Tag Archives: ប្រវត្តិសាស្រ្តខ្មែរ

ការចងចាំរបស់ខ្ញុំ(អាយុ៦ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (18)

គ្មានអ្វីត្រូវទន្ទឹងរង់ចាំទៀតទេនៅខាងមុខ មួយៗថ្ងៃថ្ងៃត្រូវតែធ្វើការ ធ្វើការហាលថ្ងៃ គឺការងារស្រែចំការ ជីកព្រែក ប្រឡាយ…។ត្រូវឈឺក៏ឈឺ គ្មានថ្នាំសង្កូវអ្វីព្យាបាលឡើយ ហើយត្រូវស្លាប់ក៏លឿនដែរព្រោះតែការងារធ្ងន់ក្រោមកំដៅថ្ងៃ ធ្វើអោយបាក់កំលំាង ហើយបរិភោគអាហារមិនគ្រប់គ្រាន់។ខ្មែរក្រហមបង្ខំប្រជាជនខ្មែរអោយធ្វើការងារស្រែចម្ការ ជីកព្រែក ប្រឡាយ…រាល់ថ្ងៃសឹងតែគ្មានថ្ងៃណាបានឈប់សម្រាកឡើយ ហើយចំពោះអ្នកចេះដឹង ដូចជាគ្រូ និស្សិត បវញ្ញវន្ត …វាមិនអោយរស់នៅជុំគ្នាទេ គឺវាត្រូវតែបំបែកអោយនៅឆ្ងាយពីគ្នា ឬក៏វាយកទៅសម្លាប់ចោលម្ដងមួយៗក៏មាន។ជួនកាល វាដើរចាប់មនុស្សដែលវាមិនទុកចិត្តឬវាចាត់ទុកថាជាខ្មាំង យកមកផ្ដុំគ្នាបានច្រើនហើយ វាក៏នាំចេញទៅបាត់ ដូចដែលខ្ញុំបានឃើញជាចុងឆ្នាំ១៩៧៦ឬដើមឆ្នាំ១៩៧៧ គឺមនុស្សប្រុសចំនួនប្រហែល២០ឬ៣០នាក់ត្រូវវាចងបណ្ដើរជាខ្សែ ដូចជាបណ្ដើរសត្វគោ ដោយកុមារអាវខ្មៅដែលដៃមានកាន់រំពាត់ទុកវាយមនុស្សដែលវាចងហើយបណ្ដើរជាខ្សែនោះ។ខ្ញុំអត់ដឹងរឿងនោះជាអ្វីទេ ហើយក៏មិនហ៊ានទៅឈរក្បែរផ្លូវថ្នល់មើលពួកគេដែរ គឺបានត្រឹមតែលួចមើលពីបរិវេណផ្ទះតែប៉ុណ្ណោះ។ទោះជាខ្ញុំមិនដឹងនោះជារឿងអ្វីមែន ប៉ុន្តែគ្រាន់តែឃើញព្រឹត្តិការណ៏នោះ ខ្ញុំក៏តក់ស្លុតរួចទៅហើយ ហើយក៏ចេះនឹកគិតថាពួកលោកពូៗដែលក្មេងអាវខ្មៅចងវាយបណ្ដើរទៅតាមផ្លូវទាំងនោះ ទំនងណាស់ នឹងទៅកាន់វាលមរណៈ។

បងមុំរៀបការ

ប្រហែលក្នុងរដូវក្ដៅ១្នាំ១៩៧៧ តាមខ្ញុំចាំ មានចាស់ទុំចេញចូលមកផ្ទះខ្ញុំម្ដងឬពីរដើម្បីមកដណ្ដឹងបងមុំ។ប៉ុន្តែខ្ញុំមិនដឹងអ្វីទេ គ្រាន់តែឆ្ងល់ហើយមិនបានសួរម៉ាក់ឡើយ។មិនយូរប៉ុន្មានក្រោយមក ទំនងជាក្រោយរដូវច្រូតកាត់ហើយ ក៏ឮថាបងមុំនឹងរៀបការនៅឯសាលារៀនមួយជាប់នឹងថ្នល់នៅចំងាយប្រហែលជា១គ.មខាងជើងពីផ្ទះយើង។កូនក្រមុំអាយុ១៧ឆ្នាំនឹងរៀបការជាមួយកូនកំឡោះអាយុ១៩ឆ្នាំមានឈ្មោះថា លឹម សេន។ពួកគេរៀបការព្រមគ្នាជាមួយកូនក្រមុំកូនកំឡោះជាដទៃទៀតមានចំនួនប្រហែលជា៥០ឬ៦០នាក់។។គឺអង្គការខ្មែរក្រហមជាអ្នកចាត់ចែងពិធីអាពាហ៌ពិពាហ៌។កូនក្រមុំកូនកំឡោះពាក់អាវខ្មៅទាំងអស់គ្នាហើយអង្គុយជាគូៗត្រងស្ដាប់ឱវាទរបស់គេ។តាមពិតនោះមិនមែនជាពិធីរៀបអាពាហ៌ពិពាហ៌ទេ គឺជាការចាប់គូរៀបការដូចជាក្រោមការបង្ខិតបង្ខំពីអង្គការខ្មែរក្រហមដូច្នោះដែរ។យើងបានត្រឹមឈរមើលពួកគេរៀបការក្នុងថ្នាក់រៀនសិស្សតាមបង្អួចចំហរពីក្រៅរបងតែប៉ុណ្ណោះ។ប៉ុន្តែខ្ញុំខំសម្លឹងរកមើលបងមុំជាមួយកូនកម្លោះដែលនឹងត្រូវជាបងថ្លៃ ហើយខ្ញុំត្រូវហៅថា”និង ”។ខ្ញុំមិនចាំបានថាយើងនៅឈរមើលពួកគេរៀបការរហូតដល់ចប់ឬទេ ។ប៉ុន្តែប្រហែលជាក្រោយពិធីរៀបការតាមបែបរបបមហាលោតផ្លោះមហាអស្ចារ្យនេះរួចទៅ បងមុំប្រហែលជាទៅលេងផ្ទះខាងកូនកំឡោះដែលនៅភូមិក្រឡាមៀកជាប់នឹងភូមិតារាជនេះដែរ រួចហើយទើបនាំគ្នាមករស់នៅក្នុងផ្ទះជង្រុកស្រូវរបស់យើង។ប៉ុន្មានថ្ងៃក្រោយមក និងក៏យកកូនឆ្កែខ្មៅមួយ(ឈ្មោល)មកចិញ្ចឹមនៅផ្ទះយើង ៗដាក់ឈ្មោះវាថាលុច។លុចមានមេរបស់វាសបុរពណ៍ខ្មៅដែរដែលជាឆ្កែចិញ្ចឹមនៅផ្ទះរបស់និងនៅក្រឡាមៀក ។ថ្ងៃមួយ ពេលលុចធំឡើងខ្ញុំទៅលេងផ្ទះនិង ហើយទៅអង្គុយកន្លែងមួយក្បែរគ្រែក្រោមម្លប់ដើមឈើមួយដើម ក៏បានឃើញឆ្កែខ្មៅមួយ មិនបានមើលមុខក៏ស្មានថាជាលុចក៏ទៅចាប់ប្រឡែងលេង ស្រាប់តែឆ្កែនោះគ្រហឹមដាក់រកខាំខ្ញុំៗគេចទាន់ រួចហើយក៏ដឹងភ្លាមថាមិនមែនជាលុចទេ គឺជាមេរបស់លុច ដែលមើលមួយភ្លែតក៏ច្រឡំតែម្ដង។ថ្ងៃមួយក្នុងរដូវក្ដៅឆ្នាំ១៩៧៧ និងនាំខ្ញុំនិងលុចទៅវាលស្រែខាងកើតក្រោយផ្ទះ ដើម្បីទៅរកចាប់កណ្ដុរមកធ្វើជាអាហារ។យើងរកមើលរូងកណ្ដុរ កាលរកឃើញហើយយើងគ្រាន់តែចាក់ទឹកចូលទៅ រួចចាំមើលកណ្ដុរវារត់ចេញមកនឹងអាល់អោយលុចដេញចាប់ជាការស្រេច។លុចជាឆ្កែមួយគួរអោយស្រឡាញ់ណាស់ វាចេះស្ដាប់ម្ចាស់ហៅវា។រាល់ពេលយើងញាំទៅញាំបាយហើយត្រឡប់មកពីរោងបាយវិញ វារង់ចាំយើងជាស្រេចព្រោះយើងតែប្រមូលបាយសល់ខ្លះៗពីរោងបាយយកមកអោយវាស៊ីនៅឯផ្ទះ។

ការចងចាំរបស់ខ្ញុំ(អាយុ៦ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (17)

យូរៗទៅ សាលារៀនក្លាយទៅជាកន្លែងក្មេងៗមកជួបជុំគ្នាដើម្បីអោយគ្រូៗចាត់ចែងនិងដឹកនាំទៅធ្វើកិច្ចការសង្គម ដូចជាជញ្ជូនជីអាចម៍គោឬស្លឹកទន្រ្ទានខេត្តមកធ្វើជីសម្រាប់ដាំបន្លែបង្កាក្នុងភូមិ។ខ្ញុំមិនដឹងថាមានវិស្សមកាលឬគ្មានទេ ប៉ុន្តែគេមិនអោយយើងនៅទំនេរទេ គឺត្រូវតែជួយកិច្ចការសង្គម។មនុស្សពេញវ័យពេញកម្លាំងទៅនៅឯកងចល័ត ធ្វើការមានតែពេលសម្រាប់ញាំនិងដេកតែប៉ុណ្ណោះ ដោយគ្រាន់តែយូរៗគេព្រលែងអោយបានមកលេងស្រុកភូមិម្ដង។ចំណែកចាស់ៗវ័យចំណាស់ ស្រ្តីកូនខ្ចី និងកូនក្មេងអាចនៅភូមិបាន។

