅអង្គរ
អស់់រយៈពេលជិតមួយឆ្នាំ នាចុងសតវត្សទី១៣បាននិទានដូច្នេះថា៖
ខាងជើងប្រាសាទកំពូលមាស(បាយ័ន)…លេចចេញឡើងនូវ
ប្រាសាទកំពូលសំរិទ្ធ(បាពួន)ដែលខ្ពស់ជាងប្រាសាទកំពូលមាសទៅទៀត;
នេះគឺជាទស្សនីយ៍ភាពមួយគួរអោយស្ញប់ស្ញែងពិតៗ ដោយនៅខាងក្រោម
មានបន្ទប់សំណាក់ដល់ទៅជាង១០បន្ទប់

ប្រាសាទបាពួន សង់នៅលើដីទួលមួយ ហើយបែរមុខទៅទិសខាងកើត។
ពេលខ្លះគេហៅប្រាសាទនេះថាប្រាសាទភ្នំបាពួន ព្រោះមកពីប្រាសាទនេះជា
និមិ្មតរូបនៃភ្នំព្រះសុមេរុ។ដូចប្រាសាទដទៃទៀតដែរ ប្រាសាទបាពួនមាន
កំពែងថ្មព័ទ្ធជុំវិញ ហើយមានថ្នាក់បីជាន់់ផងដែរអនៅតាមជញ្ជំាងថែវជុំវិញ
ប្រាសាទ មានរូបចម្លាក់លិបដែលត្រូវបានគេឆ្លាក់ក្នុងផ្ទំាងតូចៗរាងបួន
ជ្រុងស្មើ។ប៉ុន្តែ រូបចម្លាក់លិបទំាងនោះត្រូវសឹករិចរិល មិនអាចអោយមើល
ឃើញច្បាស់ជាអ្វីឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។
ដូចប្រាសាទបាយ័នដែរ បាពយនមានបណ្ណាល័យពីរនៅសងខាងច្រកចូល
ពីខាងក្រោយថែវជាន់ទីមួយផ្នែកខាងមុខ។ជាន់់ខាងលើបង្អស់ មានភាព
ទ្រុឌទ្រោមខ្លំាងដោយមកពីការបាក់បែកច្រើនដង។ព្រះបាទឧទយាទិត្យវរ្ម័នទី២
ជាអ្នកកាន់សាសនាព្រាហ្មណ៍ បានប្រារព្ធឧទ្ទិសប្រាសាទបាពួនដល់់ព្រះអាទិទេព
សិវ់ៈ ជាទីសក្ការបូជា។

ដោយប្រាសាទបាពួនមិនអាចទទួលទស្សនិកជនបាន ទើបយើង
ធ្វើដំណើរទៅមុខទៀតហើយបានមកដល់់ទួលព្រលានដំរីដែលស្ថិត
នៅក្បែរប្រាសាទបាពួន។ទួលព្រលានទួលដំរីបែរមុខទៅទិសខាងកើតដែរ
គឺនៅខាងមុខព្រះរាជវំាង ដោយមានបណ្ដោយប្រវែងជាង៣០០ម៉ែត្រ
ចាប់់តាំងពីប្រាសាទបាពួនរហូតទៅដល់ទួលព្រលានស្ដេចគម្លង់។

ទួលព្រលានដំរី មានជញ្ជាំងថ្មជាប់ផ្អឹបទៅនឹងដីទួល។នៅលើជញ្ជាំងនេះ
មានរូបចម្លាក់សត្វដំរីធំៗ លេចផុសឡើង ហាក់់ដូចជារស់រវើក។រូបចម្លាក់ដំរីខ្លះ
លេចក្បាល(ទំាងប្រម៉ោយនិងភ្លុក)ចេញមកក្រៅខុសប្លែកពីរូបចម្លាក់ដំរីដទៃទៀត
ដែលនៅរាបលើជញ្ជាំង។រូបចម្លាក់ដំរីទំាងនេះ ពិពណ៌នាអំពីដំណើរចេញទៅ
ប្រម៉ាញ់សត្វព្រៃ ឬ ដំណើរប្រពាតព្រៃរបស់ស្ដេច។តាមជញ្ជាំងដែលស្ថិតនៅ
ក្បែរច្រកចូលកំពែងព្រះរាជវំាង មានរូបចម្លាក់ផ្សេងៗទៀតក្រៅពីសត្វដំរី គឺសត្វ
គ្រុឌធំៗដែលនៅលើខ្នងគង់ដោយព្រះវិស្ណុ មានរាងទំនងដូចជារៀបហោះចេញ
ដំណើរ។នៅលើទួលត្រង់ច្រកចូលព្រះរាជវំាង មានរូបចម្លាក់សត្វសិង្ហពីរដែល
ឈរយាមអមជណ្ដើរឡើង។នៅពីក្រោយសត្វសិង្ហទំាងពីរ មានរូបចម្លាក់
សត្វនាគដែលដងខ្លួនវែងអន្លាយស្ថិតនៅសងខាងផ្លូវចូលព្រះរាជវំាង។នៅលើទួល
ព្រលានដំរីនេះ គេអាចឈរមើលព្រលានរាជវំាង ហើយនិងប្រាសាទ
សួព្រ័ត្រទំាង១២ប្រាសាទ។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ៩)

