ការចងចាំរបស់ខ្ញុំ(អាយុ៦ឆ្នាំកន្លះ+)អំពីជីវិតក្នុងសម័យខ្មែរក្រហម១៩៧៥-១៩៧៩ (17)

យូរៗទៅ សាលារៀនក្លាយទៅជាកន្លែងក្មេងៗមកជួបជុំគ្នាដើម្បីអោយគ្រូៗចាត់ចែងនិងដឹកនាំទៅធ្វើកិច្ចការសង្គម ដូចជាជញ្ជូនជីអាចម៍គោឬស្លឹកទន្រ្ទានខេត្តមកធ្វើជីសម្រាប់ដាំបន្លែបង្កាក្នុងភូមិ។ខ្ញុំមិនដឹងថាមានវិស្សមកាលឬគ្មានទេ ប៉ុន្តែគេមិនអោយយើងនៅទំនេរទេ គឺត្រូវតែជួយកិច្ចការសង្គម។មនុស្សពេញវ័យពេញកម្លាំងទៅនៅឯកងចល័ត ធ្វើការមានតែពេលសម្រាប់ញាំនិងដេកតែប៉ុណ្ណោះ ដោយគ្រាន់តែយូរៗគេព្រលែងអោយបានមកលេងស្រុកភូមិម្ដង។ចំណែកចាស់ៗវ័យចំណាស់ ស្រ្តីកូនខ្ចី និងកូនក្មេងអាចនៅភូមិបាន។

ថ្ងៃរសៀលមួយប្រហែលជាក្នុងរដូវក្ដៅឆ្នាំ១៩៧៧ ពេលដែលក្មេងៗកំពុងជញ្ជូនជីដើរតាមផ្វូវថ្នល់ដីក្រហម ស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅក្បែរខាងមុខច្រកចូលរោងសហករណ៍ ជាហេតុធ្វើអោយជាច្រើនភ្ញាក់ផ្អើល ហើយមកជុំជិតកន្លែងកើតហេតុ ព្រោះតែឮសូរអ្វីមួយផ្ទុះផូងដូចផ្លែដូងបែក។យើងមានការតក់ស្លុត ដោយឮថាឡានកាំមីញុងបើកបុកក្មេងស្រីម្នាក់ហើយកិនបែកក្បាលខ្ទេច គឺខ្ទាតលលាដ៍ក្បាលទីណាត់ទីណែង មានឈាមនិងខួរក្បាលនៅលើថ្នល់ត្រង់កន្លែងកិនក្មេងស្រី។ខ្ញុំមកដល់កន្លែងកើតហេតុនោះ មិនបានឃើញក្មេងគ្រោះថ្នាក់នោះទេ ព្រោះគេយកចេញទៅបាត់ហើយ គឺឃើញតែលលាដ៏ក្បាល ខួរក្បាលហើយនិងឈាមរហាចលើផ្លូវថ្នល់។ខ្ញុំឆ្ងល់ថានរណាគេ?លុះបានយូរបន្តិច ក្រោយពីបានឮថាក្មេងស្រីនោះឈ្មោះធឿន ទើបភ្ញាក់រន្ធត់ក្នុងចិត្ត ព្រោះនាងជាអ្នកជិតខាងរបស់ខ្ញុំដែលធ្លាប់ស្គាល់និងលេងជាមួយគ្នា។បងប្អូននិងឪពុកម្ដាយរបស់នាងយំសោកអាណិតនាងធឿនហើយក្នុងទឹកមុខក្រៀមក្រំទាំងអស់គ្នាក៏រៀបចំបូជាសពនាងពេលជិតយប់មកដល់ថ្ងៃនោះនៅវាលស្រែខាងក្រោយផ្ទះចំងាយប្រហែលជា៥០ម៉ែត្រប៉ុណ្ណោះ។ពេលដែលព្រះអាទិត្យលិចទៅហើយ ខ្ញុំមើលទៅក្រោយផ្ទះឃើញភ្លើងឆេះដូចភ្នក់ភ្លើងក៏ដឹងភ្លាមថាភ្លើងកំពុងរំលាយសពរបស់នាងធឿនហើយ។ទោះបីធឿនមិនជាអ្នកជិតខាងចិត្តល្អនឹងយើងក្ដី តែយើងក៏មានចិត្តរន្ធត់អាណិតនាងពេលដែលនាងមានអាយុខ្លីយ៉ាងនេះ។

បងប្រុសរបស់នាងម្នាក់ឈ្មោះនិលក៏មិនជាអ្នកជិតខាងល្អនឹងយើងដែរ។គេប្រហែលជាស្អប់យើងជាអ្នកភ្នំពេញ។រសៀលថ្ងៃមួយ ពេលដែលខ្ញុំកំពុងលេងជាមួយក្មេងៗដទៃទៀតនៅក្រោមដើមឈើមួយ ក៏ស្រាប់តែឃើញនិលដើរមកដល់ចំពោះមុខខ្ញុំហើយបោះក្បាលឆ្មាមួយរមៀលមកខ្ញុំ ខ្ញុំដឹងភ្លាមថាជាឆ្មារបស់ខ្ញុំធ្វើអោយខ្ញុំតក់ស្លុតណាស់ រកអ្វីថ្លែងមិនបាន។រួចហើយ វាក៏មកចាប់យកក្បាលឆ្មារបស់ខ្ញុំនេះទៅចងព្យួរនឹងមែកឈើដោយទឹកមុខខឹងនឹងខ្ញុំ ប៉ុន្តែខ្ញុំមិនដឹងមូលហេតុអ្វីទេបានជាវាហ៊ានសម្លាប់ឆ្មារបស់ខ្ញុំដូច្នេះ?បន្តិចក្រោយមកទើបខ្ញុំបានដឹងថាព្រោះតែឆ្មារបស់ខ្ញុំបានទៅផ្ទះរបស់វា ទំនងជាបានទៅជុះអាចម៍ក្នុងផេះចង្រ្កានផ្ទះវា ទើបបានជាវាខឹងហើយសម្លាប់ឆ្មារបស់ខ្ញុំទៅ។

លុះយូរខែឆ្នាំក្រោយមក ក្រោយដែលជិតបែកអាពត ក៏បានឮថានិលបានចងកសម្លាប់ខ្លួនពីលើកំាជណ្ដើរផ្ទះរបស់ខ្លួនឯង។

បញ្ចេញមតិ