ថ្ងៃរសៀលមួយប្រហែលជាក្នុងរដូវក្ដៅឆ្នាំ១៩៧៧ ពេលដែលក្មេងៗកំពុងជញ្ជូនជីដើរតាមផ្វូវថ្នល់ដីក្រហម ស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅក្បែរខាងមុខច្រកចូលរោងសហករណ៍ ជាហេតុធ្វើអោយជាច្រើនភ្ញាក់ផ្អើល ហើយមកជុំជិតកន្លែងកើតហេតុ ព្រោះតែឮសូរអ្វីមួយផ្ទុះផូងដូចផ្លែដូងបែក។យើងមានការតក់ស្លុត ដោយឮថាឡានកាំមីញុងបើកបុកក្មេងស្រីម្នាក់ហើយកិនបែកក្បាលខ្ទេច គឺខ្ទាតលលាដ៍ក្បាលទីណាត់ទីណែង មានឈាមនិងខួរក្បាលនៅលើថ្នល់ត្រង់កន្លែងកិនក្មេងស្រី។ខ្ញុំមកដល់កន្លែងកើតហេតុនោះ មិនបានឃើញក្មេងគ្រោះថ្នាក់នោះទេ ព្រោះគេយកចេញទៅបាត់ហើយ គឺឃើញតែលលាដ៏ក្បាល ខួរក្បាលហើយនិងឈាមរហាចលើផ្លូវថ្នល់។ខ្ញុំឆ្ងល់ថានរណាគេ?លុះបានយូរបន្តិច ក្រោយពីបានឮថាក្មេងស្រីនោះឈ្មោះធឿន ទើបភ្ញាក់រន្ធត់ក្នុងចិត្ត ព្រោះនាងជាអ្នកជិតខាងរបស់ខ្ញុំដែលធ្លាប់ស្គាល់និងលេងជាមួយគ្នា។បងប្អូននិងឪពុកម្ដាយរបស់នាងយំសោកអាណិតនាងធឿនហើយក្នុងទឹកមុខក្រៀមក្រំទាំងអស់គ្នាក៏រៀបចំបូជាសពនាងពេលជិតយប់មកដល់ថ្ងៃនោះនៅវាលស្រែខាងក្រោយផ្ទះចំងាយប្រហែលជា៥០ម៉ែត្រប៉ុណ្ណោះ។ពេលដែលព្រះអាទិត្យលិចទៅហើយ ខ្ញុំមើលទៅក្រោយផ្ទះឃើញភ្លើងឆេះដូចភ្នក់ភ្លើងក៏ដឹងភ្លាមថាភ្លើងកំពុងរំលាយសពរបស់នាងធឿនហើយ។ទោះបីធឿនមិនជាអ្នកជិតខាងចិត្តល្អនឹងយើងក្ដី តែយើងក៏មានចិត្តរន្ធត់អាណិតនាងពេលដែលនាងមានអាយុខ្លីយ៉ាងនេះ។

បងប្រុសរបស់នាងម្នាក់ឈ្មោះនិលក៏មិនជាអ្នកជិតខាងល្អនឹងយើងដែរ។គេប្រហែលជាស្អប់យើងជាអ្នកភ្នំពេញ។រសៀលថ្ងៃមួយ ពេលដែលខ្ញុំកំពុងលេងជាមួយក្មេងៗដទៃទៀតនៅក្រោមដើមឈើមួយ ក៏ស្រាប់តែឃើញនិលដើរមកដល់ចំពោះមុខខ្ញុំហើយបោះក្បាលឆ្មាមួយរមៀលមកខ្ញុំ ខ្ញុំដឹងភ្លាមថាជាឆ្មារបស់ខ្ញុំធ្វើអោយខ្ញុំតក់ស្លុតណាស់ រកអ្វីថ្លែងមិនបាន។រួចហើយ វាក៏មកចាប់យកក្បាលឆ្មារបស់ខ្ញុំនេះទៅចងព្យួរនឹងមែកឈើដោយទឹកមុខខឹងនឹងខ្ញុំ ប៉ុន្តែខ្ញុំមិនដឹងមូលហេតុអ្វីទេបានជាវាហ៊ានសម្លាប់ឆ្មារបស់ខ្ញុំដូច្នេះ?បន្តិចក្រោយមកទើបខ្ញុំបានដឹងថាព្រោះតែឆ្មារបស់ខ្ញុំបានទៅផ្ទះរបស់វា ទំនងជាបានទៅជុះអាចម៍ក្នុងផេះចង្រ្កានផ្ទះវា ទើបបានជាវាខឹងហើយសម្លាប់ឆ្មារបស់ខ្ញុំទៅ។

លុះយូរខែឆ្នាំក្រោយមក ក្រោយដែលជិតបែកអាពត ក៏បានឮថានិលបានចងកសម្លាប់ខ្លួនពីលើកំាជណ្ដើរផ្ទះរបស់ខ្លួនឯង។

ការចងចាំរបស់ខ្ញុំ(អាយុ៦ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (16)

ថ្ងៃមួយ ខ្ញុំបានដើរតាមដងផ្លូវក្បែររោងសហករណ៍ ក៏បានឮតាមមីក្រូគេចាក់ផ្សាយអំពីការវាយប្រយុទ្ធគ្នារវាងទ័ពខ្មែរក្រហមនិងទ័ពវៀតណាមនៅទល់ដែន ហើយឮថាខ្មែរក្រហមវាយប្រយុទ្ធឈ្នះទ័ពយួនសឹងគ្រប់ពេលដោយថែមទាំងចាប់បានទាហានយួនមួយចំនួនយកមកសួរចម្លើយទៀតផង។ជាលើកទីមួយហើយដែលខ្ញុំបានឮជនជាតិយួននិយាយភាសារបស់គេ។ខ្ញុំក៏ធ្លាប់បានឃើញរូបភាពនៃការប្រយុទ្ថគា្ននៅក្នុងទស្សនាវដ្តីរបស់ខ្មែរក្រហមដែរ ដែលទំនងជារូបភាពថតកាលមានឧប្បត្តិហេតុនៃការប៉ះទង្គិចគ្នាក្រោយការដួលរលំនៃរបបភ្នំពេញក្នុងឆ្នាំ១៩៧៥ គឺថាតាំងពីខ្មែរក្រហមបានឡើងកាន់កាប់អំណាចមក ប៉ុល ពតជាមេដឹកនាំមិនមានទំនាក់ទំនងល្អជាមួយវៀតណាមឡើយ រួចហើយនៅពាក់កណ្ដាលទីពីរនៃឆ្នាំ១៩៧៧ ជម្លោះទល់ដែនក៏បានឆាបឆេះម្ដងទៀត។ប៉ុន្តែខ្មែរក្រហមក៏បានវាយលុកទល់ដែនជាមួយប្រទេសថៃនិងឡាវផងដែរ។ខ្មែរក្រហមមានអំណួតអំពិកងទ័ពរបស់គេណាស់ សឹងថាមិនដែលឮខ្មែរក្រហមផ្សាយអំពីបរាជ័យរបស់ខ្លួនឡើយ។

នៅសាលារៀន សិស្សទៅរៀនដូចជាមិនរៀនអ្វីឡើយ សូម្បីសៀវភៅអាន សៀវភៅសរសរក៏គ្មាន ប៉ុន្តែខ្មែរក្រហមចង់បណ្ដុះបណ្ដាលកូនក្មេងៗក្នុងមនោគមវិជ្ជារបស់គេដើម្បីអោយបំរើពួកគេ។សាលរៀនគ្មានគោលដៅបង្រៀនសិស្សសាលាទេគឺគេអោយក្មេងមកសាលាដើម្បីបំពាក់គោលជំហរ ហើយប្រើអោយធ្វើពលកម្មខ្លះៗដូចជាជញ្ជូនជីអាចម៍គោ ឬបង្ហាត់ក្មេងៗម្ដងឬពីរដងក្នុងមួយសប្ដាហ៍អោយចេះប្រយុទ្ធនឹងខ្មាំងយួន ដូចជាគេនាំក្មេងៗអោយលាត់ដៃអាវម្ខាងទុកចំណាំគ្នាហើយរកដំបងម្នាក់មួយមកាន់ទុកវាយខ្មាំងនៅឯវាលស្រែ ដោយប្រាប់ឡើងថាខ្មាំងវាពួនលាក់ខ្លួនក្នុងវាលស្រូវរួចវាលួចបេះស្រូវទុំហើយយកមកបុកក្នុងដីអោយបានជាអង្ករមកដាំបាយស៊ី។បន្ទាប់ពីបានធ្វើសកម្មភាពពីពេលព្រឹករួចហើយ ពេលត្រលប់មកសាលាវិញគ្រូៗអោយកូនសិស្សប្រជុំគ្នាជាក្រុមៗដោយមួយក្រុមមានគ្នាប្រមាណ៧ឬ៨នាក់ដើម្បីអោយពួកគេទិតៀនគ្នានិងជាពិសេសអោយធ្វើស្វ័យទិតៀន(ទិតៀនខ្លួនឯង)ដែលពួកគេមិនចូលចិត្តឡើយ។

ការចងចាំរបស់ខ្ញុំ(អាយុ៦ ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (3)