កាលណាយើងមកដល់ជាន់ទីពីរ បើយើងក្រលេកមើលជុំវិញខ្លួន យើង
នឹងឃើញភក្ត្រាថ្មស្អេកស្អះ ហាក់ដូចជាអណ្ដែតក្នុងអាកាសហើយសំឡឹង
មករកយើងដោយទឹកមុខញញឹមដ៏អាថ៌កំបំាង។ពេលនោះយើងនឹងមាន
អារម្មណ៍ហាក់ដូចជាចំលែកក្នុងចិត្ត ហើយឆ្ងល់ថាហេតុម្ដេចបានជាភក្រ្តា
ទំាងនេះញញឹម ហើយធ្មេចភ្នែកអញ្ចឹង?
បុរាណវត្ថុវិទូទំាងឡាយក្នុងលោកនៅតែមិនទាន់រកឃើញប្រស្នានេះនៅឡើយ។
អ្នកខ្លះយល់ថានោះគឺជាទឹកមុខញញឹម រាក់ទាក់របស់ជនជាតិខ្មែរទូទៅ
ដែលស្លូតត្រង់។អ្នកខ្លះទៀតយល់ឃើញផ្សេងទៅវិញហើយថាភក្រ្តាញញឹម
ធ្មេចនេត្រាទំាងនោះ លាក់់កំបំាងនូវសេចក្ដីអន្លង់អន្លោច និងភាពជូរចត់
របស់ប្រជារាស្រ្តខ្មែរ
។ភក្រ្តាមានភាពអន្លង់អន្លោចនិងជូរចត់ ព្រោះឃើញ
ទុក្ខវេទនារបស់មនុស្សលោក(ជាពិសេសជនជាតិខ្មែរ)ដែលមានជារៀងរាល់ថ្ងៃ។
ឯចំណែកភក្ត្រាសិលាខ្លួនឯង តំាងនៅស្ថិតស្ថេរជាប់នឹងកំពូលប្រាសាទ ជា
អមតៈ ផុតវិស័យមនុស្សលោក។មនុស្សជាសត្វមានទុក្ខ ហើយមិនអមតៈឡើយ។
ក្នុងចំណោមភក្រ្តាសិលាទំាងអស់ដែលនៅជុំវិញខ្លួន យើងមានអារម្មណ៍ជា
សត្វតូចល្អិត ទន់ខ្សោយ ហើយមានជីវិតមិនទៀងឡើយ។ចំណែកភក្រ្តាសិលា
មានមាឌធំ រឹងមំា ហើយអមតៈផ្ទុយពីលក្ខណៈយើងជាសត្វមនុស្សលោក។

នៅចំពោះមុខស្នាដៃនៃវិចិត្រសិល្បៈទំាងឡាយ យើងពុំមានអារម្មណ៍ដូចគ្នាទេ ។
យើងម្នាក់ៗមើលឃើញនិងមានអារម្មណ៍ខុសៗគ្នា។ហេតុដូច្នេះហើយ បានជា
វិចិត្រករគំនូរច្រើននាក់អាចគូររូបភាពតែមួយដូចគ្នា ប៉ុន្តែមានភាពត្រេកត្រអាល
ហើយខ្លះទៀតមានភាពស្រងេះស្រងោច។លោក Pierre Loti,អ្នកនិពន្ធជនជាតិបារាំង
នៃសៀវភៅមួយមានចំណងជើងថា“អ្នកធម្មយាត្រាទៅកាន់
អង្គរ
“បានសរសេរថាសិរសីសិលាបាយ័នញញឹម
ក្រោមនាសាសំប៉ែតនិងនេត្រាធ្មេច ដូចជាដូនចាស់ដែលចង់សើចចំអក

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ៨)

ប្រាសាទបាយ័នត្រូវបានសាងឡើង ក្រោយប្រាសាទអង្គរវត្តប្រហែល
រយៈពេលមួយរយឆ្នំា ប៉ុន្តែបានទទួលរងនូវភាពទ្រុឌទ្រោមជាងប្រាសាទ
អង្គរវត្តច្រើនណាស់។គេ មិនដឹងជាហេតុអីបានជាប្រាសាទបាយ័ន
បែរជាខូចខាតយ៉ាងដំណំដូច្នេះ?ប្រហែលជាប្រាសាទបាយ័នទទួលរង
ការយារយីពីខ្យល់ព្យុះ ភ្លឿងញឹកញាប់់ពេក(ចុះប្រាសាទអង្គរវត្តដែលនៅក្បែរ
ម្ដេចមិនអី?)? ឬមួយបណ្ដាលមកពីគ្មានមនុស្សនៅថែរក្សា រហូតទាល់តែរុក្ខជាតិ
ដុះចាក់ស្រេះពីលើហើយត្រូវខូចខាតពេលគេកាប់ឆ្ការព្រៃ?ប៉ុន្តែ សង្រ្គាមជាមួយសៀម
និងចាមក្នុងសតវត្សទី១៣និង១៤ជាដើមហេតុពិតមួយដែលនំាអោយប្រាសាទខ្មែរ
នានានៅអង្គរទទួលរងការដុតបំផ្លាញយ៉ាងខ្ទេចខ្ទីពេលដែលសត្រូវវាយលុកលុយ
មកដល់។តាមខ្ញុំគិត បានជាប្រាសាទបាយ័នទទួលរងនូវការខូចទ្រុឌទ្រោមមួយ
ផ្នែកធំដោយសារ មកពីប្រាសាទបាយ័នមានកំពូលកណ្ដាលធ្វើពីមាសហើយនិង
មានរូបចំលាក់មាសដាំពេជ្រជាច្រើននៅក្នុងប្រាសាទបាយ័ន ដូច្នេះហើយបានជា
សត្រូវវាយគាស់យកដោយធ្វើអោយខូចខាតយ៉ាងដំណំ។

ប្រាសាទបាយ័ន ដូចប្រាសាទភាគច្រើននៅអង្គរមានរាងជា
សាជីជ្រុង(Pyramid) កំពស់បីជាន់ហើយស្ថិតនៅលើផ្ទៃដីរាងបួនជ្រុងស្មើ
មានទំហំប្រហែល៦០០០ម៉ែត្រ ការ៉េ។ជាន់ទីមួយនិងទីពីរ ព័ទ្ធជុំវិញទៅដោយ
ថែវប្រក់ដំបូលជាមួយនឹងកំពូលប្រាសាទដែលស្ថិតនៅចុងជ្រុងនីមួយៗ
និងពាក់កណ្ដាលជ្រុងថែវ។ក្រោមកំពូលទំាងនេះ គឺជាច្រកចូលទៅខាង
ក្នុងប្រាសាទ។កំពូលផ្សេងទៀតដែលស្ថិតនៅជាន់ទីពីរ លេចខ្ពស់ឡើង
ព័ទ្ធជុំវិញកំពូលធំកណ្ដាល ដែលខ្ពស់ជាងគេហើយមានវិជ្ឈមាឌប្រវែង២៥ម៉ែត្រនិង
ខ្ពស់ផុតពីដីប្រមាណ៤៥ម៉ែត្រ។កំពូលប្រាសាទបាយ័នមានទំាងអស់ចំនួន៥៤។
កំពូលនីមួយៗមានរូបមុខមនុស្សបួនធំៗ ញញឹមធ្មេចភ្នែក បែរទៅរកទិសនីមួយៗ
នៃទិសទាំងបួនរៀងៗខ្លួន។មុខទំាងបួននៃកំពូលនីមួយៗតាមអ្នកខ្លះយល់ថាជាព្រះភ័ក្រ្ត
របស់ព្រះព្រហ្មដែលជាអាទិទេពបង្កើតលោក(តាមលិទ្ធិព្រាហ្មណ៍សាសនា)។
ឯអ្នកខ្លះទៀតយល់ថាជាព្រះភ័ក្រ្តរបស់ព្រះពោធិសត្វអវលោកិតេស្វរៈ ហើយថា
ជាតំណាងនៃអំណាចនិងឆន្ទៈរបស់ព្រះមហាក្សត្រខ្មែរដែលទទួលបន្ទុក
ការពារនគរគ្រប់ទំាងបួនទិស។

