សេចក្ដីសន្និដ្ឋានអំពីក្រុមទស្សនវិទូទុទិដ្ឋិនិយម

សូមបញ្ចប់ត្រឹមហ្នឹងពីក្រុមទស្សនវិទូទុទិដ្ឋិនិយម(les cyniques)ដែលមាន
មេក្រុមឈ្មោះអង់ទីស្តែន។ក្រុមនេះបង្កើតបានជានិកាយមួយ
ដែលមិនមែនជាក្រុមមនុស្សប្រកាន់់កិរិយាបទនិងទំលាប់រស់នៅ
បែបណាមួយឡើយ។
ពួកគេគិតថាគួរបំបាត់រូបវិទ្យានិង តក្កវិទ្យាហើយប្រកាន់យកតែសីលធម៌
បានហើយ។ លោក Ariston de Chiosក៏យល់ព្រមចឹងដែរ។
DioclèsថាDiogèneហើយអ្នកផ្សេងទៀតថាសូក្រាតជាអ្នកនិយាយ
ថា៖ ត្រូវតែស្វែងរកអ្វីដែលល្អ និងអាក្រក់ក្នុងគេហដ្ឋាននិមួយៗ។
ពួកគេមិនទទួលយកសិល្បៈសេរីឡើយ។
អង់ទីស្តែនបានទាំងនិយាយថា មនុស្សដែលមានសុភវិនិច្ឆ័យ មិនត្រូវ
រៀនអាន និងសរសេរទេ ដើម្បីកុំអោយមនុស្សដទៃជះឥទ្ធិពលអាក្រក់មកលើ។
ឯ ឌីយ៉ូហ្សែន បាននិយាយទៅកាន់អ្នកដែលបង្ហាញនាឡិកាមកលោកថា៖
នេះជាការច្នៃប្រឌិតដ៏ល្អមួយសំរាប់រំលឹកម៉ោងទទួលទានបាយ។ដូចគ្នានេះទៀត
លោកបាននិយាយទៅកាន់អ្នកដែលចង់បង្រៀនលោកលេងភ្លេងថា៖
គឺដោយគំនិតវាងវៃទេដែលមនុស្សរៀបចំចាត់ចែងជីវិតនិងផ្ទះរបស់គេ,
មិនមែនដោយសារខ្យល់តន្ត្រីពិន និងសំលេងស្រែកចេចចាចនោះឡើយ។
ពួកគេយល់ឃើញដូចពួកក្រុមអ្នកអំណត់និយមដែរថា សេចក្ដីល្អកំពូល
គឺ គុណធម៌ដែលអង់ទីស្តែនបានមានវាចារមកហើយក្នុង សៀវភៅ
Herculeរបស់លោក។មានទំនាក់ទំនងប្រហែលគ្នាណាស់រវាងនិកាយ
ទាំងពីរហើយគេបានទាំងនិយាយថាទុទិដ្ឋិនិយមគឺជាមាគ៌ាយ៉ាងខ្លីបំផុតមួយ
ដើម្បីឆ្លងទៅដល់គុណធម៌ ហើយថាZénonមកពី Citiumបានរស់នៅ
ដូចពួកគេ។អ្វីដែលពួកគេលើកដំកើង គឺជីវិតសាមញ្ញ ហើយសំចៃ
ដោយចូលចិត្តទទួលទានអាហារដែលសមល្មមអោយរស់បាន និងខោអាវចាស់ៗ។ពួកគេមិនរវល់នឹងមាសប្រាក់,ភាពហ៊ឺហា និង
ភាពសំបូរសប្បាយសោះឡើយ។មានអ្នកខ្លះទទួលទានតែស្លឹកឈើ
ហើយផឹកទឹកសាបជាភេសជ្ជៈតែប៉ុណ្ណោះ។ពួកគេដាក់ដំណេកត្រង់
ណាដែលគេធ្វើទៅកើតជួនកាលក្នុងធុងស្រា ដូចឌីយ៉ូហ្សែនចឹង ដែលបានប្រកាសប្រាប់ថា៖លក្ខណៈរបស់ព្រះអាទិទេពគឺមិនត្រូវការអ្វីឡើយ,
ហើយអ្នកដែលដូចព្រះអាទិទេពគឺសឹងតែគ្មានត្រូវការអ្វីបន្តិចឡើយ។ពួកគេគិតថា
មនុស្សមានប្រាជ្ញាស្រលាញ់អ្នកដទៃគ្រប់គ្នា,មិនចេះធ្លាក់ក្នុងអបាយមុខ,ស្រលាញ់អ្នកដទៃដូចបងនិងប្អូនហើយមិនរស់នៅក្រោមឥទ្ធិពលនៃទ្រព្យសម្បត្តិឡើយ។

បញ្ចេញមតិ