ប៉ាចេញទៅស្ទូចត្រីក្នុងអូរទឹកហូរដែលស្ថិតនៅឆ្ងាយពីភូមិនេះដែលជាទីកំណើតរបស់ប៉ាៗស្គាល់គ្រប់ច្រកល្ហកតាំងពីក្មេងមក។ពេលប៉ាត្រលប់មកវិញ បានសុទ្ទតែត្រីអណ្ដែងធំៗដែលយើងបានយកមកធ្វើម្ហូបអាហារញ៉ាំជុំគ្នានៅផ្ទះយ៉ាងឆ្ងាញ់។ពេលនេះ ខ្មែរក្រហមមិនទាន់អនុវត្តផែនការរបស់វាទេ។ដូច្នេះ យើងអាចមានចានឆ្នាំង ធ្វើម្ហូបអាហារញ៉ាំបាយជុំគ្នានៅតាមផ្ទះគ្រប់ៗគ្នា។មានយប់ថ្ងៃមួយនោះ ក្រោយភ្លៀងធ្លាក់ ប៉ាចេញទៅរកចាប់ត្រីនឹងសំណាញ់ម្នាក់ឯងទៀតហើយ។ប៉ាយកចង្កៀងប្រេងកាតមួយបញ្ច្រកប៉ោតយួរដោយគ្មានខ្លាចសូម្បីតែខ្មោចលង។ប៉ាដើរលុកលុយក្នុងទឹកបឹង ក៏បានដើរជាន់អន្ទង់មួយប៉ាខំប្រឹងជាន់សង្កត់វាអោយជាប់ទាល់តែបាន ហើយពេលត្រលប់មកផ្ទះវិញស្អែកឡើងយើងញ៉ំាស្ងោរជ្រក់អន្ទង់ទាំងអស់គ្នាពេលបាយថ្ងៃត្រង់។ពេលវេលាចេះតែកន្លងទៅមុខ ខ្ញុំដូចជាភ្លេចនឹកដល់ផ្ទះនៅភ្នំពេញ ប៉ុន្តែក៏ដូចជាគ្មានសង្ឃឹមថានឹងអាចវិលត្រលប់ទៅភ្នំពេញវិញដែរ។រាល់ថ្ងៃ ដូចជាមិនដែលបានឃើញមុខប៉ាម៉ាក់ និងបងៗសោះ ។យើងនៅតូចតែគ្នាបីនាក់គឺបងថាល់ ខ្ញុំ(ម៉ារឌី)និងអាលីននៅផ្ទះតាយាយលេងជាមួយក្មេងជិតខាងផ្ទះ ។ប៉ាម៉ាក់និងបងៗពិតជាត្រូវបានពួកខ្មែរក្រហមកេណ្ឌទៅធ្វើការកងចល័តហើយ ព្រោះថាជួនកាលពីរបីថ្ងៃឬមួយអាទិត្យក៏មិនដឹង ទើបបានឃើញពួកគាត់មកផ្ទះម្ដងហើយដូចជាបាក់កម្លាំង។បងធួក(អាយុ១១ឆ្នាំប៉ុណ្ណោះ)បានធ្លាក់ខ្លួនឈឺធ្ងន់ គួរអោយបារម្ភ ព្រោះទៅដេកពេទ្យប៉ុន្តែទំនងជាគ្មានថ្មាំព្យាបាលទេ ព្រោះអ្នកជិតខាងប្រាប់ថាអោយទៅរកចាក់ថ្លែនមកអាំងអោយគាត់ញុំា ទើបជាពីជម្ងឺ។យើងក៏ទៅរកចាប់ថ្លែនមកអាំងយកទៅអោយគាត់ ។បងថាល់ពេលនោះត្រូវយកអាហារទៅអោយបងធួករាល់ពេលថ្ងៃត្រង់។ថ្ងៃមួយ ពេលដើរជិតមកដល់មន្ទីរពេទ្យ(ព២) បងថាល់ត្រូវក្ងានដេញហួរធ្វើអោយគាត់រត់ទាល់តែកំពប់បាយសម្លពីចានស្រាកអស់ ហើយយំលុះទៅដល់មន្ទីរពេទ្យក៏រៀបរាប់រឿងហេតុអាក្រក់នេះប្រាប់បង។ដូច្នេះចាំលើកក្រោយ ដើរប្រយ័ត្ន កុំទៅដើរក្បែរអាសត្វក្ងានទាំងនោះទៀត។មិនយូរប៉ុន្មាន ជាសំណាងល្អ បងធួកក៏បានជាពីជម្ងឺ។ចំណែកប្អូនថាល់វិញបែរជាធ្លាក់ឈឺវិញម្ដង គឺមានជម្ងឺគ្រុនចាញ់ ដែលធ្វើអោយយើងព្រួយបារម្ភណាស់ព្រោះគ្មានថ្នាំព្យាបាលទេ។សម័យប៉ុលពតនេះ បំផ្លាញខ្ទេចខ្ទីរអស់ហើយ ។ខ្មែរក្រហមវាមិនអោយយើងរស់នៅក្នុងទីក្រុងទៀតទេ។វាដេញយើងអោយចេញពីក្រុងទៅរស់នៅស្រុកស្រែធ្វើស្រែចំការហើយទុកទីក្រុងទាំងអស់ក្នុងស្រុកខ្មែរអោយក្លាយទៅជាទីក្រុងខ្មោច។គាត់ឈឺធ្ងន់ប៉ុន្មានថ្ងៃហើយមិនបាត់សោះ។បន្តិចមក មានគេប្រាប់ថាមានគ្រូខ្មែរម្នាក់ចេះព្យាបាលជម្ងឺដោយមិនបាច់មកមើលអ្នកជម្ងឺទេ គឺយើងគ្រាន់តែសរសេរឈ្មោះអ្នកជម្ងឺទៅអោយគ្រូខ្មែរនោះៗនឹងសូត្របាលីរំដោះគ្រោះបានហើយ។ស្រាប់តែបន្តិចក្រោយមក បងថាល់ក៏ជាពីជម្ងឺហើយមានទឹកមុខស្រស់ថ្លាឡើងវិញ ។យើងអរគុណលោកគ្រូខ្មែរនោះណាស់ ហើយមានតែផ្លែឈើបន្តិចបន្តួចផ្ញើជូនលោក។មិនយូរប៉ុន្មានក៏ដល់វេនខ្ញុំឈឺម្ដង គឺគ្រុនក្ដៅខ្លាំង។ខ្ញុំក៏ត្រូវម៉ាក់និងម្ដាយមីងចាប់កោសខ្យល់ ជាហេតុធ្វើអោយខ្ញុំរើបំរះខ្លួផង ស្រែកយំផងសឹងអស់សំលេង៖ឈឺចាប់ណាស់។បន្ទាប់មកខ្ញុំក៏ពាក់អាវវិញហើយដណ្ដប់ភួយ។ដល់ពេលបាយល្ងាចខ្ញុំក៏បានបបរសញុាំជាមួយផ្អកចៀនធុំក្លិនឈ្ងុយឆ្ងាញ់។ស្អែកឬខានស្អែក ទើបខ្ញុំបានបាត់ក្ដៅខ្លួន។ប៉ុន្តែ មិនយូរប៉ុន្មាន ខ្ញុំក៏មានពងរមាស់ពេញខ្លួន។យើងគ្មានថ្នាំអ្វីទាំងអស់មកតាមខ្លួន។តាយាយក៏គ្មានដែរ។ប៉ាមា៉ក់មិនដឹងថាត្រូវធ្វើយ៉ាងម៉េចជួយអោយពងរមាស់របស់ខ្ញុំជាសះទេ។ខ្ញុំយំព្រោះពិបាកទ្រាំនឹងពងរមាស់ពេញខ្លួនដែលធ្វើអោយខ្ញុំអេះរមាស់រាល់ថ្ងៃ។ពងរមាស់ជាច្រើនបានបែកចេញទឹកខ្ទុះ។ថ្ងៃមួយប៉ាហៅខ្ញុំមកអោយដោះអាវស្លៀកខោខ្លីរួចប្រាប់អោយចេញទៅត្រាំខ្លួនក្នុងស្រះមួយនៅក្បែរវាលស្រែខាងក្រោយផ្ទះ។ខ្ញុំចេញទៅតែម្នាក់ឯង លុះទៅដល់ហើយចុះទៅក្នុងទឹកដល់ជំរៅត្រឹមក។ខ្ញុំងាកមើលឆ្វេងស្ដាំហាក់ដូចជាខ្លាចទឹក។មានអី មួយរំពេចនោះស្រាប់តែសត្វឈ្លើងជាច្រើនហែលស្ទុះតំរង់មកខ្ញុំ។ ខ្ញុំមិនទាន់ឡើងគោកភ្លាមទេ ព្រោះនៅតទល់នឹងវាដោយយកដៃវាសៗឬវាយទឹកអោយទៅជារលកច្រានវាចេញ។ដោយគ្នាវាច្រើនពេក ខ្ញុំក៏ឡើងមកគោកវិញមិនបង្អង់យូរហើយត្រលប់ផ្ទះវិញ ប៉ាអោយស្រាតខោអោយនៅខ្លួនទទេ បន្ទាប់មកប៉ាយកផ្តិលមកដួសទឹកស្ងោរស្លឹកអំពិលដែលប៉ាបានដាំពុះទុកអោយបាត់ក្ដៅរួចជាស្រេច។ពេលនោះខ្ញុំឈឺផ្សាហើយយំព្រោះពងរមាស់ដែលបែករីកត្រូវទឹកស្ងោរស្លឹកអំពិលជូរធ្វើអោយឈឺផ្សា។មិនយូរប៉ុន្មានខ្ញុំក៏បានជាះស្បើយ។ក្រោយមកទៀតខ្ញុំនិងបងថាល់មានចៃលើក្បាលច្រើនណាស់។ពេលសិតសក់ជាមួយស្និតម្ដងៗដោយសុទ្ធតែចៃ កូនចៃ ពងចៃ។តែបងថាល់សក់វែងហើយច្រើនក៏ត្រូវកោរសក់ចេញ ទើបស្រួលកំចាត់ចៃឆាប់អស់។ តាំងថ្ងៃកោរសក់មក បងថាល់ពាក់ក្រមាលើក្បាលរហូតទាល់ពេលចាកចេញពីភូមិត្នោតទៅរស់នៅភូមិកញ្ច្រៀចក៏នៅពាក់បន្តលុះត្រាតែសក់ដុះបានវែងឡើងវិញ។

ការចងចាំរបស់ខ្ញុំ(អាយុ៦ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (2)

ប្រហែលជាដើមខែឧសភា យើងមកដល់ផ្ទះតាយាយរបស់ខ្ញុំ(ខាងប៉ា)នៅភូមិត្នោត ស្រុកកញ្ជ្រៀចខេត្តព្រៃវែងក្រោយពីបានត្រូវកងទ័ពអាខ្មៅខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញតាំងពីថ្ងៃ១៧មេសាមក។ការធ្វើដំណើរដោយការដើររហូតមកនេះ ធ្វើអោយយើងគ្រប់គ្នាអស់ទាំងកម្លាំងកាយទាំងកម្លាំងចិត្ត។ប៉ុន្តែ យើងត្រេកអរដោយបានមកដល់គោលដៅហើយឈប់ធ្វើដំណើរទៅណាទៀត។ខ្ញុំហាក់ដូចជាលែងនឹកគិតដល់ទីក្រុងភ្នំពេញជាទីស្រលាញ់ទៀតហើយ ហើយគិតថាយើងនឹងមិនវិលត្រលប់ទៅផ្ទះយើងវិញឡើយ។យើងនឹងរ់នៅស្រុកស្រែម្ដង ដោយមិនយល់ដឹងអ្វីទាំងអស់ពីស្ថានភាពស្រុកទេស។ដូច្នេះហើយខ្ញុំចាប់ចិត្តនឹងជីវិតថ្មីនៅទីនេះដែលអាចអោយខ្ញុំបានស្គាល់ជីវិតពិតនៃកសិករ។ខ្ញុំអាយុជាង៦ឆ្នាំ គួរតែបានស្គាល់ជនបទមុនពេលនេះ។ប៉ុន្តែ ស្រុកទេសយើងស្ថិតក្នុងការឡោមព័តរបស់ខ្មែរក្រហម ដែលជាហេតុមិនអនុញ្ញាតអោយយើងធ្វើដំណើរទៅណាបានងាយៗទេ។ទេសភាពនៃតំបន់ជនបទដែលខ្ញុំបានជួបតាមផ្លូវធ្វើដំណើររបស់យើង បានធ្វើអោយខ្ញុំជ្រាបខ្លះពីជីវិតរបស់កសិករ។ការដាំបន្លែបង្កា បេះផ្លែឈើ ការបុកស្រូវ រែងកន្ទក់…ជាឧទាហរណ៍ខ្លះៗ។នៅសឹងគ្រប់ផ្ទះនីមួយៗមានការចិញ្ចឹមឆ្កែឆ្មា មាន់ ទាឬគោក្របី។យើងមកដល់ភូមិត្នោតក្នុងរដូវវស្សាចាប់ផ្ដើមនៅដើមខែឧសភា។ដូច្នេះហើយ ភ្លៀងក៏ធ្លាក់ញឹកញាប់ ធ្វើអោយបរិវេណជុំវិញបៃតងស្រស់បំព្រង។នៅក្រោយផ្ទះតាយាយយើងមានអណ្ដូងទឹកមួយហើយមានដើមដូង ដើមស្លាដើមត្របែក ដើមចាន់ ដើមទៀប ដើមចេក…ហើយនិងចំការបន្លែដែលនៅខាងឆ្វេង ហើយខិតមកខាងមុខត្រង់ចំហៀងផ្ទះ មានដើមឃ្វិតមួយដើមឬពីរ និងដើមត្នោតមួយដើម។យប់មួយមានភ្លៀងធ្លាក់ខ្លាំង ដើមឃ្វិតដែលពេញដេរដាសទៅផ្លែរយ៉ីងរយោងច្រើនពេកនោះ បានបាក់មែកមកដី ហើយព្រឹកឡើង យើងទៅបេះឃ្វិតខ្ចីទាំងនោះមកត្រាំក្នុងពាងទឹក ទុកញាំបានយូរ ។ដំណាលពេលជាមួយគ្នានេះដែរ ឆ្មាយើងមួយក្បាលចាប់បានកង្កែបបីបួនអោយយើងមកដាក់ក្នុងផ្ទះកាលពីយប់ភ្លៀងធ្លាក់។