កំពូលមុខបួនកណ្ដាល ស្ថិតនៅជាន់លើគេបង្អស់គឺជាន់ទីបី ដែលមានរាង
មូលតូច។ជណ្ដើរឡើងទៅជាន់ទីបី មានតែម្ខាងទេ គឺនៅទិសខាងកើត។
ក្រោមកំពូលកណ្ដាលនេះគឺជាបន្ទប់មួយដែលមានផ្លូវដើរព័ទ្ធជុំវិញ រាងតូច
ចង្អៀត។ឯចុងកំពូលនោះ គឺពិតជាចុងកំពូលមាស ដូចដែលលោកជីវ តាក្វាន់
បាននិយាយដូច្នោះ។នៅលើកំពូលនីមួយៗមានទំររាងជាផ្កាឈូករីក ប៉ុន្តែ
ពុំមានឃើញទ្រអ្វីទេ។បើតាមលោកជីវ តាក្វាន់,ចុងកំពូលកណ្ដាលគឺជា
កំពូលមាស។

ថែវនៅជាន់ទីមួយ ពុំមានដំបូលទេ ព្រោះត្រូវបាក់បែកខ្ទេចខ្ទីអស់ហើយ
សល់តែសសរតំរៀបគ្នាជាជួរ ហើយនិងជញ្ជាំង។មានអ្នកខ្លះសង្ស័យថាថែវនេះ
ប្រក់ដំបូលដែលធ្វើពីឈើទើបមិនអាចគង់វង្សនៅបានរហូតទាល់សព្វថ្ងៃ។
មានបណ្ណាល័យពីរ,មួយនៅជ្រុងខាងឆ្វេងនិងមួយទៀតនៅជ្រុងខាងស្ដាំ
គឺពីក្រោយថែវខាងមុខ។ នៅតាមសសរ ហើយជាពិសេសគឺនៅតាមជញ្ជំាង
ថែវនៃប្រាសាទទំាងមូល មានច្រើនតែរូបចម្លាក់លិបដែលពណ៌នាពីជីវភាព
របស់ប្រជារាស្រ្តនិងការធ្វើសង្រ្គាមរវាងទ័ពខ្មែរនិងទ័ពចាមក្នុងរជ្ជកាលនៃ
ព្រះបាទជ័យវរ្ម័នទី៧ ។តាមជញ្ជាំងដែលនៅចុងជ្រុងថែវជាន់ទីមួយខាងឆ្វេង
ច្រកចូល មានរូបចំលាក់លិប បង្ហាញពីក្បួនដង្ហែទ័ពថ្មើរជើង ដែលប្រដាប់
អាវុធដោយលំពែងស្រួចៗវែងៗហើយនិងក្បួនដំរី។ទ័ពខ្មែរទំាងនេះ ប្រហែល
ទើបនឹងត្រលប់មកពីធ្វើសង្រ្គាម ដោយជោគជ័យហើយ។មួយផ្នែកទៀត
ដែលនៅជាប់នឹងច្រកចូលប្រាសាទ (ខាងឆ្វេងដៃ) មានរូបចម្លាក់លិប
បង្ហាញពីក្បួនទ័ពខ្មែរដែរ តែខាងចុងកន្ទុយក្បួនមានរទេះគោ មានមនុស្សជញ្ជូន
ឥវ៉ាន់ មានស្រ្តី មានក្មេងដែលទំនងជាប្រពន្ធកូនរបស់់អ្នកធ្វើសង្រ្គាម។
តែចំណែកនៅខាងមុខក្បួនដង្ហែវិញមានសុទ្ធតែទ័ពជិះសេះ និងទ័ពថ្មើរជើង
ដែលស្លៀកពាក់់ខោអាវហើយមានរបៀបសក់់កាត់់ចំលែក។

ចម្លាក់លិបនៅតាមជញ្ជំាងថែវ ខាងត្បូង ផ្នែកខាងស្ដំា គឺជាទស្សនីយភាព
ដែលពណ៌នាអំពីចំបាំងរបស់ទ័ពខ្មែរ តទល់នឹងទ័ពចាម ដែលទើបនឹងចុះ
ពីទូកមកលើច្រំាងទន្លេសាប។មានទ័ពចាមខ្លះ រៀបខ្លួននឹងចុះចេញពីទូក
មកលើដីគោកដើម្បីធ្វើចំបំាង។មានទូករបស់ទ័ពរបស់ទ័ពចាមជាច្រើនដែល
មានអ្នកចែវសុទ្ធសឹងជាជនជាតិខ្មែរដែលចាមចាប់ធ្វើជាឈ្លើយ។នៅបន្ត
បន្ទាប់់ពីរូបភាពនេះ គេឃើញមានការប្រឈមមុខគ្នារវាងទ័ពខ្មែរ និងទ័ពចាម
នៅលើដីគោកដែលប្រដាប់អាវុធដោយលំពែង ធ្នូ និងខែលទំាងសងខាង។
ទ័ពចាម គេសំគាល់ដោយមានពាក់់មួក រាងដូចជាផ្កាឈូកផ្កាប់ចុះក្រោម។
ចំណែកឯទ័ពខ្មែរ គេសំគាល់បានដោយមិនមានពាក់់មួកប៉ុណ្ណោះ គឺក្បាលទទេ
ហើយស្លៀកពាក់ខុសប្លែកពីទ័ពចាម។ ចំណែកនៅថែវ ឬ បន្ទប់ជាន់ទីពីរ មានរូប
ចំលាក់់ដែលសុទ្ធតែពណ៌នាអំពីឆាករឿងរាមកេរ្តិ៍,ឆាករឿងនិទាន(ដូចជារឿង
ស្ដេចគម្លង់់ជាដើម) ហើយមានរូបចម្លាក់ទេពអប្សរ និងអាទិទេពផ្សេងៗ។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ៧)