Sad

ការចងចាំរបស់ខ្ញុំ(អាយុ៦ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (1)

កំពុងរស់សុខៗ ដោយគ្មានដឹងអ្វីទាំងអស់អំពីស្ថានភាពស្រុកទេស ស្រាប់តែថ្ងៃមួយខ្ញុំឮសូរគ្រាប់កាំភ្លើងធំហោះមកធ្លាក់នៅក្រោយផ្ទះខ្ញុំចំឡានមួយគ្រឿងធ្វើអោយឆេះទ្រលោមហើយផ្អើលមនុស្សពេញម្ដុំផ្សារទួលទំពូង។ខ្ញុំអាយុមិនទាន់បានប្រាំពីរឆ្នាំផង ដូចជាអត់ដឹងអ្វីបន្តិចសោះអំពីសង្រ្គាម។អ្នកដឹងច្បាស់បានភ័យព្រួយអំពីស្ថានភាពស្រុកទេស។មិនចាំបាច់ថាយើងជាអ្នករៀនសូត្រជ្រៅជ្រះនោះទេទើបយល់ដឹងច្បាស់ពីអនាគតស្រុកខ្មែរនៅក្នុងគ្រានោះ។សឹងគ្រប់គ្នា មិននឹកស្មានទាល់តែសោះថាប្រទេសយើងកំពុងតែចាប់ផ្អើមមានវាសនាអាក្រក់ឡើយ។មិនយូរប៉ុន្មាន មានការប្រែប្រួលបន្តិចម្ដងៗពីមួយថ្ងៃទៅមួយថ្ងៃ។ទំនិញចេះតែឡើងថ្លៃ។ប្រាក់រៀលចេះតែចុះថោកយ៉ាងគំហុក។ខ្ញុំធ្លាប់តែទិញនំប៉័ុងមួយតម្លៃ៥០រៀល ស្រាប់តែថ្ងៃមួយខ្ញុំទៅទិញ គេទារ១៥០រៀល។យូរបន្តិចក្រោយមក ទំនិញអ្វីៗក៏ចេះតែឡើងថ្លៃឥតឈប់។មនុស្សម្នាដូចជាត្រៀមខ្លួនសំរាប់ភាពអាសន្ននាពេលខាងមុខ។ប៉ាទិញបាវខ្សាច់ជាច្រើនមកតម្រៀបបាំងបន្ទប់គេងពីក្រោយទ្វារចូលផ្ទះដើម្បីការពារគ្រាប់កំាភ្លើង។ផ្ទះយើងទល់មុខផ្សារទួលទំពូងនេះជាផ្ទះជួលគេទេ។ប៉ាម៉ាក់បានទិញផ្ទះមួយបីជាន់នៅផ្សារដេរប៉ូ(ខ្ញុំអត់ស្គាល់ផង)ដោយបង់ប្រាក់អោយគេទាំងអស់ទៀតផង(១០០ដំឡឹងមាសសុទ្ធ)។យើងសង្ឃឹមថាមិនយូរប៉ុន្មាន ក្រោយចូលឆ្នាំថ្មីហើយយើងនឹងបានចូលទៅរស់នៅផ្ទះថ្មីរបស់យើងយ៉ាងសប្បាយចិត្ត។ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ ការរង់ចាំរបស់យើងក៏ត្រូវបំភ្លេច ហើយមកនាំគ្នាព្រួយអំពីស្ថានភាពនៃសង្រ្គាមដែលកំពុងរោលរាលភ្លើងចូលមកដល់រាជធានីភ្នំពេញ។ឆ្នាំថ្មីចូលមកដល់ហើយ ប៉ុន្តែខុសពីឆ្នាំថ្មីមុនៗ មនុស្សម្នាទាំងឡាយគ្មានបានសប្បាយអីបន្តិចសោះ។ភ្លើងសង្រ្គាមចូលមកដល់ហើយ ឮសូរគ្រាប់កាំភ្លើងគ្រប់ទីកន្លែង ជាហេតុធ្វើអោយមនុស្សគ្រប់គ្នាលែងរវល់ចូលឆ្នាំ តែបែរជាទិញម្ហូបអាហារទាំងស្រស់ទាំងក្រៀម ត្រៀមសម្រាប់គ្រាអាសន្នខាងមុខដែលកំពុងមកដល់។ថ្ងៃបុណ្យចូលឆ្នាំដែលគួរអោយសប្បាយមកដល់ បែរជាធ្វើអោយខ្មែរគ្រប់គ្នាមានទុក្ខភ័យទៅវិញ។ថ្ងៃ១៦ មេសា ប៉ាម៉ាក់នំាកូនៗមកជ្រកនៅផ្ទះអ៊ី(ជាមួយ)ឯផ្សារអូឡាំពិកដើម្បីរង់ចាំមើលការវិវត្តិន៍នៃស្ថានការណ៌ ព្រោះអីនៅជុំគ្នាបាត់ភ័យផងដែរ។អ៊ីមួយបានដោតទង់សនៅលើបាល់កុងដើម្បីកុំអោយខ្មែរក្រហមបែរតម្រង់កាំភ្លើងមក។យើងភិតភ័យខ្លាំងព្រោះមិនដឹងជាពួនបាំងខ្លួននៅទីណាទេ។យើងអុជធូបសំពះព្រះសុំសេចក្ដីសុខ។ពេលឮសូរគ្រាប់កាំភ្លើងម្ដងៗ កូនៗយកដៃផ្ទប់ត្រចៀក ហើយខ្លះរត់ទៅពួននៅក្រោមគ្រែ ឬចង្រា្កន ដោយស្រែកផង យំផង។យើងអត់ឃើញមានអ្វីកំពុងកើតឡើងនៅខាងក្រៅផ្ទះទេ ប៉ុន្តែ មានសភាពស្ងាត់ គឺពុំមានមនុស្សដើរ និងឡានបើកបរដូចសព្វដងឡើយ។ថ្ងៃ១៧មេសាមកដល់ ក៏ស្រាប់តែខ្មែរក្រហមដេញខ្មែរទាំងអស់ចេញពីក្រុងភ្នំពេញ ដោយប្រាប់កុហក់ថាអាមេរិកនឺងមកទម្លាក់គ្រាប់បែកលើក្រុងភ្នំពេញ។យើងគ្មានបានត្រៀមជម្លៀសខ្លួនចេញទេព្រោះតែពុំនឹកស្មានដល់រឿងហ្នឹង។ប៉ុន្តែយើងក៏ជឿវាដែរ។ដូច្នេះក៏មិនចាំបាច់យកអីវាន់ទៅតាមខ្លួនច្រើនឡើយ គឺធ្វើម៉េចបិទទ្វារចាក់សោរអោយតែជាប់បានល្អទៅបានហើយ។ខ្ញុំនៅស្ដាយរបស់លេងរបស់ខ្ញុំដែលខ្ញុំចូលចិត្តលេងរាល់ថ្ងៃមិនដែលខាន មានដូចកំាភ្លើងជ័រសម្រាប់បាញ់រូបសត្វ។ថ្ងៃនោះខ្ញុំចាំបានថាប៉ាបើកបរឡានដឹកយើងចេញពីក្រុងភ្នំពេញ ដោយបន្តកន្ទុយឡានយ៉ាងវែងហើយធ្វើដំណើរមិនលឿនឡើយ។អ្នកក្រុងភ្នំពេញជាច្រើនផ្សេងទៀតធ្វើដំណើរថ្មើរជើងជាមួយឥវ៉ែឥវ៉ាន់តាមខ្លួនរណេងរណោងជាមួយតាយាយ កូនធំ កូនតូចៗក៏មាន។មានអ្នកអ្នកខ្លះដែលជឿពួកអាវខ្មៅទាំងស្រុងក៏ទុកជីដូនជីតាចាស់ជរាអោយស្នាក់នៅក្នុងផ្ទះបីថ្ងៃរង់ចាំកូនចៅដែលនឹងត្រលប់មកវិញ។ខ្លះទៀតទោះជឿពួកវាឬមិនជឿ ដោយមិនពិបាកដឹកជម្លៀសជីដូនជីតាចាស់ជរា ក៏ទុកគាត់អោយនៅក្នុងផ្ទះតែឯងទៅ។មានគ្រួសារខ្លះ មិនព្រមជម្លៀសខ្លួនត្រូវខ្មែរក្រហមបាញ់សម្លាប់សឹងទាំងពូជក៏មានដែរ។ពេលនេះ មហាសោកនាដកម្មខ្មែរកំពុងតែចាប់ផ្អើមហើយ ។យើងឃើញមានភាពអាសន្ន ភ័យផ្អើលពាសពេញក្រុង ៖នរណាក៏ត្រូវតែជម្លៀសខ្លួនចេញដែរនេះជាបទបញ្ជារបស់អង្គការខ្មែរក្រហម។សូម្បីអ្នកជំងឺមិនថាឈឺស្រាលទេ អ្នកឈឺធ្ងន់ក៏ត្រូវតែជម្លៀសចេញពីក្រុងដែរ។បើចេញមិនរួច វាសម្លាប់ចោល។នៅតាមផ្លូវដោយខ្វះស្បៀងអាហារ ថ្នាំសង្កូវអ្នកក្រុងភ្នំពេញក៏ត្រូវស្លាប់អស់រាប់ពាន់រាប់ម៉ឺននាក់ ធ្វើអោយបរិយាកាសជុំវិញធុំក្លិនស្អុយ មានរុយពាសពេញនំាអោយអ្នកខ្លះដែលមានមុងក៏ហូបបាយក្នុងមុង។យើងធ្វើដំណើរយូរបន្តិចក៏មកដល់កៀនស្វាយ ។គឺនៅទីនោះហើយដែលយើងត្រូវបោះបង់ឡានរបស់យើងចោល។ប៉ាបានដោះកង់ឡានហើយដោះយកពោះវៀនកង់ឡានទុកសម្រាប់អោយកូនៗជិៈលេងក្នុងទឹកទន្លេ។យើងត្រូវស្នាក់នៅទីនោះមួយរយៈពេលសិន ទំរាំអាចនឹងចេញដំណើរផ្សងព្រេងទៅមុខទៀត។ស្នាក់មិនបានប៉ុន្មានថ្ងៃក៏ខ្វះអង្ករ ហើយយកលុយទៅទិញលុយក៏បាត់តម្លៃសឹងតែទាំងអស់។រកទិញអ្វីក៏សឹងមិនបានឯអង្ករក៏កម្ររកទៀត។ដូច្នេះ យើងទិញសណ្ដែកបាយមកដាំលាយនឹងអង្ករ។ញុំាបាយ គ្រប់គ្នាញុំាបាន ដល់ញុំាបាយលាយសណ្ដែកបាយ ក៏ញុំាលែងសូវបាន។យើងដេកតាមផ្លូវប់ុន្មានថ្ងៃក៏ត្រូវបានអ្នកស្រុកម្នាក់គេអោយជ្រកកោននៅផ្ទះគេ ។ខ្ញុំដេកក្នុងផ្ទះឈើមានសរសរជាលើកទីមួយគ្មានគ្រែ ប៉ុន្តែខ្ញុំបំរះណាស់ ។កាលនៅទួលទំពូង ខ្ញុំដេកបំរះពេកក៏ធ្លាប់ធ្លាក់ពីលើគ្រែម្ដងពីរដងដែរ។មានយប់មួយកំពុងតែដេកលក់ស្រួល ស្រាប់តែឮតុកកែយំ ធ្វើអោយខ្ញុំភ័យយ៉ាងខ្លាំងព្រោះមិនធ្លាប់ឮសត្វនេះយំសោះតាំងពីកើតមក។ពេលថ្ងៃ យើងចេញទៅរកបេះផ្លែឈើញុំា ទៅងូតទឹកទន្លេ រកលៀស។យើងដូចជាកំពុងវិស្សមកាលទាំងគ្រួសារនៅឯជនបទដោយគ្មានរយៈកាលកំណត់។ប៉ុន្តែគួរអោយព្រួយបារម្ភព្រោះខ្វះស្បៀងអាហារ ថ្នាំសង្កូវ។ល។ថ្ងៃមួយ យើងធ្វើដំណើរទៅមុខទៀត ជួនជាមិនទាន់បានដល់ទិសដៅ ក៏ត្រូវតែខំដើរយ៉ាងត្រដរទំាងពេលយប់ងងឹត សឹងមើលអ្វីមិនឃើញតាមផ្លូវលំ។ស្រាប់តែរំពេចនោះ យើងមកជួបប្រទះនឹងមនុសប្រុសចម្លែកម្នាក់ឈរកាន់កាំបិតរាំងផ្លូវយើង។យើងក៏ទុចដំណើរទាំងអស់គ្នាមួយសន្ទុះ។យើងរកសួរអ្នកស្រុកដែលរស់នៅក្បែរផ្លូវ ប៉ុន្តែត្រូវរង់ចាំសភាពការណ៍សិន ក្រែងមានគេមកជួយ។កុងគាត់ចង់ឃើញមុខមនុស្សចម្លែកនោះខ្លាំងណាស់ ក៏ចូលទៅជិតអត់មានខ្លាចបន្តិចទេ ហើយយកដែកកេះមួយមកកេះបំភ្លឺមើលមុខជនកំហូចនោះ។លោះបន្តិចក្រោយមក ក៏បានដំណឹងពីអ្នកស្រុកថាមនុស្សនោះឆ្កួត។មិនយូរប៉ុន្មានគេក៏បាននំាមនុស្សនោះចេញបាត់ទៅ។យើងមកដល់កន្លែងថ្មីមិនជាឆ្ងាយប៉ុន្មានទេ ប៉ុន្តែជាកន្លែងដែលយើងត្រូវបែកក្រុមគ្រួសារគ្នាហើយ។រស់នៅតាមផ្លូវយូរទៅក៏ចេះតែខ្វះស្បៀងខ្វះទឹក។ថ្ងៃមួយខ្វះទឹកសំរាប់ផឹក ប៉ាយកកាដុងមួយ ចុះទៅទន្លេហែលទៅដល់កណ្ដាល ដួសទឹកពេញមួយកាដុង ព្រោះទឹកកណ្ដាលទន្លេថ្លា ស្អាតជាង។ដល់ថ្ងៃយើងបែកក្រុមគ្រួសារពីគ្នា បងៗដែលធ្លាប់លេងជាមួយជីដូនមួយនឹងគ្នាក៏ទឹកភ្នែករលីងរលោង។ទ្រា(ស្វាមីអ៊ីមួយ)បានចាកចេញទៅភ្នំពេញតាមការប្រកាស់របស់អង្គការខ្មែរក្រហមអោយចូលទៅធ្វើការ។ថ្ងៃមួយប៉ាបានទៅសុំគេចូលទៅរកការធ្វើនឹងគេដែរ ប៉ុន្តែយឺតពេលទៅហើយគេក៏ឈប់ទទួលយក។នេះជាសំណាងរបស់ប៉ា ព្រោះថាខ្មែរក្រហមវាប្រកាស់ហៅយកអ្នករាជការទៅសម្លាប់ចោលទេ។ទ្រាទៅបាត់រហូតទៅ គ្មានបានដំណឹងបន្តិចរហូតមកដល់ពេលនេះ។យើងបែកគ្នាហើយ ត្រូវធ្វើដំណើរថ្មើរជើងទាំងលំបាកកម្លាំងកាយនិងចិត្ត រហូតជិតដល់ភូមិរបស់តាយាយខ្ញុំខាងប៉ាខ្ញុំគឺនៅភូមិត្នោតខេត្តព្រៃវែង ក៏មានបងប្អូនគេមកទទួល។ខ្ញុំហត់ណាស់ ព្រោះដើរយូរពេកក៏មានទឹកមុខចង់យំ។រំពេចនោះមានពូម្នាក់ជាសាច់ញាតិ បានហៅខ្ញុំអោយជិៈកង់របស់គាត់។ដំបូងខ្ញុំដូចជាស្ទាក់ស្ទើរ ព្រោះមិនស្គាល់ហើយមិនទុកចិត្តគាត់ប៉ុន្តែដោយប៉ាម៉ាក់ជំរុញ ទើបខ្ញុំព្រមទៅជិៈកង់គាត់ៗក៏ជិៈដឹកនំាខ្ញុំអោយទៅដល់គោលដៅមុន។មនុស្សប្រមាណពីរលាននាក់ត្រូវចេញអស់រលីងពីភ្នំពេញទៅរស់នៅជនបទដោយត្រូវបង្ខំអោយធ្វើការស្រែចំការគ្មានថ្ងៃសម្រាកឡើយ ។មិនតែប៉ុណ្ណោះ ការរស់នៅក៏មិនមានម្ហូបអាហារញុំាគ្រប់គ្រាន់ ពេលឈឺក៏គ្មានថ្នាំព្យាបាល គ្មានពេទ្យព្យាបាល។អ្វីៗទាំងអស់ត្រូវធ្លាក់មកដល់ចំណុចសូន្យ។ខ្មែរយើងជិតពីរលាននាក់ត្រូវបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមព្រៃផ្សៃដែលមានរយៈពេលបីឆ្នាំប្រាំបីខែម្ភៃថ្ងៃរាប់តាំងពីថ្ងៃ១៧មេសា១៩៧៥រហូតដល់ថ្ងៃទី៧មករា១៩៧៩។

ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ១៩)

ប៉ុន្តែ ទោះបីយ៉ាងណាក៏គួរអោយយើងយកអាថ៌កំបំាងនេះមកពិចារណា
ខ្លះៗដែរអំពីមរណាភាពដែលប្រៀបដូចទៅនឹងព្រះអាទិត្យអស្តង្គត។តើមានអ្វីទៅ
ដែលនំាអោយបុរព្វបុរសខ្មែរយើងប្ដូរចិត្តគំនិតឬទំនៀមទំលាប់ដូចនេះ
ទៅវិញ?ឬមានអ្វីមួយពិសេសក្នុងជំនឿរបស់បុព្វបុរសខ្មែរជំនាន់នោះ?
តាមធម្មតា ទិសខាងកើត ទោះបីជាតំណាងអោយសេចក្ដីចំរុងចំរើន
អញ្ចឹងមែនហើយក៏ដោយ ប៉ុន្តែគេក៏អាចគិតដូចនេះដែរថា៖ទិសខាងកើត
តំណាងនូវកំណើត ឯទិសខាងលិចតំណាងសេចក្ដីស្លាប់។គ្រប់សព្វសត្វ
ទំាងអស់លើលោកចាប់កំណើតមកនេះគឺមានទុក្ខព្រោះកំណើតគឺជាជីវិត
ហើយជីវិតគឺជាទុក្ខ ។ចំណែកសេចក្ដីស្លាប់មិនមែនជាជីវិតលើលោកនេះ
ទៀតឡើយ។ដូច្នេះសេចក្ដីស្លាប់សំលាប់ទុក្ខបាត់ទៅ បង្កើតបានជាការធូរស្បើយមួយ
ឬការធូរស្រាលមួយ…ហើយម្យ៉ាងទៀតគេជឿថាជីវិតមិនមែនចប់ក្នុងសេចក្ដី
ស្លាប់ទេព្រោះត្រូវមានអ្វីមួយក្រោយសេចក្ដីស្លាប់ ។ដូចនេះហើយទើបនំាអោយ​
សេចក្ដីស្លាប់មានអ្វីម្យ៉ាងពិសេសជាងកំណើតពីព្រោះសេចក្ដីសង្ឃឹម,រឿងសម្ងាត់
ឬសុបិនចាកចេញទៅជាមួយសេចក្ដីស្លាប់ដែរ។ហេតុនេះ ការបែរមុខទៅ
ទិសខាងលិចដូចជាបែរមុខទៅរកអនាគត ឬទៅរកសេចក្ដីសង្ឃឹមមួយ
ដែលនៅលាក់ពីក្រោយសេចក្ដីស្លាប់។ទស្សនវិជ្ជាក្រិកក៏យកសេចក្ដីស្លាប់
ជាទីដៅដែរ ដោយគេនិយាយយ៉ាងនេះថាPhilosopher,c’est se préparer
à mourir ប្រែថាទស្សនវិជ្ជា គឺត្រៀមខ្លួន(រៀបចំ)ស្លាប់។ព្រះពុទ្ធសាសនា ក៏មានទីដៅ
ដូច្នោះដែរ គឺសេចក្ដីស្លាប់(មិនកើតទៀត) ដែលជាទីរំលត់ទុក្ខ ។នៅក្រោយ
សេចក្ដីស្លាប់មានសេចក្ដីសង្ឃឹម មានសុបិនរបស់យើង។ព្រះពុទ្ធ ព្រះអង្គទ្រង់
បានព្យាយាមតស៊ូស្វែងរកទីរំលត់ទុក្ខទាល់តែបានសំរេចគឺបរិនិពាន្តដែលជា
បរមសុខដ៏កំពូល គឺជាត្រើយដ៏សុខសាន្តចុងក្រោយនៃជីវិតដែលជាទីប្រាថ្នា
នៃមនុស្សលោកគ្រប់គ្នា។ទីដៅនៃជីវិត គឺការរំលត់ទុក្ខ មានន័យថាសេចក្ដីសុខ។
ប៉ុន្តែជីវិតត្រូវការតស៊ូ ត្រូវការតំរង់ទិសដៅទៅកាន់់ទីនោះ ទោះជាមនុស្សលោក
កាន់់សាសនាឬជំនឿផ្សេងៗគ្នាក៏ដោយ ក៏មានទីដៅដូចគ្នាគឺសេចក្ដីសុខសាន្ត
ដែលក្នុងព្រះពុទ្ធសាសនាថានិពាន្ត ឯព្រះគ្រឹស្ទសាសនាថាឋានសួគ៌។

មានចំងល់ខ្លះអំពីថាតើនរណាជាអ្នកសាងប្រាសាទអង្គរវត្ត? បើតាមរឿងព្រេង
ខ្មែរមួយថាព្រះពិស្ណុការជាអ្នកកសាងអង្គរវត្ត បានន័យថាអង្គរវត្តមិនបានត្រូវ
កសាងដោយបុព្វបុរសខ្មែរយើងទេ។ប្រជារាស្រ្តខ្មែរខ្លះនៅតែមានជំនឿថា
ព្រះពិស្ណុការជាអ្នកសាងអង្គរវត្ត ព្រោះអង្គរវត្តជាប្រាសាទមួយអស្ចារ្យណាស់
ដែលពិបាកនឹងជឿថាជាស្នាដៃរបស់មនុស្សលោក​។តើភាពអស្ចារ្យនោះគឺអ្វីទៅ?
ភាពអស្ចារ្យនោះគឺទំហំមាឌដ៏ធំស្កឹមស្កៃនៃប្រាសាទអង្គរវត្តទំាងមូលដែលធ្វើ
ឡើងដោយផ្ទាំងថ្មធំៗជាច្រើនរាប់មិនអស់ ហើយនិងសម្ផស្សនៃក្បាច់រចនាយ៉ាង
ល្អប្រណិតឥតប្រៀបផ្ទឹមបាន។
ឃើញថ្មច្រើនសន្ធឹកដូច្នេះ ខ្ញុំនឹកឆ្ងល់ណាស់៖មិនដឹងខ្មែរយើងជញ្ជូនពីណាមក
ដើម្បីសាងសង់ប្រាសាទទំាងឡាយនៅទីក្រុងអង្គរ។តាមអ្នកបុរាណវិទ្យាថាថ្មដែល
បុព្វបុរសខ្មែរយកមកសង់ប្រាសាទអង្គរវត្តក្ដី បាយ័នក្ដី សុទ្ធសឹងជញ្ជូនមកពី
ភ្នំគូលេនដែលស្ថិតនៅឆ្ងាយពីអង្គរប្រហែលជា៤៥គីឡូម៉ែត្រឯណោះ។ដូច្នេះ ខ្ញុំ
ឆ្ងល់ទៀតហើយថាតើបុព្វបុរសខ្មែរយើងដឹកជញ្ជូនថ្មរាប់មិនអស់នេះពីនោះមក
ដោយមធ្យោបាយណា?តាមការគិតរបស់មនុស្សទូទៅគឺប្រាកដជាដោយប្រើសត្វ
ដំរីឬសត្វគោក្របីជាជំនួយដើម្បីអូសទាញក្នុងការដឹកជញ្ជូនថ្មទំាងនោះហើយ។

ចំណែកប្រវត្តិសាស្រ្តខ្មែរវិញប្រាប់ថាគឺបុព្វបុរសខ្មែរយើងទេជាអ្នកសាងសង់
ប្រាសាទអង្គរវត្ត ក្នុងចន្លោះឆ្នំា១១១៣-១១៥០ ក្រោមរជ្ជកាលនៃព្រះបាទសុរ្យវរ័្មនទី២
គឺមានន័យថាប្រាសាទអង្គរវត្តជាស្នាព្រះហស្ថរបស់ព្រះអង្គ។ការសាងសង់់ប្រាសាទ
អង្គរវត្តទំាងមូលត្រូវការប្រើមនុស្សប្រមាណជាបីម៉ឺននាក់និងរយៈពេលសាមសិបឆ្នំា។
នេះបង្ហាញអោយឃើញថាប្រាសាទអង្គរវត្តមានទំហំធំក្រៃលែង។គឺអង្គរវត្តហើយ
ដែលជាប្រាសាទធំជាងគេបង្អស់លើពិភពលោក។

នរណាជាអង្គការ?

អង្គការគឺជាបីសាចឃាតករដែលសម្លាប់ប្រជាជនខ្មែរអស់់រាប់់លាននាក់់,
វាមិនមែនជាឳម៉ែរបស់់ប្រជាជនខ្មែរនោះទេ។ដូច្នេះហើយបានជារបបគ្រប់់គ្រង
របស់អង្គការសម្លាប់់ប្រជាជនខ្មែរអស់រាប់់លាននាក់់ ហើយបំផ្លិចបំផ្លាញ
ប្រទេសកម្ពុជាខ្ទិចខ្ទីរអស់់រលីង។
ថ្ងៃទី១៧មេសា១៩៧៥ គឺជាថ្ងៃដែលពស់់(អង្គការ)ចាប់់បានកង្កែប
(កម្ពុជា)ហើយថ្ងៃទី៧មករា១៩៧៩គឺជាថ្ងៃដែលពស់់នេះ(អង្គការ)
វាលេបកង្កែប(កម្ពុជា)។ប៉ុន្តែមិនដូចសម័យដែលវាបានលេបចម្ប៉ា,
វាពិបាកលេបក៏ខ្ជាក់់ចេញនៅថ្ងៃទី២៣តុលា១៩៩១ រួចហើយខំលេប
ឡើងវិញដោយអត់់អាម៉ាស់់នៅចំពោះមុខពិភពលោកទំាងមូល។

ក្នុងនយោបាយ,ជាទូទៅ៖

ភ្នែកអាចមើលឃើញអ្វីទំាងអស់់លើកលែងតែការពិត។
ប្រាជ្ញាមិនអាចមើលឃើញអ្វីទំាងអស់់លើកលែងតែការពិត។
សេចក្ដីល្ងង់់មិនត្រឹមតែមិនអាចអោយអ្នកមើលឃើញការពិត
នោះទេ វាថែមទំាងអាចនំាមកអ្នកនូវសេចក្ដីវិនាសនិងទុក្ខវេទនា
គ្រប់់បែបយ៉ាង។

សេចក្ដីផ្ដើម

គួរអោយចំឡែកណាស់ ប្រទេស​ខ្មែរ​កំពុង​តែបាន​សេចក្ដី​សុខក្សេមក្សាន្ត ស្រាប់​តែមាន​ព្រឹត្តិការណ៍​ដ៏មហា​ចង្រៃ​មួយ​ផ្ទុះ​ឡើង។

នៅថ្ងៃ១៧ មេសា ១៩៧៥, ប្រទេស​ខ្មែរ​ក្លាយ​ជា​លាន​មរណៈ​ភ្លាម។ ខ្មែរមួយ​​ក្រុម​ ក្លាយ​ជាឃាតករ​លើ​សាសន៍​ខ្លួន​យ៉ាង​ព្រៃផ្សៃ។ ប៉ុន្តែ​មេបញ្ជាការ គឺ «អង្គការអនាមិក» មិនមែន​សម្ដេច​សីហនុ, មិនមែន ខៀវ សំផន… គួរអោយ​ចម្លែក​ណាស់! គូបដិបក្ខ​ប្រឆំាង​គ្នា​ក្នុង​កំឡុង​ ៥ឆ្នំា ១ខែ ត្រូវ​ចាញ់​ទំាងអស់​គ្នា។ មើលចុះ… លោក លន់ ណល់ សុំចាញ់​ ស្ម័គ្រចិត្ត​​ដើរ​ចាក​ចោល​ស្រុក, សម្ដេច​សីហនុ បែរជា​ជាប់​ឃុំឃាំង​ទៅវិញ, រីឯ ខៀវ សំផន… គ្មានឮ​ឈ្មោះ។

សំណួរ៖ តើនរណា​ជា​អ្នកឈ្នះ?