លុះបានរួចរវល់នឹងចំបំាងហើយ ទើបព្រះអង្គចាប់ផ្ដើមកសាងនគរ
ឡើងវិញ។ព្រះអង្គបានស្ថាបនាអង្គរធំ ហើយសាងសង់់ប្រាសាទថ្មធំៗ
ជាច្រើននៅក្នុងអង្គរធំក៏មាន នៅខាងក្រៅក៏មាន។ក្រៅពីនេះ ព្រះអង្គ
បានរៀបចំស្ថាបនាវត្តអារាម សាលាសំណាក់សំរាប់អ្នកដំណើរ ហើយបាន
សង់មន្ទីរពេទ្យចំនួន១០២ នៅពេញនគរដើម្បីថែទំាសុខភាព
ប្រជារាស្រ្តរបស់ព្រះអង្គ។

ព្រះបាទជ័យវរ្ម័នទី៧ ជាមហាក្សត្រមួយព្រះអង្គប្រកបដោយមេត្តាធម៌។
ព្រះអង្គឈឹចាប់ព្រះទ័យចំពោះទុក្ខលំបាករបស់ប្រជារាស្រ្តជាង
ទុក្ខលំបាកផ្ទាល់របស់ព្រះអង្គ
។ចរិយារបស់ព្រះអង្គបង្ហាញអោយឃើញថា
ព្រះអង្គស្រឡាញ់សន្តិភាព និងវិស័យវិចិត្រសិល្បៈណាស់។

ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ប្រទេសខ្មែរបានប្រកបដោយសន្តិភាព
រឹងមាំ។ គឺសន្តិភាពនេះហើយដែលអនុញាតិអោយព្រះអង្គកសាងនិងរៀបចំ
ប្រទេសឡើងវិញដោយធ្វើការស្ដារសេដ្ឋកិច្ចជាតិ ហើយនិងស្ថាបនារាជធានី
អង្គរធំឡើងវិញបាន។ព្រមពេលជាមួយគ្នានេះ ប្រាសាទថ្មធំៗ ក៏ត្រូវបាន
សាងសង់ដែរ ដូចជាប្រាសាទបាយ័ន ទួលព្រលានដំរី
ទួលព្រលានស្ដេចគម្លង់ ប្រាសាទប៉ាលីល័យ ប្រាសាទសួព្រ័ត្រ
ប្រាសាទតាព្រហ្ម ប្រាសាទតាសោម ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយក្ដី
ប្រាសាទនាគព័ន្ធ ស្រះស្រង់
និងប្រាសាទក្រោលគោ
ជាដើម។ល។ ប្រាសាទដែលព្រះបាទជ័យវរ្ម័នទី៧បានសាងសង់នោះ
មានច្រើនណាស់ ហើយមិនមែនមាននៅតែអង្គរទេ គឺមាននៅពេញក្នុង
មហានគរខ្មែរ។ គឺព្រះអង្គហើយដែលជាស្ដេចបានសាងប្រាសាទច្រើនជាងគេ
ក្នុងមហានគរខ្មែរ

ក្រោយពីបានថតរូបនិងគន់មើលរូបចំលាក់ថ្មធំៗនៅពីមុខក្លោងទ្វារ
អស់រយៈពេលជាយូរបន្តិចមក ទើបយើងនំាគ្នាឡើងជិះឡានចូលក្នុងអង្គរធំ។
ដំណើររបស់យើងគឺឆ្ពោះត្រង់ទៅប្រាសាទបាយ័ន ដែលស្ថិតនៅ
ចំកណ្ដាលរាជធានីអង្គរធំ
។យើងចូលទស្សនាប្រាសាទបាយ័ន
តាមច្រកចូលពីទិសខាងកើត។ប្រាសាទបាយ័ន ដូចប្រាសាទដទៃដែរ គឺ
បែរមុខទៅទិសខាងកើត។ទេសចរភាគច្រើន ចូលចិត្តមកទស្សនាប្រាសាទ
នេះនៅវេលាព្រឹក ព្រោះមានអាកាសធាតុមិនសូវក្ដៅ ហើយពន្លឺថ្ងៃចំាង
បំភ្លឺប្រាសាទបានច្បាស់ល្អរហូតទាល់ថ្ងៃត្រង់។

ទេសចរទាំងឡាយ កាលបើបានមកដល់់ច្រកចូលលើផ្លូវក្រាលផ្ទំាងថ្ម
នៅពីមុខប្រាសាទបាយ័នហើយ ក៍នៅឈរសំលឹងមើលកំពូលប្រាសាទ
ហាក់ដូចជាចំលែកក្នុងចិត្ត ដោយឃើញកំពស់និងទំហំមាឌប្រាសាទដ៍
ធំស្កឹមស្កៃ។ បាយ័នគឺជាប្រាសាទមួយ ក្នុងចំណោមប្រាសាទនានា
លើលោក ដែលគួរអោយស្ញប់ស្ញែងនិងចាប់អារម្មណ៍ជាងគេ
នាគ្រប់សម័យកាល។ពុំមាននរណាម្នាក់ឈរអើពើ នៅចំពោះមុខភាព
ចម្លែកអស្ចារ្យ ហើយប្រកបដោយភាពអាថ៌កំបាំងនៃប្រាសាទនេះឡើយ។
បន្ទាប់ពីប្រាសាទអង្គរវត្ត មានតែប្រាសាទបាយ័នទេ ដែលទាក់ទាញទេសចរ
អោយមកទស្សនាបានច្រើនជាងគេ ព្រោះថាប្រាសាទទំាងពីរនេះ មានទំហំ
ធំគួរអោយស្ញប់់ស្ញែង ហើយមានក្បាច់ចំលាក់ដ៍វិចិត្រក្រៃលែង។
ប្រាសាទបាយ័នស្ថិតនៅក្នុងព្រៃឈើធំដែលដុះព័ទ្ធជុំវិញ ហើយហាក់
ដូចជាលាក់កំបាំងប្រាសាទនេះអញ្ចឹង។ខុសប្លែកពីប្រាសាទដទៃទៀត
ប្រាសាទបាយ័នពុំមានកំពែងព័ទ្ធជុំវិញទេ ។ប៉ុន្តែទោះបីយ៉ាងណា ប្រាសាទ
បាយ័នក៏បានស្ថិតនៅក្នុងកំពែងអង្គរធំដែរ។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ៦)