ចម្លើយ៖ គឺក្រុម​សំងាត់​ជា​អ្នកឈ្នះ… រួចវា​លួច​បន្លំ​ប្រើ​ឈ្មោះ «អង្គការ»។

ជាដំបូងអង្គការ​ចាត់​សំលាប់​ជាបន្ទាន់​នូវ​បញ្ញវន្ត ព្រះសង្ឃ រួចវា​លើក​បន្តុប​ចោរ​សិន។ កាលណោះ អង្គការ​គ្រប់គ្រង​ប្រទេស​ខ្មែរ ប្រើ​របប​ចោរ គឺយើង​ឃើញ​ចោរ​ក្ដាប់​អំណាច​យ៉ាង​ពេញ​លេញ។ ប៉ុន្តែ ​វាប្រើ​យីហោ​ខ្មែរក្រហម។ ខ្មែរ​ក្រហម​ធុន​នេះ ដើរ​ប្លន់​បាញ់​សម្លាប់ខ្មែរ​ដោយ​សេរី។ វាកែ​ទម្រង់​ពាក្យ​ប្លន់ ជា​ពាក្យ​ស្នើ។ ប៉ុន្តែ​ពាក្យ​ស្នើនេះ សាហាវ​​យង់ឃ្នង​ជាង​ពាក្យ​ប្លន់​ទៅ​ទៀត។ ព្រោះ​រដ្ឋធម្មនុញ្ញ​របស់​អង្គការ​ការពារ​ចោរ​ដើរ​ស្នើ… បើម្ចាស់់​ទ្រព្យ​មិនព្រម​អោយ​ចោរ គឺមិន​ព្រម​អោយ​ខ្មែរក្រហម​ធុន​នោះ វាសំលាប់​ចោល​ដោយ​សេរី រួចវា​ចោទ​ថា ក្បត់អង្គការ។ អង្គការ​ដេញ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​នគរ អោយ​​ចាកចេញ​ពីទី​លំនៅ​ ត្រូវ​ចោល​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ឥត​គណនា។ អង្គការច្នៃ​រដ្ឋធានី​ភ្នំពេញ និង​ទីក្រុង​ទំាងឡាយ​ អោយ​ទៅជា​ទីក្រុង​ខ្មោច។ ពេលនោះ​អង្គការ​បែរ​បញ្ចូល​ចិន​ បញ្ចូល​យួន​មក​កាន់កាប់​ប្រទេស​ខ្មែរ, ប្រមូល​ទ្រព្យ​សម្បត្តិ​របស់​ខ្មែរ, ប្លន់​ដឹកនំា​ចេញ​ទៅ​ដោយ​សេរី, សេសសល់​បន្តិច​បន្តួច អង្គការ​បញ្ជា​អោយ​បំផ្លាញ​ចោល។

អង្គការ​ធ្វើ​ទារុណកម្ម​ដល់​រាស្រ្ត​ខ្មែរ​គ្រប់​បែប​យ៉ាង​ គឺធ្វើ​ដូចម្ដេច​ក៏ដោយ​អោយ​តែ​ដល់​​ស្លាប់ រួចវា​ចាត់​ក្រុម​ឃាតករ​អាថ៌កំបំាង​អោយ​ចេញ​មក​សម្លាប់​ខ្មែរ​ជា​ដំណាក់ៗ។ មើលចុះ…បងប្អូន​ខ្មែរ​ដែល​មិន​ទាន់​ដល់​វេន​ស្លាប់ កំពុង​អូស​នង័្គល រនាស់​ហាល​ក្ដៅ ហាល​ភ្លៀង​ស្ទើរ​ឆ្កួត​វង្វេង ឈប់​ចេះ​និយាយ ឈប់​ចេះ​សើច ឈប់​ចេះ​យំ… ស្រាប់​តែឮ​​អង្គការ​បញ្ជា​អោយ​ដក​អាវុធ​ពី​ក្រុម​ខ្មែរ​ក្រហម​អតីត​ចោរ​អស់​រលីង។ ហើយ​ស្រាប់​តែ​ថ្ងៃទី ២០ តុលា ១៩៧៨ ម៉ោង​ប្រហែល​ប្រាំបី​យប់​ មាន​ក្រុម​ឃាតករ​អាថ៌កំបំាង ចូល​មក​វាយ​​សំលាប់​ក្រុម​ខ្មែរ​ក្រហម​អតីត​ចោរ​ទំាង​នោះ​ អោយ​ស្លាប់​អស់​រលីង។ ស្រាប់​តែឮថា៖ មាន​ក្រុម​អាថ៌កំបាំង​ចេញ​មក​ព័ទ្ធ​បាញ់​ខ្មែរក្រហម​និន្នាការ​ខ្មែរ ឃើញ​តែ​ខ្មោច​ដេក​ស្លាប់​ពាស​ពេញ​ព្រៃ។ ស្រាប់​តែឮ​ថា៖ អង្គការ​បញ្ជា​អោយ​ចាប់​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម ដែល​មាន​និន្នាការ​ខ្មែរ​ ដូច​ជា​លោក ខែក ប៉ែន ហៅ​មិត្ត ស៊ូ និង​ប្រពន្ធ, លោក​ ដាហួន ហៅមិត្ត វ៉ាញ, លោក ហូនឹម និងប្រពន្ធ, ​លោក ពេញ ធួក ហៅ វ៉ន វ៉េត និងប្រពន្ធ, កែវ មាស, កុយ ធួន ជាដើម នំាទៅ​បញ្ចូល​គុក​ទួលស្លែង​ធ្វើ​ទារុណកម្ម​ជា​ច្រើន​ខែ រួច​សម្លាប់​ចោល​នៅ​ទីនោះ​អស់​ទៅ។ លុះសម្លាប់​ខ្មែរក្រហម​និន្នាការ​ខ្មែរ​ជិត​អស់ អ្នកនៅ​សល់​បន្តិច​បន្តួច​ក៏រត់​រប៉ាត់​រប៉ាយ​អស់។ ពេល​នោះ​ អង្គការ​ចាត់់​តែង​តំាង​អតីត​ខ្មែរ​វៀតមិញ​ក្រុមទី២​ អោយ​សម្លាប់​បំបាត់​ពូជ​ខ្មែរ​តទៅ​ទៀត។ វាប្រើ​យីហោ​ខ្មែរ​ក្រហម​ដដែល​គឺ «ក្រុម​ខ្មែរ​ក្រហម​នីរតី»។

នៅចុងខែធ្នូ១៩៧៨ ស្រាប់តែឮ​ថា អង្គកា​របញ្ជូន «យោធា​ស្រលាញ់​សម្ដេចឪ» ចំនួន ៤ម៉ឺន​នាក់​អោយ​ចូល​ចំអន្ទាក់​ខ្សែ​ត្រៀម​បូដូយ​(ទាហាន​យួន)។ បូដូយ​បាញ់​សម្លាប់​ខ្ទិច​អស់។ល។ និង។ល។ ដូច្នេះ​ចុងខែ ធ្នូ ឆ្នំា១៩៧៨ ប្រទេស​កម្ពុជា​ចំហ​ធ្លុង… ខ្មោច​យោធា​កៀរ​កប់​មិន​ទាន់​ស្រេច​បាច់​ផង… នៅថ្ងៃទី ២៥ ធ្នូ ១៩៧៨ ជាថ្ងៃ​បុណ្យ​ណូអែល… យួន​ហាណូយ​បញ្ជា​អោយ​បូដូយ​ចេញ​ពីព្រៃ​ ចូលមក​លុក​លុយ​រាតត្បាត​ពាស​ពេញ​ទីក្រុង​ខ្មែរ។

ភារកិច្ចដំបូង វាបើក​បរឡាន​ដើរ​ប្រមូល​ខ្មែរ​ក្រហម​ដែល​មាន​និន្នាការ​យួន ដែល​ជាអតីត​ខ្មែរ​វៀតមិញ នំាយក​មក​បំពាក់​បុណ្យ​សក្ដិ​ឡើង​វិញ។
—————————————————-
ខាងក្រោមនេះជាឯកសារ ៖អង្គការជានរណា​?:https://docs.google.com/viewer?pid=explorer&srcid=0Byw4IHqq4ZDMaVMwS3V3T3Z5bUk&docid=64dfa5378da7ec593a267cfd70b2d36c|2c328b0158533d5f4b8fa717af1a5d65&chan=EAAAAFO7KaPkEslsxUZ/sJIUcDIiRBAXReo/1/aClWvsTHtX&a=v&rel=rar;r1;???????????????+???????????????????+???+??????+??+????????+%281993%29.pdf
អត្ថបទ ជាតិនិយមជាអ្វី?៖
https://sambatt.wordpress.com/2010/12/29/
អត្ថបទ កងទ័ពខ្មែរពិជាស្នេហាជាតិមែនឬ?៖

កងទ័ពខ្មែរពិតជាស្នេហាជាតិមែនឬ?

កងទ័ពខ្មែរពិតជាស្នេហាជាតិមែនឬ?

យើងជាជនជាតិខ្មែរត្រូវចេះវិភាគ៖
ប្រទេសជាតិខ្មែរបាននិងកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង
តំាងពីយូរលង់់ណាស់់មកហើយ ,និយាយអោយដល់់ខាងដើមតែម្ដង
គឺចាប់់តំាងពីជនជាតិថៃ លាវ យួន និងចាមបានចូលមករស់់នៅលើ ជ្រោយ
សុវណ្ណភូមិរបស់់ខ្មែរយើងនេះមក។
បញ្ហាព្រំដែនថ្មីៗជាមួយប្រទេសថៃ នៅតែមិនទាន់់ដោះស្រាយដាច់់ស្រេចនៅឡើយ
ទេ ហើយដោយសារតុលាការអន្តរជាតិក្រុងឡាអេបានធ្វើអន្តរាគមន៍ ទើបបានជាស្ងាត់់
មាត់់ទំាងសងខាង អំពីជំលោះនៅតំបន់់ព្រះវិហារក្នុងពេលនេះ។សង្រ្គាមនៅតំបន់់
ព្រះវិហារដែលបានផ្ទុះកាលពីជាងប្រាំឆ្នំាកន្លងទៅ មិនទាន់់អាចថារលត់់ទេ។ប៉ុន្តែ
ដោយសារតុលាការអន្តរជាតិគេតម្រូវអោយដកទ័ពចេញ ទើបត្រូវតែធ្វើតាមបញ្ជារ។
ជំលោះនៅប្រាសាទព្រះវិហារនេះ ជាសាក្ខីភាពមួយដែលខ្មែរទូទៅបានយល់់ឃើញ
ថាទ័ពខ្មែរមានសេចក្ដីស្នេហាជាតិណាស់់ទាល់់តែប្រជាជនខ្មែរទូទំាងប្រទេសដឹងឮ
គ្រប់់គ្នា ហើយរួមកំលំាងគ្នាគំាទ្រទាំងកំលាយកាយកំលំាងចិត្តដល់់ពួកគេ។
ប៉ុន្តែ គួរជួយវិភាគផងថា ៖ប្រទេសខ្មែរយើងមិនមែនមានបញ្ហាព្រំដែនតែជាមួយ
ថៃទេ,ប៉ុន្តែជាមួយវៀតណាមគឺគ្រប់់សម័យកាល ។ប្រជាជនខ្មែរនៅតាមបណ្ដោយ
ព្រំប្រទល់់ជាមួយវៀតណាម ជាពិសេសនៅខេត្តស្វាយរៀង ឮតែបាត់់បង់់ដីស្រែ
ឬបង្គោលព្រំដែនត្រូវបានរំកិលនៅក្នុងខេត្តខ្មែរទំាងឡាយតាមបណ្ដោយព្រំប្រទល់់
រវាងប្រទេសទំាងពីរនេះ។ភស្តុតាងជាក់់ស្ដែង គឺលោកសម រង្ស៊ី ប្រធានគណបក្ស
សមរង្ស៊ី បានទៅដកបង្គោលព្រំដែនដែលវៀតណាមបានលួចរំកិលចូលមកក្នុង
ដីខ្មែរ កាលពីពីរបីឆ្នំាកន្លងទៅ នំាអោយរដ្ឋាភិបាលខ្មែរសព្វថ្ងៃដែលគំាទ្រដោយ
វៀតណាម បណ្ដេញលោកចេញពីប្រទេសយ៉ាងគូរអោយឈឺចាប់់និងជូរចត់់ជា
ទីបំផុត។ប៉ុន្តែទ័ពខ្មែរ មិនដែលបានទៅឈមមុខនៅទីនោះទេ;មិនដែលបានទៅ
ការពារទឹកដីនៅទីនោះទេ។តើហេតុអីបានជាពួកគេការពារទឹកដីតែនៅខាង
ព្រំប្រទល់់ជាមួយថៃឬលាវ?ឯនៅព្រំប្រទល់់ជាមួយវៀតណាម បែរជាធ្វើ
មិនអើពើ?នេះ មិនមែនជាសកម្មភាពរបស់់ពួកគេទេ,វាជាសកម្មភាពនយោបាយ
របស់់មេដឹកនំាខ្មែរដែលនៅក្រោមចៅហ្វាយវៀតណាម,ទើបបានជាបាត់់បង់់ទឹកដី
ប៉ុន្មាននៅទីនោះក៏មិនអើពើលើកលែងតែនៅតំបន់់ព្រំប្រទល់់ជាមួយប្រទេសថៃ
និងលាវតែប៉ុណ្ណោះ។


ដំណើរទស្សនាប្រាសាទបុរាណខ្មែរនៅអង្គរ(ភាគ២៦)

ចំណែកជញ្ជាំងភាគខាងក្នុងវិញ ពោរពេញទៅដោយរូបចំលាក់លិបទំាងអស់។
តាមបណ្ដោយជញ្ជាំងថែវជាន់ទី២ គេឃើញសុទ្ធតែរូបអប្សរាដែលមានចំនួនជាង
១៥០០រូប។រូបសម្ផស្សនៃទេពអប្សរទាំងនេះ ញុំាងទស្សនិកជនឲ្យស្រមើស្រមៃ
ដល់ស្ថានសួគ៌។រូបអប្សរនីមួយៗមានទំរង់ មុខមាត់​កាយវិកា និងរបៀបតែងកាយ
ខុសគ្នាទាំងអស់។ពុំមានរូបណាមួយដូចគ្នាឡើយ។អប្សរាភាគច្រើនកាន់ផ្កានៅនឹង
ដៃដោយមានទឹកមុខញញឹមស្រស់ហើយហាក់ដូចជាកំពុងសំដែងសិល្បៈ។រូបអប្សរា
ទាំងអស់ស្លៀកសំពត់ដូចៗគ្នា ហើយជើងពាក់កងទាំងសងខាងតែពុំមានពាក់ស្បែក
ជើងទេ(កងពីរជើងម្ខាង)។រីឯដៃក៏ពាក់កងដៃដែរ។ចំណែកក្បាលពាក់មកុដធំខ្ពស់​
ដោយមានចុងស្រួចបីដែលលំអដោយក្បាច់រចនាដ៏ល្អវិចិត្រ។នៅឯ កមានពាក់
ខ្សែកធំដោយបន្តោងជាច្រើនគ្របលើដើមទ្រូង។ត្រចៀកទាំងសងខាងពាក់ក្រវិលធំ
វែង ទំលាក់សឹងមកដល់ស្មា។ទស្សនិកជនទាំងឡាយកាលបើបានឃើញរូបអប្សរា
ច្រើនពាសពេញជញ្ជាំងដូច្នេះ នឹងចាប់អារម្មណ៍ ហើយទៅឈរជិតដើម្បីគន់មើល
រូបចំលាក់ដែលមានភាពរស់រវើកប្រកបដោយលក្ខណៈទាក់ទាញចិត្តក្រៃលែងបំផុត។
ហេតុដូច្នេះហើយបានជារូបចំលាក់អប្សរាជាច្រើនមានភាពរលោងភ្លឺដោយសារដៃ
ស្ទាបរបស់ទស្សនិកជន។ទេពអប្សរទាំងនេះបានប្រសូត្រចេញមកពីការកូរមហា
សមុទ្រទឹកដោះ។
នៅជាន់ទីពីរ យើងអាចដើរជុំវិញកំពូលប្រាសាទទាំងប្រាំដែលស្ថិតនៅលើជាន់ទីបី
ដើម្បីគន់មើលវិសាលភាពនៃប្រាសាទអង្គរវត្តនិងផ្ទាំងថ្មធំៗដែលរៀបបន្តុកលើគ្នា
ដោយការឆ្លាក់រចនាឲ្យកើតទៅជាប្រាសាទដ៏ធំស្កឹមស្កៃ ហើយល្អប្រណិតឥត
ប្រៀបផ្ទឹមបាន។ពេលយើងឃើញភាពអស្ចារ្យដូច្នេះ យើងមានសេចក្ដីស្ញប់ស្ញែង
ជាពន់ពេកដល់បុព្វបុរសខ្មែរយើងដែលមានទេពកោសល្យខ្ពស់ក្នុងការស្ថាបនា
ប្រាសាទថ្ម។យើងគង់នឹងឆ្ងល់ថាតើបុព្វបុរសខ្មែរយើងធ្វើដូចម្ដេចទៅដើម្បីលើកថ្ម
ធំៗទៅបន្តុកគ្នាពីក្រោមរហូតដល់កំពូលប្រាសាទដ៏ខ្ពស់សន្លឹមដូច្នេះបាន?

ជណ្ដើរឡើងទៅជាន់ទីបីចោតខ្លាំងណាស់ហើយខ្ពស់ជាងគេ ប៉ុន្តែមានកំាជណ្ដើរ
សឹករិចរិលហើយបាក់បែកត្រង់់នេះត្រង់នោះដូចជណ្ដើរឡើងនៅជាន់ដទៃទៀត
ដែរ។រាល់ពេលឡើងជណ្ដើរចោតដូច្នេះ យើងត្រូវប្រយ័ត្នជានិច្ច គឺកុំឡើងលឿន
ពេកហើយត្រូវប្រើដៃទាំងពីរកាន់ឬតោងកាំជណ្ដើរដែលនៅខាងមុខស្ថិតស្មើនឹង
ដើមទ្រូងដើម្បីទប់ខ្លួនកុំឲ្យដួល។ពេលយើងឡើងមកដល់ជាន់ទីបី បើយើងសំលឹង
ចុះមកក្រោម នោះយើងនឹងមានអារម្មណ៍ស្រៀវស្ញើបដោយមកពីយើងស្ថិតត្រង់
កន្លែងចោតហើយខ្ពស់។ប៉ុន្តែបើយើងក្រឡេកមើលទេសភាពនៅខាងក្រៅនោះ
យើងនឹងឃើញព្រៃព្រឹក្សាបៃតងស្រស់ លាតសន្ធឹងវែងឆ្ងាយដាច់កន្ទុយភ្នែកទៅ
គ្រប់ទិសទាំងបួន។ពេលនោះយើងនឹងមានអារម្មណ៍រីករាយរំភើបម្ដងទៀតដោយបាន
មកសណ្ឋិតនៅលើប្រាសាទដ៏ល្អចំលែកអស្ចារ្យបំផុតមួយក្នុងលោក។នៅជាន់ទីបីនេះ
បរិយាកាសហាក់ដូចជាស្រឡះ ហើយស្អប់ស្ងាត់ជានិច្ច សូម្បីសំលេងសត្វស្លាបយំ
ក៏គ្មានផង។ម្យ៉ាងទៀត ចំពោះអាកាសធាតុវិញក៏ត្រជាក់ត្រជុំជានិច្ចដែរ ទោះបី
ក្នុងរដូវក្ដៅក៏ដោយ។បរិយាកាសល្អចំលែកបែបនេះ ញុំាងឲ្យយើងនឹកភ្នកថាប្រាសាទ
អង្គរវត្តប្រៀបដូចជាស្ថានមួយដាច់ដោយឡែកពីស្ថានមនុស្សលោក។

ពេលល្ងាច ថ្ងៃទន់ទាប គងព្រៃព្រឹក្សា ទើបយើងនំាគ្នាដើរចាកចេញពីប្រាសាទអង្គរវត្ត
ដោយសេចក្ដីនឹកអាឡោះអាល័យរួចជាស្រេច ព្រោះមិនដឹងថានឹងមានថ្ងៃណានឹង
បានវិលមកទស្សនាទៀតទេ។ពេលយើងរៀបឡើងរថយន្តធ្វើដំណើរចាកចេញ យើង
ងាកគន់ប្រាសាទអង្គរវត្តជាលើកចុងក្រោយក្រោមផ្ទៃមេឃទៀបងងឹតដែលធ្វើឲ្យ
យើងមានសេចក្ដីយន់់ចិត្តស្រណោះមាតុភូមិខ្មែរយើងដែលធ្លាប់មានប្រវត្តិរុងរឿង។
ចាកចេញប្រាសាទអង្គរវត្ត យើងធ្វើដំណើរតំរង់ឆ្ពោះទៅភ្នំបាខែងដើម្បីឡើងភ្នំទៅ
ទស្សនាប្រាសាទភ្នំបាខែងនិងរង់ចំាគន់់មើលព្រះអាទិត្យនាពេលលិចបាត់ស្រមោល
នៅជើងមេឃក្នុងចំណោមទេសចរយ៉ាងច្រើនគ្រឹកគ្រេង។

ស្អែកឡើងយើង
ទៅទស្សនាប្រាសាទផ្សេងៗទៀតដូចជាប្រាសាទនាគព័ន្ធ
ប្រាសាទព្រះខ័នប្រាសាទបន្ទាយក្ដី៘ដោយត្រួសៗរួច
ទៅងូតទឹកនៅបារាយណ៍ហើយញុំាអាហារថ្ងៃត្រង់។
បន្ទាប់មកទីបញ្ចប់យើងចេញដំណើរទៅទស្សនាប្រាសាទ
បន្ទាយស្រី។


ដោយសេចក្ដីរាប់អានពីខ្ញុំ៖ថេន ម៉ារឌី(Then Mardy)