ប្រាសាទទំាងឡាយដែលស្ថិតនៅក្នុងកំពែងអង្គរធំ ពុំមែនសុទ្ធតែ
ជាស្នាដៃរបស់ព្រះបាទជ័យវរ្ម័នទី៧ទេ តែខ្លះជាប្រាសាទដែលជា
កេរដំណែលរបស់ស្ដេចជំនាន់មុនៗ ឧទាហរណ៍ ប្រាសាទបាពួន
ត្រូវបានសាងឡើងដោយព្រះបាទឧទយាទិត្យាវរ្ម័នទី២,
ប្រាសាទភិមានអាកាសត្រូវបានសាងឡើងដោយ
ព្រះបាទជ័យវរ្ម័នទី៥ និង ព្រះបាទឧទយាទិត្យាវរ្ម័នទី១;ប្រាសាទទេពប្រណម
ត្រូវបានសាងឡើងដោយព្រះបាទយសោវរ្ម័នទី១។រីឯព្រះរាជវំាងដែល
ព្រះបាទជ័យវរ្ម័នទី៧គង់នៅក៏ជាកេររបស់ស្ដេចមុនៗដែរ។

គេបានប៉ាន់ប្រមាណថា អង្គរធំមានប្រជារាស្រ្តចំនួនជាងមួយលាននាក់
គឺថាក្នុងសម័យនោះ អង្គរធំជាទីក្រុងដែលមានមនុស្សច្រើនជាងគេ
ក្នុងពិភពលោក។អញ្ចឹងហើយបានជាគេអោយនាមថាអង្គរធំ
មានន័យថារាជធានីធំពិតមែនរបស់ខ្មែរក្នុងរជ្ជកាលនៃព្រះបាទជ័យវរ្ម័នទី៧
ដែលប្រទេសខ្មែរមានទំហំធំធេង លាតសន្ធឹងពីត្បូងជាប់នឹងប្រទេសម៉ាឡេ
ឡើងទៅជើងទល់នឹងប្រទេសចិន ហើយពីលិចជាប់នឹងប្រទេសភូមា ទៅកើត
ទល់នឹងប្រទេសចាម។

ព្រះបាទជ័យវរ្ម័នទី៧ជាព្រះរាជបុត្រនៃព្រះបាទធរណិន្រ្ទវរ្ម័នទី២ៗ ជា
ព្រះអនុជនៃព្រះអយិ្យការបស់ព្រះបាទសុរ្យវរ្ម័នទី២។ព្រះវរមាតានៃ
ព្រះបាទវរ្ម័នទី៧ ព្រះនាមចូឌាមណី។ព្រះបាទជ័យវរ្ម័នទី៧ បានអភិសេក
ជាមួយព្រះនាងអគ្គទេពី តំាងពីព្រះអង្គទើបពេញវ័យ។បន្ទាប់ពីព្រះអគ្គទេពី
ប្រសូត្របានព្រះរាជបុត្រមួយព្រះអង្គមក ទ្រង់ក៏បានយាងចាកចេញ
ទៅកាន់់ប្រទេសចំប៉ាអស់រយៈពេលជាច្រើនឆ្នំា ទុកព្រះអគ្គទេពីអោយ
រស់នៅក្នុងទុក្ខសោក ហើយព្រះកន្សែងឥតស្រាកស្រាន្ត។គ្រាក្រោយមក,
ព្រះនាងបានរំងាប់សេចក្ដីសោកសង្រេងសង្រៃ ក្នុងការប្រតិបត្តិព្រះធម៌
នៃព្រះពុទ្ធសាសនា។លុះពេលដែលព្រះបាទជ័យវរ្ម័នទី៧យាងត្រលប់ចូល
មកកាន់នគរវិញ ព្រះនាងអគ្គទេពីក៏បានចាកចេញពីសិក្ខាបទ ហើយ
រួមរស់ជាមួយព្រះស្វាមីឡើងវិញ។

គ្រាក្រោយមកទៀត បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧បានរំដោះប្រទេសផុត
ពីការត្រួតត្រារបស់ចាម ហើយទ្រង់បានឡើងសោយរាជ្យនិងថែមទំាង
រៀបចំប្រទេសអោយបានសុខចំរើនឡើងនោះ ព្រះអគ្គទេពីព្រះនាងក៏
ចូលទីវង្គតទៅ។ព្រះនាងអគ្គទេពីមានសេចក្ដីស្មោះត្រង់និងសេចក្ដីស្នេហា
ចំពោះព្រះស្វាមីណាស់។ទុក្ខសោកសង្រេងទំាងប៉ុន្មានដែលព្រះនាង
បានទទួលរង ប្រហែលជាដើមហេតុដែលនំាអោយព្រះនាងសោយទីវង្គតហើយ។
នៅពេលជាមួយគ្នានេះដែរ ព្រះបាទជ័យវរ្ម័នទី៧ ក៍បានលើកព្រះនាង
ឥទ្រ្ទាទេវី ដែលជាព្រះរៀមនៃព្រះអគ្គទេពីអោយឡើងជាព្រះអគ្គមហេសី។

ព្រះនាងឥទ្រ្ទាទេវី មានតម្រេះវិជ្ជាខ្ពង់ខ្ពស់ ទំាងវិជ្ជាសាស្រ្តក៏ដូចជាខាងបរមត្ថ។
ព្រះនាងសព្វព្រះទ័យនឹងការគោរពប្រតិបត្តិខាងព្រះពុទ្ធសាសនាណាស់។
ព្រះនាងតែងយកព្រះទ័យទុកដាក់ជួយជ្រោមជ្រែងនារីៗណា
ដែលចូលចិត្តសិក្សាវិជ្ជាសាស្រ្ត។ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧
ចំបាំងបានកើតមានឡើងជាញឹកញាប់ជាមួយនឹងប្រទេសចំប៉ា។
ប៉ុន្តែ ដោយសារការវាងវៃរបស់ព្រះបាទជ័យវរ្ម័នទី៧ ទើបប្រទេសខ្មែរ
បានរួចចាកផុតពីការលុកលុយរបស់ចាម។

នៅពេលមុនព្រះបាទជ័យវរ្ម័នទី៧ ឡើងសោយរាជ្យ គឺគ្រាដែល
ព្រះវរបិតាទ្រង់សោយទីវង្គត់ មានក្សត្រមួយអង្គព្រះនាមយសោវរ្ម័នទី២
បានឡើងសោយរាជបន្តមក។ក្នុងរជ្ជកាលស្ដេចថ្មីនេះ មានការបះបោរ
ពីរបានកើតឡើង,ទី១៖គឺបណ្ដាលមកពីអ្នកខ្លំាងពូកែម្នាក់ តំាងខ្លួនជារាហ៊ូ
មានគំនិតក្បត់ព្រះបាទយសោវរ្ម័នទី២ ដើម្បីដណ្ដើមយកព្រះរាជបល្ល័ង្ក។
ការប្រយុទ្ធ រៀបតែនឹងចាញ់ដៃរាហ៊ូទៅហើយ ស្រាប់តែព្រះរាជកុមារ
ជាអនាគតព្រះបាទជ័យវរ្ម័នទី៧សំលាប់រាហ៊ូបាន ហើយជួយការពារ
ព្រះបាទយសោវរ្ម័នទី២ អោយរួចផុតពីសេចក្ដីអន្តរាយ។
ការបះបោរទី២៖បណ្ដាលមកពីមានមន្រ្តីក្បត់ម្នាក់
បានដណ្ដើមរាជបល្ល័ង្ក ហើយតំាងខ្លួនជាស្ដេចព្រះនាមព្រះបាទត្រីភូនាទិត្យ
ក្នុងឆ្នំា១១៦៥។ ដំណឹងក្បត់ព្រះរាជបល្ល័ង្កនេះ បានឮសុះសាយដល់ប្រទេស
ចំប៉ា។ព្រះបាទជ័យវរ្ម័នទី៧ដែលជាប់រវល់ក្នុងចម្បំាងនឹងចាមនៅឯចំប៉ា
ក៍បានត្រលប់មកនគរជាប្រញាប់ ដើម្បីជួយសង្រ្គោះព្រះបាទយសោវរ្ម័នទី២។
ប៉ុន្តែ ព្រះអង្គមិនបានសំរេចព្រះបំណងឡើយ ព្រោះព្រះបាទត្រីភូនាទិត្យ
បានធ្វើគត់ព្រះបាទយសោវរ្ម័នទី២រួចទៅហើយ។ក្នុងគ្រានោះ ព្រះបាទ
ជ័យវរ្ម័នទី៧ ទ្រង់គង់នៅស្ងៀម មិនបញ្ចេញព្រះសកម្មភាពប្រឆំាងនឹង
ព្រះបាទត្រីភូនាទិត្យឡើយ។ព្រះអង្គរង់ចំាឱកាសល្អដើម្បីឡើងគ្រប់គ្រង
រាជបល្ល័ង្ក។

លុះដល់ឆ្នំា១១៧៧ នៅពេលចាមលើកទ័ពជើងទឹក តាមទូក សំពៅ
ចូលមកតាមទន្លេមេគង្គកាត់ឆ្ពោះមកដល់ទន្លេសាប ហើយបានចូល
វាយលុកលុយអង្គរ ដោយបានធ្វើគត់ស្ដេចត្រីភូនាទិត្យទៀតផង។
ប្រទេសខ្មែរក៍ស្ថិតនៅក្រោមការត្រួតត្រាជិះជាន់របស់ចាមទៅ។
ក្នុងគ្រាដែលប្រទេសស្ថិតនៅក្នុងសេចក្ដីអន្តរាយដូច្នេះ ទើប
ព្រះបាទជ័យវរ្ម័នទី៧ចាប់ផ្ដើមបញ្ចេញសកម្មភាព ដឹកនំាប្រជាពលរដ្ឋខ្មែរ
អោយងើបប្រឆំាងសត្រូវ រហូតបានជ័យជំនះ ហើយព្រះអង្គឡើង
គ្រងរាជ្យ តាំងពីពេលនោះមក។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ៥)

ហេតុអីក៏អញ្ចឹង?តាមខ្ញុំយល់គឺថាទេសចរភាគច្រើននំាគ្នាទៅទស្សនា
អង្គរធំជាមុននោះ ព្រោះមកពីហេតុថាអង្គរវត្តបែរមុខទៅទិសខាងលិច
ដូច្នេះគេមិនអាចទស្សនាប្រាសាទអង្គរវត្តពីខាងមុខបានច្បាស់
ល្អឡើយ។អញ្ចឹងគេត្រូវរង់ចំាដល់់ពេលព្រះអាទិត្យរះខ្ពស់ ជាពិសេសនៅពេល
រសៀល ទើបគេអាចមើលឃើញអង្គរវត្តបានច្បាស់ល្អ។អ្នកដែលមានម៉ាស៊ីន
ថតរូបឬកាមេរ៉ាវីឌីអូ តែងចូលចិត្តឱកាសនេះជាងគេបំផុត ហើយចំណែកអ្នក
ដែលមានចិត្តអន្លង់អន្លោចវិញតែងចូលចិត្តពេលល្ងាចគ្រាដែលព្រះសូរិយា
រៀបអស្ដង្គត។

បួនប្រាំនាទី ក្រោយពេលរថយន្តបើកបរផុតពីអង្គរវត្ត យើងមកដល់ក្លោង
ទ្វារអង្គរធំ(ភាគខាងត្បូង)។មានទីធ្លាធំទូលាយមួយពីក្រោយកំពែងអង្គរធំ
សំរាប់ចតរថយន្តនិងតំាងតូបលក់ដូរ។ទេសចរមកចតរថយន្តនៅទីនេះ ត្រៀប
ត្រាហើយនំាគ្នាចុះចេញមកឈរលើផ្លូវចូលនៅខាងមុខក្លោងទ្វារ ដើម្បីគយគន់់
រូបចំលាក់ទេវតានិងយក្សដែលនៅតំរៀបជាជួរអមសងខាងផ្លូវ ហើយនិងក្លោង
ទ្វារចូលរាជធានីអង្គរធំ។ពួកគេពុំប្រញាប់់នំាគ្នាធ្វើដំណើរចូលទៅកណ្ដាល
រាជធានីអង្គរធំទេ ព្រោះគេនៅឈរមើលរូបចំលាក់់ធំៗទំាងនោះហើយនំាគ្នា
ថតរូបគ្រប់់ៗគ្នា។

ក្លោងទ្វារចូលអង្គរធំនេះ ស្ថិតនៅក្នុងចំណោមប្រាង្គប្រាសាទនានាដែល
ទេសចរថតរូបច្រើនជាងគេ។ទិដ្ឋភាពនៅទីនេះ គួរអោយចាប់អារម្មណ៍ណាស់
ព្រោះនៅជុំវិញ សុទ្ធសឹងជាព្រៃឈើធំៗ ដែលប្រកបដោយសភាពស្ងប់ស្ងាត់។
នៅពីមុខផ្លូវចូល រូបចំលាក់មុខបួនលើក្លោងទ្វារ ញញឹមធ្មេចភ្នែកមករកយើង
ហាក់បីដូចទទួលស្វាគមន៍យើងអញ្ចឹង។រូបចំលាក់់ដែលឈរជាជួរ កំពុង
ទាញសត្វនាគក្បាលប្រាំពីរមានចំនួន៥៤ម្ខាងៗ គឺជារូបចំលាក់ទេវតាដែល
នៅខាងឆ្វេង និងខាងស្ដាំជារូបចំលាក់យក្សដែលសំគាល់ដោយមុខមាត់់និង
គ្រឿងតុបតែងកាយ ខុសគ្នាពីរូបចំលាក់ទេវតា។ តាមពិត ពួកយក្សនិងទេវតា
កំពុងទាញសត្វនាគតែមួយប៉ុណ្ណោះ ដោយយក្សនៅខាងក្បាល ឯទេវតានៅ
ខាងកន្ទុយដើម្បីកូរមហាសមុទ្រទឹកដោះយកទឹកអម្រិតជាអាហារទិព្វរបស់
ពួកគេ។មានគូទឹក(ស្នាមភ្លោះ)ដ៍ធំមួយព័ទ្ធជុំវិញពីខាងក្រៅកំពែងអង្គរធំ។
ក្នុងរដូវនេះ គូទឹកនេះ ពុំមានទឹកដក់នៅទេ។

អង្គរធំមានរាងបួនជ្រុងស្មើ ហើយនៅពាក់កណ្ដាលជ្រុងនីមួយៗ មានក្លោងទ្វារ
មួយដែលនៅចំពីមុខមានរូបចំលាក់ទេវតា៥៤និងយក្សចំនួន៥៤ដែរឈរទាញ
សត្វនាគក្បាលប្រាំពីរ ស្ថិតនៅអមសងខាងផ្លូវចូល។អង្គរធំ
ជារាជធានីចុងក្រោយនៃមហានគរខ្មែរក្រោមរជ្ជកាលព្រះបាទ
ជ័យវរ្ម័នទី៧។
ព្រះបាទជ័យវរ្ម័នទី៧ ជាអ្នកកសាងទីក្រុងនេះ(អង្គរធំ)ឡើងក្រោយពី
ព្រះអង្គបានឡើងសោយរាជ្យក្នុងឆ្នំា១១៨១ គឺបន្ទាប់ពីព្រះអង្គបានប្រយុទ្ធ
ឈ្នះចាមជាសត្រូវក្នុងសង្រ្គាមមួយដែលមានរយៈពេលបួនឆ្នំា​។កាលមុន
ព្រះអង្គទ្រង់់ឡើងគ្រងរាជ្យប្រទេសខ្មែរយើងស្ថិតនៅក្រោមការត្រួតត្រា
ជិះជាន់់របស់ចាម។ក្នុងគ្រានោះ អង្គរខ្មែរត្រូវចាមបំផ្លិចបំផ្លាញយ៉ាងខ្ចេចខ្ទាំ។
ដូច្នេះ ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ បណ្ដេញចាមចេញអស់ពីនគរហើយ ទើបព្រះអង្គធ្វើការស្ថាបនាអង្គរឡើងវិញ។
គឺក្នុងគ្រានេះហើយ ដែលអង្គរធំបានកកើតឡើងជារាជធានីថ្មិនិងជារាជធានី
ចុងក្រោយនៃមហានគរខ្មែរយើង។ដើម្បីជាគ្រឿងកាពារ ព្រះអង្គបានសាង
កំពែងថ្មព័ទ្ធជុំវិញអង្គធំមានប្រវែង១២គ.ម។នៅក្នុងកំពែងនេះ មានព្រះរាជវាំង
ជាទីសំណាក់នៅរបស់ស្ដេចខ្មែរ មានលំនៅឋានរបស់បព្វជិត,មន្ត្រីរាជវំាង
និងពលសេនា ហើយនិងមានអាគារផ្សេងៗសំរាប់រៀបចំការគ្រប់គ្រងប្រទេស
ដូចជាការិយាល័យនិងមន្ទីពេទ្យជាដើម។ប៉ុន្តែ អាគារទំាងនោះព្រមទំាងព្រះរាជ
សំណាក់់ស្ដេច បានរលាយបាត់អស់ទៅហើយព្រោះសាងសង់ពីឈើ។
អ្នកស្រាវជ្រាវខាងបុរាណវត្ថុ បានរកឃើញថាសំណង់អាគារទំាងអស់់នេះស្ថិត
នៅក្នុងកំពែងអង្គរធំ ព្រោះសំណង់ខ្លះមានគ្រឹះធ្វើពីថ្មហើយនៅសេសសល់រហូត
ទាល់សព្វថ្ងៃ។ក្រៅពីនេះ នៅក្នុងបរិវេណអង្គរធំ មានប្រាសាទថ្មធំៗជាច្រើន
ដូចជាប្រាសាទបាពួន ប្រាសាទភិមានអាកាស ប្រាសាទទេពប្រណម
ប្រាសាទសួព្រ័ត្រ ប្រាសាទប៉ាលីល័យ ទួលព្រលានដំរី ទួលព្រលានស្ដេចគម្លង់
ជាដើម។ប្រាសាទទំាងនេះ ស្ថិតនៅក្បែរៗគ្នាគឺហាក់ដូចជាព័ទ្ធជុំវិញ
ព្រះរាជវំាងស្ដេចអញ្ចឹង។

សូមអញ្ជើញពិនិត្យមើលផែនទីខាងក្រោមដើម្បីស្គាល់ទីតំាងនៃប្រាសាទនីមួយៗ
និងព្រះរាជវំាងស្ដេចខ្មែរនាសម័យមហានគរ។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ៤)

ព្រឹកឡើង នាពេលដែលព្រះអរុណទើបនឹងរះផុតចុងព្រឹក្សា យើងនំាគ្នា
ចេញដើរទៅផ្សារក្រោមដើម្បីស្រស់ស្រូបអាហារព្រឹក។លុះពេលយើង
ត្រលប់មកវិញ រថយន្តទេសចរមួយ ឈប់រង់ចំាយើងជាស្រេច។
ដូច្នេះ យើងប្រញាប់ប្រញាល់រៀបចំឥវ៉ាន់់ហើយលើកឡើងឡាន។
មួយសន្ទុះក្រោយមករថយន្តបញ្ឆេះម៉ាស៊ីនហើយចាកចេញទៅរកផ្លូវថ្នល់
ធំ រួចបត់ឆ្វេងបើកលើផ្លូវមួយដែលស្ថិតនៅស្របតាមស្ទឹងសៀមរាប ។
តែក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ឡានក៏មកដល់វាលព្រៃឈើខ្ពស់ៗ។
ខ្ញុំនឹកថាយើងចូលមកដល់់ដីអង្គរហើយ។នៅតាមផ្លូវ យើងឃើញមានឡាន
ម៉ូតូជាច្រើនដែលបើកបរទៅមុខក្នុងទិសជាមួយយើង។យើងពុំឃើញមាន
យានយន្តបើកបរច្រាស់ទិសជាមួយដំណើរយើងទេ។នេះបង្ហាញអោយ
ឃើញថា អ្នកដំណើរដែលចេញទៅក្នុងទិសជាមួយគ្នានេះ គឺសុទ្ធតែសំដៅ
ទៅទស្សនាអង្គរទំាងអស់។

ក្នុងរថយន្ត ដែលបើកបរលើថ្នល់ក្រាលកៅស៊ូ ខ្ញុំចេះតែសំឡើងមើល
នាយអាយក្នុងបរិវេណព្រៃឈើ ព្រោះខ្ញុំនឹកថាប្រាង្គប្រាសាទអង្គរ គង់
នៅមិនឆ្ងាយប៉ុន្មានឡើយ។នៅពេលនេះ ចិត្តខ្ញុំកាន់តែរំភើបក្រៃលែង
ព្រោះដឹងថាក្នុងរយៈពេលតែបន្តិចទៀតប៉ុណ្ណោះ ប្រាសាទអង្គរវត្ត
ឬប្រាសាទបាយ័ន នឹងមកសណ្ឋិតនៅចំពោះមុខខ្ញុំពុំខាន។ខ្ញុំនៅមិនទាន់
បានដឹងថាយើងត្រូវទៅទស្សនាប្រាសាទណាមុនគេបង្អស់ទេ។ប៉ុន្តែ ខ្ញុំគិតថា
យើងនឹងទៅទស្សនាប្រាសាទអង្គរវត្តមុនប្រាសាទ
ផ្សេងៗទៀតទំាងអស់។ហេតុដូច្នេះហើយ បានជាខ្ញុំមិនបានសាកសួរពូម៉ុង
ឬអ្នកបើកបរឡាន។

ក្នុងអារម្មណ៍ចង់តែឃើញអង្គរវត្ត លេចឡើងក្នុងព្រៃ ស្រាប់តែរំពេចនោះ
ឡានបើកមកដល់កន្លែងមួយដែលនៅខាងស្ដាំដៃ មានវាលទឹកធំមួយ
គឺជាស្នាមភ្លោះ(គូទឹក)ដ៍ធំវែងដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្ត។អ្នកបើក
ឡានក៏លើកដៃចង្អុលទៅចុងព្រៃ ហើយប្រាប់ថា៖នុះន៏! អង្គរវត្ត! ភ្លាម
នោះខ្ញុំក្រលេកមើលទៅ ឃើញកំពូលប្រាសាទអង្គរវត្តធំៗលេចឡើងផុត
ចុងព្រៃ។ខ្ញុំក៏មានអារម្មណ៏រំភើបអស្ចារ្យក្នុងចិត្តណាស់ ហើយខ្ញុំគិតថាក្នុង
ពេលឥឡូវនេះហើយយើងនឹងចូលទៅទស្សនាអង្គរវត្ត។ប៉ុន្តែ ឡានចេះតែ
បើកបរទៅមុខ មិនឃើញបើកឆ្ពោះទៅកាន់អង្គរវត្តសោះចឹង។ភ្លាមនោះ ខ្ញុំ
ក៏សាកសួរពូម៉ុងថា៖ពូ!យើងអត់ចូលទៅមើលប្រាសាទអង្គរវត្តសិនទេ?។
គាត់់ក៍ឆ្លើយប្រាប់ឡើងថា៖ យើងទៅមើលអង្គរធំសិន ចំាថ្ងៃរសៀល បាន
យើងមកមើលអង្គរតូច(អង្គរវត្ត។ប៉ុន្តែគាត់ពុំបានប្រាប់ថាហេតុអីបានជា
យើងមិនចូលទៅទស្សនាអង្គរវត្តតែម្ដងនោះទេ។ខ្ញុំហាក់ដូចជាមិនចង់ទៅ
ទស្សនាអង្គរធំជាមុនទេ ព្រោះតែដឹងថាប្រាសាទអង្គរវត្តជាអច្ឆរិយវត្ថុដ៏ឆ្នើម
លើសគេ ក្នុងបណ្ដាប្រាសាទនានាដែលជាកេមរតកខ្មែរពីសម័យមហានគរ។
នៅពេលរថយន្ត បើកកាត់ពីមុខប្រាសាទអង្គរវត្ត ខ្ញុំក្រលេកមើលទៅឃើញកំពូលប្រាសាទអង្គរវត្តទំាងបី ដូចរូបលើទង់ជាតិខ្មែរយើង​។

ប៉ុន្តែ យើងជិះឡានលឿនទៅមុខ ជាហេតុពុំឱយខ្ញុំអាចក្រលេកមើលអង្គរវត្ត
បានយូរប៉ុន្មានឡើយ។ឡានទេសចភាគច្រើនក៍បើកតំរង់ទៅអង្គរធំដែរ។
យើងឃើញមានទេសចរចូលទៅទស្សនាអង្គរវត្តនៅវេលនាថ្មើរនេះ មិនសូវ
ជាច្រើនប៉ុន្មានទេ។ដំណើរទេសចរទូទៅ គឺសំដៅទៅកាន់អង្គរធំ មុនគេបង្អស់។